លោក ហ៊ុន សែន រង​ការ​រិះគន់​ថា​បាន​រំលោភ​តួនាទី​​របស់​ខ្លួន​និង​ច្បាប់​បោះឆ្នោត

ដោយ មួង ណារ៉េត
2018.05.16
ហ៊ុន សែន កម្មករ​ ​បាវិត ៦២២ ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

មន្ត្រី​សង្គម​ស៊ីវិល ផ្នែក​ឃ្លាំមើល​ការបោះឆ្នោត និង​អ្នកវិភាគ​ឯករាជ្យ​យល់​ដូចគ្នា ថា​លោក ហ៊ុន សែន រំលោភ​តួនាទី ក្នុង​ឋានៈ​លោក​ជា​នាយករដ្ឋមន្ត្រី និង បំពាន​គោលការណ៍​នៃ​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយសារ​ការ​ចេញ​ឃោសនា​រក​សំឡេងឆ្នោត ខុសរដូវ​កាល។

ការ​លើកឡើង​ដូច្នេះ គឺ​ដោយសារតែ​យុទ្ធនាការ​ឃោសនាបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៦​នេះ គឺ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី៧ ខែ​កក្កដា ឯណោះ។ ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​រង់ចាំ​បាន​នោះ​ទេ ដោយ​លោក​ចេញ​ឃោសនា​រក​សំឡេងឆ្នោត ស្ទើរតែ​ពេញ​មួយ​អាណត្តិ ពោល​គឺ​ស្ទើរតែ​រាល់ពេល ដែល​លោក​ចុះ​ជួប​កម្មករ​រោងចក្រ និង​មន្ត្រីរាជការ សាធារណៈ​ជាដើម។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់ អង្គការ​ខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស អះអាង​ថា ការ​យក​តួនាទី​ជា​នាយករដ្ឋមន្ត្រី ទៅ​ឃោសនា ក្នុង​ឋានៈ​ជា​ប្រធាន​បក្ស​កាន់អំណាច គឺជា​ការបំពាន​តួនាទី​មន្ត្រី​សាធារណៈ និង​ប្រើប្រាស់​ធនធាន​រដ្ឋ ដោយ​មិន​ត្រឹមត្រូវ៖ «គេ​មិន​អាច​យក​តួនាទី ភារកិច្ច​ខ្លួនឯង ដែល​ធ្វើ​កិច្ចការ​ងារ ក្នុងនាម​រដ្ឋាភិបាល ទៅ​ឃោសនា​សម្រាប់​បក្ស គេ​អត់​ដែល​ធ្វើ​អ៊ីចឹង​ទេ​។ ដូច្នេះ ករណី​នេះ កាលណា​យក​តួនាទី និង​ភារកិច្ច ក្នុងនាម​ជា​រដ្ឋាភិបាល បម្រើ​រដ្ឋាភិបាល ហើយ​ទៅ​និយាយ​អំពី​បក្ស អាហ្នឹង​គឺ​ការប្រើប្រាស់ ធនធាន​របស់​រដ្ឋ ដើម្បី​បម្រើ​នូវ​នយោបាយ​របស់​ខ្លួន​ហើយ»

ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​ភ្ញាក់ផ្អើល​នឹង​ទង្វើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ដែល​ជា​មន្ត្រី​សាធារណៈ​ផង ជា​មន្ត្រី​បក្ស​ផង ដែល​តែងតែ​ចុះ​ឃោសនា​រក​សំឡេងឆ្នោត ខុសរដូវ​កាល និង​បំពាន​គោលការណ៍​ឃោសនាបោះឆ្នោត​នេះ នោះ​ទេ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ លើកឡើង​បន្ថែម​ថា រឿង​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​តែ​អ៊ីចឹង តាំង​ពី​ដើម​រៀងមក។ លោក​អះអាង​ថា មិន​ខុសឆ្គង​អ្វី​ទេ នៅ​ពេល​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ក្នុង​ការ​ចុះ​ឃោសនា អំពី​កិច្ចការ​របស់​រដ្ឋ។ ប៉ុន្តែ ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ទូទៅ គ្រប់​និន្នាការ​គណបក្ស​នយោបាយ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​ទាល់តែសោះ ព្រោះ​ការឃោសនា​បែបនេះ គឺ​អាច​ធ្វើ​បានតែ​ក្នុងអំឡុងពេល​អនុញ្ញាត នៃ​យុទ្ធនា​ការបោះឆ្នោត​ប៉ុណ្ណោះ។

លោក ឡៅ ម៉ុងហៃ ទទូច​អោយ​គ..ប បើជា​ស្ថាប័ន​ឯករាជ្យ​មែន គប្បី​ចាត់វិធានការ​អ្វីមួយ ដើម្បី​បញ្ឈប់​ការរំលោភ​គោលការណ៍​បោះឆ្នោត ដូច្នេះ​ទៅទៀត៖ «..ប​គេ​ត្រូវតែ​នៅ​ជា​អព្យាក្រឹត្យ បើ​ឃើញ​ថា ការប្រព្រឹត្តិ​បែបនេះ វា​ខុស​ការ​បោះឆ្នោត ត្រូវ​ប្រាប់​ថា សុំ​កុំ​ធ្វើ​អ៊ីចឹង ដោយ​ចេញ​ជា​ការ​ណែនាំ ឬក៏​បទបញ្ជា​អ្វីមួយ ថា​កុំ​ធ្វើ​អ៊ីចឹង»

