លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ថា លោក​មិន​ញញើត​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ដែល​ចង់​បំផ្លាញ​សន្តិភាព

0:00 / 0:00

លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ថា​លោក​មិន​ញញើត​ក្នុង​ការ​កម្ទេច​ក្រុម​គណបក្សប្រឆាំង​រាប់​រយ​នាក់​ដែល​លោក​អះអាង​ថា ពួកគេ​ចង់​បំផ្លាញ​សន្តិភាព​ទេ។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​យល់ថា សម្ដី​លោក ហ៊ុន សែន ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដែល​លោក​គំរាម​មេដឹកនាំ​នៅក្នុង​ជួរ​គណបក្ស​កាន់អំណាច​ដែល​ចង់​រារាំង​ដល់​ការ​ផ្ទេរអំណាច​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក។

លោក ហ៊ុន សែន ព្រមាន​សកម្មជន​បក្ស​ប្រឆាំង​ដែល​ទើប​ចេញ​ក្រៅ​ឃុំ ឬ​ទទួល​បាន​ការ​ដោះលែង​ទោស រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ថា ពួកគេ​នឹង​ប្រឈម​ការ​ចោទប្រកាន់ និង​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របស់​លោក​វិញ បើសិន​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការ​បញ្ជា​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​តទៅ​ទៀត​។ លោក ហ៊ុន សែន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ដោយ​ចោទប្រកាន់​ក្រុម​គណបក្សប្រឆាំង​ថា ជា​អ្នក​ចង់​បង្កើត​សង្គ្រាម​ដោយ​ដាក់​ផែនការ​ចាប់ខ្លួន​លោក​ជាដើម។ លោក ហ៊ុន សែន ដែល​គេ​ដឹង​ថា ជា​មនុស្ស​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ក៏​គំរាម​ទុកជាមុន​ថា​លោក​មិន​ខ្លាច​បាត់បង់​ក្រុមប្រឆាំង ១០០​នាក់ ទៅ​២០០​នាក់ ដោយ​លោក​អះអាង​ថា ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ពលរដ្ឋ​រាប់​លាន​នាក់​នោះ​ទេ។

លោក ហ៊ុន សែន៖ «រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ការពារ​ប្រជាជន​១៧​លាន​នាក់ រឿង​អ្វី​យើង​មិន​ខ្លាច​ធ្វើ​មនុស្ស ១០០​នាក់​ទៅ​២០០​នាក់ ខ្ញុំ​អត់​ខ្លាច​ទេ ពូ​បាន​ប្រកាស​ទុកជាមុន​ហើយ​ថា មិន​ខ្លាច​លះបង់​ជាមួយ​មនុស្ស ១០០​នាក់ ទៅ ២០០​នាក់ ដើម្បី​ការពារ​ប្រជាជន ការ​អ្វី​ដែល​នៅ​ក្នុង​ដៃ​កុំឱ្យ​វា​ត្រឡប់​ទៅ​វិញ»។

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ ថ្លែង​ថា រយៈពេល​ជិត​៤០​ឆ្នាំ​ដែល​លោក ហ៊ុន សែន អាច​ក្តោប​ក្តាប់​អំណាច​បាន ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ រំលោភ​រដ្ឋធម្មនុញ្ញ ជាពិសេស​ប្រើ​អំណាច​ផ្ដាច់ការ គំរាមកំហែង​បាញ់សម្លាប់​ពូជសាសន៍​ខ្លួនឯង​។ លោក​ថា ប្រសិនបើ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​ត្រឹមត្រូវ​មែន​នោះ ចំពោះ​លោក ហ៊ុន សែន នឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​ហើយ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «តាម​មើល​ប្រហែលជា​គាត់​(​ហ៊ុន សែន​)ខឹង​បញ្ហា​ផ្ទៃក្នុង​របស់​គាត់​មើលទៅ គាត់​ធ្វើ​អ្វី​មិន​សម្រេច​តាម​គោល​បំណង​បាន​ជា​គាត់​ខឹង​ដាក់​តែ​គណបក្សប្រឆាំង គាត់​និយាយ​ទោសៈ​រាល់ពេល​រាល់វេលា​អ៊ីចឹង​មានន័យថា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​គាត់​ដែល​ធ្វើ​ប្រជាមតិ​ទៅ​ប្រជា​ពលរដ្ឋ មន្ត្រីរាជការ​អត់​និយាយ​អ្វី​ទាំងអស់​ប៉ុន្តែ​ទុក​ក្នុង​បេះដូង​ដល់ពេល​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន ឬ​គូស​សន្លឹកឆ្នោត​ចោល​គឺ​បោះឆ្នោត​ឱ្យ​អ្នក​ប្រជាធិបតេយ្យ»។

