លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងដឹកនាំគណៈប្រតិភូទៅជួបពិភាក្សាការងារជាមួយលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក្នុងពេលបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអាស៊ាន-រុស្ស៊ី។
ជំនួបនេះ គ្រោងនឹងធ្វើឡើងនៅទីក្រុងមូស្គូ និងសូឈី សហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះកាលពីថ្ងៃទី១១ ខែឧសភា ឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងគ្រោងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ឌីមីទ្រី មេដវេដេវ (Dmitry Medvedey)។ ទន្ទឹមនឹងគ្នានោះ មានឯកសារសំខាន់ៗមួយចំនួននឹងត្រូវចុះហត្ថលេខា ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងកម្ពុជា-រុស្ស៊ី។
នៅក្រោយកិច្ចប្រជុំកំពូលនេះ លោក ហ៊ុន សែន ក៏នឹងជួបទ្វេភាគីជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ ក៏ប៉ុន្តែលិខិតនេះមិនបានបញ្ជាក់ពីគោលបំណងនៃជំនួបនេះ ថានឹងជជែកពីបញ្ហាអ្វីពិតប្រាកដនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
