លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ការងារ​សំខាន់ៗ​របស់​លោក សុខ អាន ឲ្យ​នៅ​ក្រោម​ក្រសួង​ជំនាញ

ដោយ​ សុ ជីវី
2017-03-22
Share
ហ៊ុន សែន ៨៥៥ ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ប្រកាស​រំសាយ​មុខ​ងារ​មួយ​ចំនួន​ដែល​លោក សុខ អាន អតីត​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ធ្លាប់​គ្រប់គ្រង។ ក្នុង​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ដាក់​ស្ថាប័ន​មួយ​ចំនួន​ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក សុខ អាន អោយ​ឋិត​នៅ​ក្រោម​ចំណុះ​ក្រសួង​ជំនាញ​វិញ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​ថ្មី​នេះ ប៉ុន្តែ​បារម្ភ​ខ្លាច​ការងារ​មួយ​ចំនួន​អាច​មិន​សូវ​មាន​ប្រសិទ្ធភាព​បើ​មន្ត្រី​ជំនាញ​មិន​បំពេញ​ការងារ​អោយ​បាន​ស្រុះគ្នា ឬ​មើល​បំណាំ​គ្នា។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ជំរុញ​អោយ​ក្រសួង​ជំនាញ​ដែល​ទទួល​បាន​ការងារ ដែល​ធ្លាប់​គ្រប់គ្រង​ដោយ លោក សុខ អាន ពី​មុន​មក ត្រូវ​ចេះ​បត់បែន និង​បំពេញ​ការងារ​ដោយ​រក្សា​ប្រយោជន៍​ជាតិ​ជា​ធំ និង​មិន​ត្រូវ​មើល​បំណាំ​គ្នា​ទើប​អាច​ធ្វើ​អោយ​ការងារ​មាន​ប្រសិទ្ធភាព។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​បែង​ចែង​ការងារ​ទៅ​អោយ​ក្រសួង​ជំនាញ​គ្រប់គ្រង​គឺ​ជា​ជម្រើស​ល្អ​មួយ ដើម្បី​ចៀសវាង​មន្ត្រី​ក្ដោបក្ដាប់​អំណាច​ផ្ដាច់​មុខ និង​ការ​ដឹកនាំ​ដែល​មាន​ក្បាល​ធំ។ ប៉ុន្តែ​លោក មាស នី បារម្ភ​ដែរ​ថា តាម​ទម្លាប់​នៃ​ការ​បំពេញ​ការងារ​កន្លង​ទៅ បណ្ដា​ក្រសួង​ទាំង​ឡាយ​តែង​ជួប​ប្រទះ​ការ​មើល​បំណាំ​គ្នា ការងារ​គ្មាន​ការ​បត់បែន ដែល​ធ្វើ​អោយ​ការងារ​គ្មាន​ប្រសិទ្ធភាព«ចឹង​ការ​ប្រគល់​តួនាទី​ទៅ​ឲ្យ​ក្រសួង​ជំនាញ​វិញ គឺ​ជា​ការ​បន្ថយ​ក្បាល​ហ្នឹង​កុំ​ឲ្យ​ធំ​ពេក។ ប៉ុន្តែ​បែប​ហ្នឹង​ក៏​មិន​ទាន់​ថា​វា​ទៅ​ដោះស្រាយ​បញ្ហា​ទាំងស្រុង​បាន​ទេ ព្រោះ​ខ្ញុំ​តែង​សង្កេត​ឃើញ​ថា ក្នុង​ស្ថាប័ន​រដ្ឋ​ហ្នឹង​ជា​ប្រពៃណី គឺ​ច្រើន​តែ​ការ​ធ្វើ​ការ​ជា​អន្តរ​ក្រសួង ជា​ក្រុម​ហ្នឹង​ពិបាក​ម្យ៉ាង ពេល​ដែល​ទៅ​ធ្វើ​ការ​រៀង​ខ្លួន​ហ្នឹង​ក៏​ពិបាក​ដែរ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ប្រកាស​នៅ​ចំពោះ​មុខ​គរុ​និស្សិត​ដែល​ទទួល​សញ្ញាប័ត្រ​ជា​ច្រើន​រយ​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា លោក ប៊ិន ឈិន ដែល​កំពុង​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ស្ដីទី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នឹង​កាន់​ការងារ​ផ្នែក​សាលាក្ដី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ស្រប​គ្នា​នេះ​សាលា​រាជ​បណ្ឌិត្យ​សភា​កម្ពុជា អាកាសចរ​ស៊ីវិល ត្រូវ​ស្ថិត​ក្រោម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ។ គណៈកម្មការ​គ្រប់គ្រង​ផ្លូវ​ដែក ត្រូវ​ប្រគល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ជា​អ្នកគ្រប់គ្រង។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន នឹង​ធ្វើ​ជា​ប្រធាន​កាយឫទ្ធិ​ជាតិ​កម្ពុជា។ ស្ថាប័ន​គណៈ​វិស្វកម្ម ត្រូវ​ប្រគល់​ជូន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ រី​ឯ​សាលា​ភូមិន្ទ​រដ្ឋបាល​ត្រូវ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មុខងារ​សាធារណៈ ខណៈ​សាលា​វិជ្ជាជីវៈ​តុលាការ គឺ​ត្រូវ​ប្រគល់​ឲ្យ​ក្រសួង​យុត្តិធម៌​ជា​អ្នក​ទទួល​បន្ទុក។ ចំណែក​អាជ្ញាធរ​ជាតិ​ធំៗ​ចំនួន​២ គឺ​អាជ្ញាធរ​ព្រះវិហារ និង​អាជ្ញាធរ​អប្សរា នឹង​ត្រូវ​ដាក់​អោយ​ឋិត​ក្រោម​ចំណុះ​ក្រសួង​ជំនាញ​មួយ គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​អ្នកស្រី ភឿង សកុណា ជា​រដ្ឋមន្ត្រី។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ស្ដី​បន្ទោស​ធ្ងន់ៗ ដល់​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​អធិប្បាយ​ជុំវិញ​តួនាទី​មួយ​ចំនួន​របស់​លោក សុខ អាន៖ «ព្រឹកមិញ ខេមបូឌា ដេលី បាន​ចុះ​ផ្សាយ​ថា មិន​មាន​អ្វី​ថ្មី​ឡើយ ខណៈ​ការងារ​ទាំងអស់​របស់​លោក សុខ អាន ត្រូវ​បាន​ប្រគល់​ឲ្យ​លោក ប៊ិន ឈិន ហើយ​បាន​ដកស្រង់​សម្ដី​របស់​ឯកឧត្តម ផៃ ស៊ីផាន។ ខ្ញុំ​មិន​ដឹង​ថា​លោក ផៃ ស៊ីផាន បាន​ពីណា​មក? ...ពេល​ខ្លះ​មិន​មែន​អ្នក​សារព័ត៌មាន​ខុស​ទេ ប៉ុន្តែ​យើង (អ្នក​នាំ​ពាក្យ) អ្នក​ផ្ដល់​ព័ត៌មាន​ឲ្យ​គេ​ខុស។ រួច​អ្នក​មាន​ចេតនា​អាក្រក់​ក៏​ពង្រីក​ថែម​ទៅ។ អត់​មាន​ដូរ​អ្វី​ទាំងអស់ វា​ទៅ​ជា​ឆ្កួត​អស់​ចឹង​ទៅ! ឥឡូវ​ដើម្បី​កែ ចាក់​មួយ​ម្ជុល​បាត់​ឆ្កួត...»

