អ្នកប្រឆាំង​ថា​ សម្ដី​របស់​លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​លើ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​បក្ស​ប្រឆាំងថា ​សារ​ដាស់តឿន​របស់​លោក ហ៊ុន សែន គឺជា​រឿង​ល្អ តែ​គ្មាន​ឥទ្ធិពល​ទៅលើ​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ឡើយ​។ ការ​លើកឡើង​របស់​ពួកគាត់​បែប​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ដល់​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) ឱ្យ​បញ្ឈប់​ការ​កាត់ទោស​ប្រហារជីវិត​ដល់​អ្នក​នយោបាយ​ប្រឆាំង​ជាបន្ទាន់​។ លោក ហ៊ុន សែន ថាបើ​លោក មីន អ៊ុងលាំង នៅតែ​បន្ត​ផែនការ​ប្រហារជីវិត​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​រីក​រាលដាល​ពេញ​សហគមន៍​អន្តរជាតិ។ មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្សប្រឆាំង លើកឡើង​ថា ក្នុងនាម​កម្ពុជា​ជា​ប្រធាន​ប្តូរ​អាស៊ាន គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​ក្នុង​តំបន់​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ប៉ុន្តែ​កម្ពុជា ក៏​ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​នេះ​ជា​គំរូ​ផង​ដែរ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា លើកឡើង​ថា ក្នុងនាម​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន មេដឹកនាំ​កម្ពុជា​មិនទាន់​ធ្វើជា​គំរូ​ល្អ ក្នុង​ភាព​អ្នកដឹកនាំ​ប្រទេស​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​មាន​ស្មារតី​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​បន្ត​ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​កម្ពុជា ក្នុង​ការ​ជំរុញឱ្យ​របប​សឹក​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា លោក មីន អ៊ុងលាំង បញ្ឈប់​ការ​កាត់ទោស​ប្រហារជីវិត​ដល់​អ្នកនយោបាយ​ប្រឆាំង​នេះ នឹង​មិន​អាច​ជះឥទ្ធិពល​ឱ្យ​មាន​ការ​កែប្រែ​ស្ថានការណ៍​នៅ​ភូមា​មាន​ការ​វិវត្តន៍​ជា​ដុំកំភួន​នោះ​ទេ។

បន្ថែម​ពី​នេះ លោក ថាច់ សេដ្ឋា លើកឡើង​ថា ទោះ​កម្ពុជា​មិន​ស្ថិត​ក្នុង​របប​សឹក​បង្ហូរ​ឈាម ប៉ុន្តែ​កម្ពុជា​កំពុង​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​មាន​ការ​ចាប់ខ្លួន​មនុស្ស ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់អំណាច​ដាក់​ពន្ធនាគារ​តាម​ទំនើងចិត្ត​។ លោក​មើល​ឃើញ​ថា ស្ថានភាព​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ដែរ៖ «ភូមា​ក្រុមប្រឆាំង ត្រង់​ប្រហារជីវិត​ជា​រឿង​មួយ ប៉ុន្តែ​នៅតែ​មាន​ការ​ចាប់​ចង​ដដែល ដូច​ចាត់ទុកថា​ប្រឆាំង​ខ្លួន​ក្នុង​របប​សឹក​នេះ​។ យើង​មិនមែន​ជា​របប​សឹក​ទេ ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ ប៉ុន្តែ យើង​ក៏​មាន​អ្នក​ជាប់ទោស​ច្រើន​ដែរ ដោយសារតែ ការ​បញ្ចេញមតិ​ដូចជា ការ​បង្ហោះ​ហ្វេសប៊ុក (Facebook) អីហ្នឹង​ជាដើម​។ ដូច្នេះ ដើម្បី​ឱ្យ​គេ​ស្ដាប់ ឱ្យ​គេ​ធ្វើតាម​យើង ជា​គំរូ​កម្ពុជា​ត្រូវតែ​ដើរ​តួនាទី​ហ្នឹង​មុនគេ​។ ដោះលែង អ្នក​នយោបាយ​ទាំងអស់ អ្នក​ទោស​មនសិការ ទាំង​សង្គម​ស៊ីវិល ទាំងអស់​ខ្ញុំ​ថា ជា​ការ​បង្ហាញ​ឥរិយាបថ​ដ៏​ល្អ​មួយ សម្រាប់​ជា​គំរូ​ដល់​គេ»។