ពាក់ព័ន្ធ​នឹង​នេះ​ដែរ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា សារ​តាម​គំរាមកំហែង ឬ​កម្ទេច​លើ​ក្រុម​គណបក្ស​ប្រឆាំង​របស់​លោក ហ៊ុន សែន មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ស្របពេល​លោក ហ៊ុន សែន កំពុង​អនុវត្ត​ផែនការ​នេះ​ស្រាប់។ លោក​យល់​ថា មូលហេតុ​សំខាន់​បច្ចុប្បន្ន ដែល​លោក​គំរាម​សម្លាប់​មនុស្ស​នោះ គឺ​បញ្ហា​ទំនាស់​កើតឡើង​រវាង​អ្នកមាន​ឥទ្ធិពល​នៅ​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច​ដែល​ជា​ឧបសគ្គ​រារាំង​ដល់​ផែនការ​ផ្ទេរអំណាច​ត​ពូជ​របស់​លោក។

លោក គឹម សុខ៖ «ការ​រាំង​ស្ទះ​នៅក្នុង​គណបក្ស​ប្រជាជន​គឺ​យើង​ដឹង​ហើយ​ថា មានការ​តវ៉ា​គ្នា​ខ្លាំង​ពី​ក្រុម​នយោបាយ​ដែល​មាន​ឥទ្ធិពល និង​មានការ​លូកដៃ​ពី​កងទ័ព​ផង ដូច្នេះ​លោក ហ៊ុន សែន មានតែ​យក​គណបក្ស​ប្រឆាំង អ្នក​ប្រជាធិបតេយ្យ​ធ្វើជា​ទិសដៅ​នៃ​ការប្រើ​សារ​នយោបាយ​កម្ទេច​។ ខ្ញុំ​មើល​ឃើញ​ថា បំណង​សំខាន់​របស់​គាត់​នៅ​ពេល​នេះ គឺ​គាត់​ចង់​កម្ទេច និង​បំផ្លាញ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ខ្លួនឯង​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ផ្ទេរអំណាច»។

នេះ​មិនមែន​ជា​លើក​ទី​១ ដែល​លោក ហ៊ុន សែន គំរាម​សម្លាប់​អ្នក​ប្រឆាំង​នឹង​លោក​។ កាលពី​ឆ្នាំ​២០១៧ លោក ហ៊ុន សែន ថ្លែង​ថា ក្នុងករណី​ចាំបាច់​លោក​នឹង​បាញ់សម្លាប់​ក្រុម​បក្ស​ប្រឆាំង ២០០ ទៅ ៣០០​នាក់ លុះ​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន ថា លោក​ស្ដាយ​ដែល​មិន​បាន​សម្លាប់​ពលរដ្ឋ​តវ៉ា​លទ្ធផល​ការបោះឆ្នោត​ឆ្នាំ​២០១៣។ លោក ហ៊ុន សែន កាល​ពី​ខែ​ឧសភា ក៏​គំរាម​ប្រើប្រាស់ គ្រាប់​BM21​បាញ់​សម្លាប់ មេ​បក្ស​ប្រឆាំង និង​អ្នកគាំទ្រ​ផ្សេងទៀត រួម​ទាំង​អ្នកវិភាគ បណ្ឌិត សេង សារី ផង បើ​អ្នក​ទាំងនោះ​ហ៊ាន​ធ្វើដំណើរ​ជាមួយ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ។

ច្បាប់​ចែងថា ការ​គំរាម​សម្លាប់​គឺជា​បទឧក្រិដ្ឋ​ដែល​ត្រូវ​មាន​ទោស​។ មាត្រា ៣២ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា ជន​គ្រប់រូប មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សិទ្ធិ​សេរីភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន​។ ចំណែក​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា ការ​គំរាមកំហែង​ថា នឹង​សម្លាប់ បើ​ការ​គំរាមកំហែង​នេះ​ធ្វើឡើង​ម្ដង​ហើយ​ម្ដងទៀត ទោះបី​សម្ដែង​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វីមួយ​ក្តី ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​ទៅ ៤​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។