លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងឪពុក និងប្អូនថ្លៃស្រីរបស់លោក ស៊ន តារា ចេញពីក្របខណ្ឌការងាររដ្ឋ បើអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គម និងជាអ្នកគាំទ្រគណបក្សប្រឆាំង រូបនេះបន្តរិះគន់លោកតទៅទៀត។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការព្រមានរបស់លោក ហ៊ុន សែន ជាការរំលោភច្បាប់ និងសិទ្ធិមនុស្ស។
ត្រឹមរយៈពេលពីរខែប៉ុណ្ណោះ លោកនាករដ្ឋមន្ត្រី ហ៊ុន សែន បានក្បត់សម្ដីរបស់ខ្លួន។ កាលពីខែកុម្ភៈ មេដឹកនាំរូបនេះអះអាងថា បើទោះជាលោក ស៊ន តារា ជាសកម្មជនគណបក្សសង្គ្រោះជាតិក្ដី តែលោកមិនដកតំណែងឪពុក និងសាច់ញាតិរបស់លោក ស៊ន តារា ទេ។ ដោយឡែកនៅពេលនេះលោក ហ៊ុន សែន ក្រឡាស់សំដីរបស់ខ្លួនហើយ ដោយព្រមានដកតំណែងឪពុក និងប្អូនថ្លៃស្រីលោក ស៊ន តារា ចេញពីការងាររដ្ឋ។
លោក ហ៊ុន សែន ចោទប្រកាន់ថា លោក ស៊ន តារា ជាក្មេងពាល ហ៊ានដាក់លក្ខខណ្ឌចរចាជាមួយលោក និងរិះគន់លោក រឿងកម្ពុជាមិនយកលុយគណៈប្រតិភូកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទៃនៃការប្រកួតនាពេលខាងមុខនេះ។ លោក ហ៊ុន សែន ព្រមានទៀតថា នឹងយកឪពុកម្ដាយ និងសាច់ញាតិរបស់លោក ស៊ន តារា មកប្រដៅចេញម្ដង។
លោក ហ៊ុន សែន៖«អ្ហែងចង់សាក់មើល! ឪម៉ែអ្ហែងមិនប្រដៅទេ។ ថ្ងៃក្រោយអញដកឪម៉ែអ្ហែងចេញ បងប្អូនអ្ហែងចេញពីការងារទាំងអស់ កុំឱ្យអ្ហែងឈ្លើយពេកមើល។ វាឈ្លើយហួស អាមួយហ្នឹង។ ពេលណាមួយ អញហៅឪម៉ែមកប្រដៅ អញហៅប្អូនថ្លៃអ្ហែងពាក់ស័ក្ដិបួនទៀត ឪអ្ហែងពាក់ស័ក្ដិកន្លះ អ្ហែងកុំភ្លេច! អញដកគ្រវាត់ចោលទាំងអស់ ហើយតាំងស្រែក កុំយកឪម៉ែខ្ញុំ បងប្អូនខ្ញុំមកធ្វើចំណាប់ខ្មាំង»។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សគរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា។
នៅពេលមានសារព្រមាន របស់លោក ហ៊ុន សែន ដូច្នេះ ក៏បានបង្ហោះវីដេអូម្ដាយ និងប្អូនប្រុសរបស់លោក ស៊ន តារា តាមតេឡេក្រាមរបស់លោក ហ៊ុន សែន ដែរថា ដោយអ្នកទាំងពីរ បាននិយាយថា ពួកគាត់សោកស្ដាយព្រោះលោក ស៊ន តារា មិនព្រមមកបម្រើគណបក្សប្រជាជនកម្ពុជា។
ប្អូនរបស់លោក ស៊ន តារា គឺលោក ស៊ន សារ៉ាត មានមុខរបរជាអ្នកសារព័ត៌មាន (ខេមបូចា) លើកឡើងតាមរយៈវីដេអូនោះថា លោកបានផ្ដាច់ទំនាក់ទំនងជាមួយបងប្រុសរបស់លោកយូរណាស់មកហើយ។ លោកអះអាងទៀតថា លោកនឹងព្យាយាមអូសទាញបងប្រុសរបស់លោកឱ្យផ្ដាច់ខ្លួនចេញពីបក្សប្រឆាំង ហើយវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក ស៊ន សារ៉ាត៖«ព្យាយាមនឹងពន្យល់ណែនាំបងប្រុសរបស់ខ្ញុំលោក ស៊ន តារា ឱ្យបញ្ឈប់សកម្មភាពវាយប្រហារជេរប្រមាថព្រះមហាក្សត្ររដ្ឋាភិបាល សម្ដេចព្រមទាំងក្រុមគ្រួសារឱ្យគាត់ចាកចេញក្រុមឧទ្ទាមក្បត់ជាតិមករួមរស់ជាមួយក្រុមគ្រួសារនិងប្រទេសជាតិវិញ»។