លិខិត​ចុះ​កាល​ពី​ថ្ងៃទី១០ ខែ​មិថុនា ផ្ញើ​ជូន​លោក មីន អ៊ុងលាំង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន និង​ជា​សមាជិក​អាស៊ាន​ទាំងអស់ ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការ​កាត់ទោស​ប្រហារជីវិត ដល់​ក្រុម​សកម្មជន និង​អ្នកនយោបាយ​ប្រឆាំង​នៅ​ភូមា​។ លោក ហ៊ុន សែន ព្រមាន​ថា ការ​អនុវត្តន៍​ទោស​ប្រហារជីវិត​នេះ នឹង​នាំ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ពី​សហគមន៍​អន្តរជាតិ និង​ជា​ការ​បំផ្លិចបំផ្លាញ​ដល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ដើម្បី​នាំមក​សុខ​សន្តិភាព​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា ឬ​ភូមា តាមរយៈ​កិច្ចព្រមព្រៀង​លើ​គោលការណ៍​រួម​៥​ចំណុច របស់​សមាគម​អាស៊ាន។ លោក ហ៊ុន សែន រំពឹង​ថា មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង នឹង​ពិចារណា​ឡើងវិញ​អំពី​ផែនការ​កាត់ទោស​ប្រហារជីវិត​ដល់​ក្រុម​អ្នក​ប្រឆាំង។

អ្នកនាំពាក្យ​របស់​របប​សឹក​ភូមា លោក ហ្សរ មិន ទុន (Zaw Min Tun) កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យដឹង​ថា អ្នកនយោបាយ​៤​នាក់ ដែល​នឹង​ត្រូវ​ប្រហារជីវិត ដោយ​ការ​ព្យួរ​ក​នេះ រួមមាន អតីត​សមាជិកសភា​មក​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់​លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) អតីត​មេ​ចលនា​និស្សិត សកម្មជន​ដើម្បី​លទ្ធិ ប្រជាធិបតេយ្យ និង​អតីត​អ្នកចម្រៀង Hip Hop។

អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ កិច្ចព្រមព្រៀង​រួមគ្នា​៥​ចំណុច​របស់​អាស៊ាន​រួម​ទាំង​កិច្ច​ខិតខំ​របស់​មេដឹកនាំ​កម្ពុជា​ផង ដើម្បី​ជួយ​ឱ្យ​ប្រទេស​ភូមា ឬ​មី​យ៉ាន់​ម៉ា (Myanmar) វិលត្រឡប់​ទៅ​រក​ប្រជាធិបតេយ្យ​និង​ប្រក្រតីភាព​វិញ​នោះ មិនទាន់​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។ ក្រុម​អ្នកឃ្លាំមើល​ថា មេដឹកនាំ​រដ្ឋប្រហារ លោក មីន អ៊ុង​លាំង មិនបាន​អនុវត្ត​តាម​គោលការណ៍​របស់​សហ​ជិក​អាស៊ាន​ទាំង​៥​ចំណុច​នេះ​ឡើយ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត សាទរ​ចំពោះ​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ការ​ជំរុញឱ្យ​មេដឹកនាំ​មីយ៉ាន់ម៉ា កែប្រែ​ស្ថានការ​ផ្តន្ទាទោស​ប្រហារជីវិត​ដល់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​នេះ​។ ទោះ​យ៉ាងណា លោក​មើល​ឃើញ​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​កាន់តែ​ធ្ងន់ធ្ងរ​អំពី​ការ​ធ្វើ​គំរាមកំហែង​លើ​ពលរដ្ឋ​ភូមា​ដែល​មាន​និន្នាការ​ប្រឆាំង​។ បន្ថែម​នេះ លោក អំ សំអាត យល់​ថា កម្ពុជា​ខ្លួនឯង ក៏​គួរតែ​មាន​ការផ្សះផ្សា​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស ដោះលែង​អ្នកទោស​មនសិការ សកម្មជន​សង្គម និង​មានការ​កែប្រែ​ស្ថាន​ការ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន៖ «​អ៊ីចឹង​បើសិនជា​កម្ពុជា​យើង អ្នកនយោបាយ​ទាំងអស់ វិល​ទៅ​រក​វប្បធម៌​សន្ទនា ដើម្បី​ធ្វើការ​ចរចា បញ្ចប់​នូវ​វិបត្តិ​។ ហ្នឹង ក៏​វា​គំរូ​ល្អ​បន្ថែម​ទៀត បង្ហាញ​ទៅ​ប្រទេស​ភូមា អាច​នឹង​ងាក​មក​ការចរចា ការបញ្ឈប់​សង្គ្រាម»។

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អស់​រយៈពេល ១​ឆ្នាំ​មកនេះ ក្រុម​យោធា​ភូមា​បាន​បើក​សង្គ្រាម​ពេញទំហឹង​ប្រឆាំង​នឹង​ពលរដ្ឋ​ភូមា​ដែល​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​ខុសច្បាប់​របស់​ខ្លួន​។ ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​បាន​ហៅ​ទង្វើ​របស់​ក្រុម​យោធា​ភូមា​នេះ​ថា​ជា «​អំពើ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​កំពុង​រីក​រាលដាល​» ដែល​អាច​ចាត់ទុកថា​ជា «​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។