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក មាស នី លើក​ឡើង​ទៀត​ថា ក្រសួង​សាមី​ដែល​ទទួល​បាន​តួនាទី​ហើយ​គួរ​បំពេញ​ការងារ​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​ឯករាជ្យ​ពោល​គឺ​មិន​ចាំបាច់​ទាល់​តែ​នាយក​រដ្ឋមន្ត្រី​លូក​ដៃ​ទើប​បំពេញ​ការងារ​ដូច​ពេល​កន្លង​ទៅ​នោះ​ឡើយ«ហ្នឹង​គឺ​វា​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋ​ហ្នឹង​ក៏​វា​នៅ​តែ​បន្ត​មិន​មាន​ប្រសិទ្ធភាព​ដដែល​ទេ ទោះ​បី​ជា​ទាញ​មក​ឲ្យ​ជិត ឬ​ក៏​រុញ​ទៅ​ឲ្យ​ឆ្ងាយ​ប៉ុណ្ណា ក៏​វា​ឋិត​នៅ​ក្នុង​ប្រពៃណី​ចាស់»

ទាក់ទង​នឹង​ការងារ​របស់​លោក សុខ អាន នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា មន្ត្រី​ចំនួន​២ នឹង​ចូល​ទៅ​បំពេញ​ការងារ​របស់​លោក សុខ អាន ក្នុង​ក្របខ័ណ្ឌ​គណបក្ស​រួម​មាន​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន នឹង​កាន់​តំណែង​ជា​ប្រធាន​ក្រុម​ការងារ​ខេត្ត​របស់​គណបក្ស​ប្រជាជន​នៅ​ក្នុង​ខេត្ត​តាកែវ ចំណែក​អតីត​នាយខុទ្ទកាល័យ​​របស់​លោក សុខ អាន គឺ​លោក ជា វ៉ាន់ដេត នឹង​បំពេញ​អាសនៈ​តំណាងរាស្ត្រ​របស់​លោក សុខ អាន នៅ​ខេត្ត​តាកែវ ដែរ។

លោក សុខ អាន ដែល​រដ្ឋាភិបាល​ប្រកាស​ថា បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អស់​រយៈពេល​ជាង ២០​ឆ្នាំ។ លោក​គឺ​ជា​មន្ត្រី​ដៃ​ស្ដាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​បាន​កាន់​ក្ដាប់​តួនាទី​សំខាន់ៗ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ជា​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល