សុខភាពលោក ហ៊ុន សែន ចាប់ផ្ដើមទ្រុឌទ្រោមខណៈលោកថាអាចកាន់អំណាច៣០ឆ្នាំទៀត
2017.12.04

សុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមទ្រុឌទ្រោម ស្របពេលដែលលោកអះអាង ថា លោកអាចកាន់អំណាចបានរហូតដល់ ៣០ឆ្នាំទៀត។ សញ្ញាណថ្មីមួយ នៃភាពប្រែប្រួលសុខភាពនេះ បង្ហាញឲ្យឃើញនៅក្នុងជំនួប ជាមួយនាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេស ដែលលោក ហ៊ុន សែន ទន់ជើងស្ទើរទប់ជំហរលែងនឹង ក្នុងចំណោមសាធារណជនជាច្រើន។ ប៉ុន្តែ មន្ត្រីគណបក្សកាន់អំណាច អះអាងថា សុខភាពលោក ហ៊ុន សែន ទ្រុឌទ្រោមតាមវ័យចាស់ជាធម្មតា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរទន់ជើងប៊ិះដួល ក្នុងពេលលោកទទួលបដិសណ្ឋារកិច្ចនាយកមន្ត្រីបង់ក្លាដេស នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃ៤ ខែធ្នូ។ នេះជាករណីទីមួយហើយ ដែលលោក ហ៊ុន សែន ដើររអិលជើង លើកម្រាលព្រំពណ៌ក្រហម ដែលស្ទើរតែធ្វើឲ្យលោកដួលក្នុងពេលដើរចេញទៅជួបគណៈប្រតិភូអន្តរជាតិនោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា លោក ហ៊ុន សែន គ្មានបញ្ហាទាក់ទងនឹងបញ្ហាសុខភាពនោះទេ។ ប៉ុន្តែ លោកទទួលស្គាល់ថា លោក ហ៊ុន សែន ប៉ុន្មានថ្ងៃ នេះហាក់អស់កម្លាំង និងហត់នឿយបន្តិច ព្រោះរវល់ទៅចូលរួមប្រជុំទាំងក្នុង និងក្រៅប្រទេស ហើយនៅពេលត្រឡប់មកដល់ស្រុកភ្លាម លោកបានបន្តដំណើរទៅធ្វើពិធីបួងសួងនៅអង្គរវត្តបន្តទៀត៖ «(អាយុ) ហុកជាងហើយ ធម្មតាទេ ប៉ុន្តែ មិនមែនជាការបាក់កម្លាំងទេ»។
ស្ថានភាពសុខភាពរបស់លោក ហ៊ុន សែន ពេលចូលដល់វ័យ ៦៥ ឆ្នាំ ក្នុងឆ្នាំ ២០១៧ នេះ មានប្រែប្រួលខ្លាំង ដោយសារតែ ក្នុងរយៈពេល មិនដល់បីខែផង លោកត្រូវទៅសម្រាកព្យាបាលជំងឺ នៅក្រៅប្រទេសរហូតដល់ទៅពីរលើក។
នៅថ្ងៃទី៤ ឧសភា លោកធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវទៅពេទ្យនៅប្រទេសសិង្ហបុរីជាបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាល។ លោកត្រូវសម្រាកព្យាបាលជំងឺនៅទីនោះជាច្រើនថ្ងៃ។ កាលពីចុងខែ មិថុនា រហូតដល់ជិតពាក់កណ្ដាលខែកក្កដា លោក ហ៊ុន សែន បានបាត់មុខពីសកម្មភាពនយោបាយមួយរយៈ ដោយត្រូវផ្អាកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រហូតដល់ទៅ៣លើកជាប់ៗគ្នា ព្រោះលោកត្រូវ ទៅសម្រាកព្យាបាលជំងឺជាបន្ទាន់ម្ដងទៀត នៅប្រទេសសិង្ហបុរី ដោយម្តងនេះ លោកត្រូវធ្វើដំណើរចេញក្រៅប្រទេសដោយស្ងាត់ៗ។
ក្រោយពីទៅសម្រាកព្យាបាលជំងឺ នៅប្រទេសសិង្ហបុរី ញឹកញាប់ដូច្នេះ លោកនាយករដ្ឋមន្ត្រី ទំនងជាមិនចង់ឲ្យសាធារណជន មើលឃើញថា លោកមានបញ្ហាសុខភាពខ្លាំង ទើបលោកចាប់ផ្ដើមបង្ហាញរូបភាព ពាក់ព័ន្ធនឹងការហាត់ប្រាណរបស់លោកយ៉ាងញឹកញាប់ ជាងពេលណាៗទាំងអស់។ លោក ហ៊ុន សែន បង្ហាញរូបភាពហាត់ប្រាណទាំងនេះ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក។
ទោះជាសុខភាពទ្រុឌទ្រោមក្ដី លោក ហ៊ុន សែន មិននឿយណាយក្នុងការបន្តក្រាញអំណាច ឲ្យយូររាប់ឆ្នាំទៅមុខទៀតនោះឡើយ។ លោកអះអាង ថាទោះលោកកាន់អំណាចបាន ជាង ៣២ឆ្នាំមកហើយក្ដី លោកនឹងកាន់អំណាចឲ្យបាន ១០ឆ្នាំទៅមុខទៀត ឬរហូតដល់ជាង ៣០ឆ្នាំទៀតឯណោះ ឲ្យសមនឹងអ្នកដែលពូកែប្រដូចរូបលោក ទៅនឹងមេដឹកនាំប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) លោក រ៉ូប៊ើត មូហ្គាបេ (Robert Mogabe) ដែលទើបត្រូវបានទម្លាក់ពីអំណាច ក្រោយពីក្រាញអំណាចអស់ជាង ៣៧ឆ្នាំរួចមក៖ «មានអាមួយនោះ មិនដឹងថាស្អីវា។ ថ្ងៃវាប្រកាសថា លោក ហ៊ុន សែន ធ្វើដូចមូហ្គាបេ។ បើដូចមូហ្គាបេ ទាល់តែខ្ញុំកាន់អំណាចឲ្យបានជាង ៣០ឆ្នាំទៀត»។
កាលពីខែសីហា លោក ហ៊ុន សែន បានព្រមាន ថាគ្មាននរណា ទាន់មានលទ្ធភាព ដើម្បីគ្រប់គ្រងស្ថានការណ៍ស្រុកទេសដូចលោកនោះទេ បើអត់ពីលោកទៅ។ ទោះជាយ៉ាងនេះក្ដី មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ចង់ឃើញលោក ហ៊ុន សែន ចុះចេញពីអំណាច ជាងនៅបន្តក្រាញអំណាច តាមរបៀបផ្ដាច់ការដូចសព្វថ្ងៃនេះ ព្រោះប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នឹងមានភាពប្រសើរជាងនេះ បើលោក ហ៊ុន សែន សម្រាកពីនយោបាយ៕