លោក ស៊ន តារា ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កំពុងរស់នៅប្រទេសបារាំង។ សព្វថ្ងៃលោកជាអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមហ្វេសប៊ុក និយាយពីបញ្ហានយោបាយ និងរិះគន់ការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន នៅពេលលោកផ្សាយផ្ទាល់ម្ដងៗ មានគាំទ្រចាប់ពីរបីពាន់នាក់ ទៅប្រាំពាន់នាក់តាមដាន។ លោកមានសាច់ញាតិពីរនាក់កំពុងបម្រើការងាររដ្ឋក្នុងជួរកងម្លាំង។ ឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធាពាក់ស័ក្កិបួនកន្លះ នៅក្រសួងការពារជាតិ ចំណែកប្អូនថ្លៃស្រី របស់លោក គឺអ្នកស្រី ព្រំ សុគន្ធារី ជាប្រពន្ធ របស់ លោក ស៊ន សារ៉ាត ជាមន្ត្រីនៅក្រសួងមហាផ្ទៃ ពាក់ស័ក្កិបួន។
នេះមិនមែនជាលើកទី១ ទេ នៅពេលលោក ហ៊ុន សែន ខឹងច្រឡោតនឹងការបញ្ចេញទស្សនៈរបស់លោក ស៊ន តារា គឺមានការរៀបចំឱ្យឪពុកម្ដាយ របស់លោក ស៊ន ចេញវីដេអូ មកបន្ទោសកូននិងសុំទោសលោក ហ៊ុន សែន។
កាលពី ថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន វាយប្រហារលោក ស៊ន តារា ថា ជាកូនមិនស្ដាប់ឪពុកម្ដាយ ព្រោះលោក ស៊ន តារា មិនព្រមបែរមកគាំទ្រគណបក្សប្រជាជនកម្ពុជា តាមការចង់បានរបស់ឪពុករបស់ខ្លួន។ នៅពេលនោះលោក ហ៊ុន សែន ក៏បានរៀបចំឱ្យឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ផ្ដល់បទសម្ភាសដល់ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន គឺហ្វ្រែសញូថា កូនរបស់លោកបានតាំងខ្លួនជាអ្នកចេះជាងឪពុក ហើយលោកថា លោកអប់រំលោក ស៊ន តារា លែងបានហើយ។
ឆ្លើយតបការព្រមានជាថ្មីរបស់លោក ហ៊ុន សែន នៅពេលនេះ លោក ស៊ន តារា សរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៥ ខែមេសាថា យោងតាមច្បាប់កម្ពុជា ច្បាប់សកលលោក និងច្បាប់ធម្មជាតិ នរណាប្រព្រឹត្តិអ្នកនោះទទួល។ លោកស្នើទៅលោក ហ៊ុន សែន គួរមានសីលធម៌ សេចក្តីថ្លៃថ្នូរជាចាស់ទុំគំរូ។ លោក ស៊ន តារា ក៏ប្រកាសកាត់កាលក្រុមគ្រួសាររបស់លោកចាប់ពីពេលនេះតទៅ។ លោកលើកឡើងទៀតថា គ្មាននរណាម្នាក់អាចបង្ខំលោកបានឡើយ ហើយលោកក៏មិនអាចទៅបម្រើមនុស្សអគុណធម៌ដូចលោក ហ៊ុន សែន ដែរ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា នេះជាជម្រើសរបស់លោក ហ៊ុន សែន ក្នុងទប់ស្កាត់លោក ស៊ន តារា កុំឱ្យរិះគន់លើរូបលោកខ្លាំងពេក។ បន្តទៀតថា សារព្រមានរបស់លោក ហ៊ុន សែន ពេលនេះជាទង្វើខឹងគោវាយរទេះ។ ទោះយ៉ាងណាមន្ត្រីសិទ្ធិមនុស្ស រូបនេះ យល់ថា លោក ហ៊ុន សែន គួរមានការអត់ធ្មត់ខ្លាំងនេះ ដើម្បីកុំឱ្យទង្វើរបស់លោក ហ៊ុន សែន ក្លាយជាការរំលោភសិទ្ធិមនុស្ស រំលោភច្បាប់។
លោក រស់ សុដ្ឋា៖«ចង់និយាយថា អ្នកណាដែលយើងមានបញ្ជាជាមួយអ្នកណាគឺយើងប្រឈមមុខជាមួយបុគ្គលនោះទេ យោបល់ខ្ញុំមិនគួរណាយើងទៅលូកលាន់ដល់ជីវិតអ្នកដទៃដែលគេកំពុងតួនាទីរបស់គេដោយគ្មានកំហុសឆ្គងហើយមួយទៀតក៏យើងគ្មានភស្តុតាងណាបញ្ជាក់ថា លោក ស៊ន តារា ហ្នឹងឪពុកម្ដាយហ្នឹងត្រូវរ៉ូវគ្នាក្នុងការវាយប្រហារសម្ដេចនាយកអីក៏អត់មានអីចេញមកអ៊ីចឹងដែរណា»។
លោក រស់ សុដ្ឋា លើកឡើងទៀតថា ក្នុងនាមលោកហ៊ុន សែន ជាដឹកនាំប្រទេស និងជាមេដឹកនាំនយោបាយផងនោះ មិនគួរខ្លាចមតិរិះគន់ឡើយ។ ចំណែក ច្បាប់ស្ដីពីលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលគ្មានមាត្រាណាមួយចែងដាក់ទោសទណ្ឌ ឬបញ្ឈប់មុខដំណែងមន្ត្រីរាជការ ដោយសារមានសាច់ញាតិជាមន្ត្រីបក្សប្រឆាំង ឬជាអ្នករិះគន់រដ្ឋាភិបាលនោះឡើយ។
រីឯរដ្ឋធម្មនុញ្ញមាត្រា៣១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
