លោក ហ៊ុន សែន គាំទ្រ​កិច្ច​សហប្រតិបត្តិ​ការ រវាង​​កងទ័ព​កម្ពុជា និងជប៉ុន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យ​ការពារ​ជប៉ុន លោក យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) ដើម្បី​ពង្រឹង​វិស័យ​ការពារ​សណ្ដាប់ធ្នាប់ និង​សន្តិភាព និង​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជំនួប​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែមេសា​នេះ នៅ​រាជធានី​ភ្នំពេញ​ក្នុង​វិមាន​សន្តិភាព។

លោក ហ៊ុន សែន បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក យ៉ាម៉ាសាគិ កូជិ មក​កម្ពុជា​លើក​នេះ ដើម្បី​ធ្វើ​ឲ្យ​រឹងមាំ​នូវ​កិច្ច​សហប្រតិបត្តិ​ការ រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ជប៉ុន ក្នុង​ការ​ថែរក្សា​មិន​ឲ្យ​មាន​អំពើ​ភេរវកម្ម ឧក្រិដ្ឋ​កម្ម​កើតឡើង​នៅ​ក្នុង​ប្រទេស និង​ប្រុងប្រៀប​ឲ្យ​មាន​ការ​សង្គ្រោះ​បន្ទាន់​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​ជា​យថាហេតុ។

លោក ហ៊ុន សែន ក៏​បាន​គាំទ្រ​ឲ្យ​កងទ័ព​ប្រទេស​ទាំង​ពីរ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​កម្មវិធី​ដែល​មាន​ស្រាប់ យក​ចិត្ត​ទុកដាក់​ជា​ពិសេស​លើ​ការ​ហ្វឹកហ្វឺន​រួម​គ្នា​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ពី​គ្រោះ​មហន្តរាយ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម។

នៅ​មុន​ជំនួប​ជាមួយ​លោក ហ៊ុន សែន នេះ អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យ​ការពារ​ជប៉ុន​ក៏បាន​ជួប​ប្ដូរ​បទ​ពិសោធ​ការងារ​ជាមួយ មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន និង​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​លោក​ ហ៊ុន ម៉ាណែត ផង​ដែរ ដោយ​ផ្ដោត​លើ​ការ​រួបរួម​គ្នា​ឲ្យ​បាន​យូរ​អង្វែង​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​ជាមួយ​គ្នា ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​មនុស្សធម៌ និង​គ្រោះ​វិបត្តិ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។