ប៉ុន្តែ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អះអាង​ថា ស្ថាប័ន​ជាតិ​មួយ​នេះ គ្មាន​ភារកិច្ច ក្នុង​ការ​ហាមឃាត់ មន្ត្រី​សាធារណៈ ដែល​ឃោសនា​បម្រើ​បក្ស​នយោបាយ​នោះ​ទេ។ អ្នកនាំពាក្យ គ..ប លោក ឌឹម សុវណ្ណារុំ អះអាង​បន្ថែម​ថា សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត ឲ្យ​បក្ស​នយោបាយ ទោះ​សកម្មភាព​នោះ ផ្ទុយ​ពី​តួនាទី​របស់​មន្ត្រីរាជការ​សាធារណៈ​ក៏ដោយ គឺ​គ..ប មិន​ទទួលខុសត្រូវ​ទេ ព្រោះ​ផុត​ពី​សមត្ថកិច្ច​របស់​ខ្លួន៖ «..ប ជា​ស្ថាប័ន​ច្បាប់ ស្ថាប័ន​បច្ចេកទេស។ ច្បាប់​បាន​ចែង​ថា គ..ប គ្រប់គ្រង​ការឃោសនាបោះឆ្នោត​រយៈពេល ២១ ថ្ងៃ ពី​ថ្ងៃ​ទី៧ ដល់ ថ្ងៃ​ទី ២៧ ខែ​កក្កដា ឆ្នាំ ២០១៨។ ដូច្នេះ ក្រៅ​ក្របខ័ណ្ឌ​ហ្នឹង មិនមែន​ជា​សមត្ថកិច្ច​របស់ គ..ប ទេ ហើយ គ..ប ធ្វើ​កិច្ចការ​ទៅតាម​ច្បាប់ អត់​មាន​ជម្រើស​អ្វី​ផ្សេង​ពី​ហ្នឹង​ទេ»

ការណ៍​ដែល​គ..ប មិន​ចាត់ការ​មន្ត្រីរាជការ​សាធារណៈ ដែល​យក​តួនាទី និង​ធនធាន​រដ្ឋ ទៅ​បម្រើ​ប្រយោជន៍​នយោបាយ​របស់​បក្ស​ខ្លួន​បែបនេះ ធ្វើ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ចាត់​ទុក​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ បាត់បង់​អព្យាក្រឹតភាព និង គ្មាន​ឯករាជ្យភាព​របស់​ខ្លួន​អស់ហើយ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មើល​មិន​ឃើញ ថា​ហេតុអ្វី បានជា​ស្ថាប័ន គ..ប មើល​រំលង​ភាព​ខុសឆ្គង​របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ដែល​បំពាន​គោលការណ៍​បោះឆ្នោត ដោយ​ការ​អំពាវនាវ​ខុសពេល​វេលា​កំណត់​ក្នុង​ច្បាប់ ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ដូច្នេះ នោះ​ទេ៖ «យើង​សង្កេតឃើញ​គ្រប់​តែ​អាណត្តិ តែងតែ​មាន​បែប​នេះ ហើយ​គ..ប ក៏​ពុំ​ដែល​មាន​ប្រតិកម្ម​ណាមួយ។ បើ​យើង​មើល​នីតិវិធី​ផ្លូវច្បាប់ និង​ការអនុវត្ត​ជាក់ស្ដែង គឺ​ពិតជា​ខុស​នឹង​ច្បាប់​។ ថ្វីត្បិតតែ​ជា​នាយករដ្ឋមន្ត្រី មកពី​បក្ស​កាន់អំណាច គឺជា​នាយករដ្ឋមន្ត្រី​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ហើយ​យុទ្ធនា​ការឃោសនា មាន​ពេល​មាន​ថ្ងៃខែ​កំណត់​។ នៅ​ពេល​ដែល​លេច​ពាក្យ​ថា​បោះឆ្នោត ឲ្យ​ខ្ញុំ​បោះឆ្នោត ឲ្យ​គណបក្ស​នេះ គណបក្ស​នោះ វា​ចូល​ក្នុង​ន័យ​ផ្សព្វផ្សាយ​ឃោសនា។ ការឃោសនា មុ​នពេល​កំណត់​នេះ មិន​ត្រឹមត្រូវ​ទេ»

មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន អះអាង​ការពារ​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លើកឡើង​ថា ការណ៍​ដែល​លោកនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​​បែបនេះ នេះ​មិនមែន​ជា​ការឃោសនាបោះឆ្នោត​ទេ ព្រោះ​បើ​ឃោសនា​បោះឆ្នោត គឺ​ត្រូវ​ធ្វើ​ខ្លាំង និង​ច្រើន​ជាង​នេះ​ទៅ​ទៀត៖ «កាលណា​យើង​និយាយ​អំពី​យុទ្ធនាការ គឺ​យើង​និយាយ​ប្រាប់​អំពី​គោល​ការ​នយោបាយ នៅ​អាណត្តិ​ក្រោយ។ នាយករដ្ឋមន្ត្រី អត់​មានបាន​និយាយ​អំពី​គោលនយោបាយ សម្រាប់​អាណត្តិ​ចុងក្រោយ​នោះ​ផង គឺ​គាត់​គ្រាន់តែ​និយាយ​អំពី​សមិទ្ធផល»

យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ក្នុង​វេទិកា​សាធារណៈ ដែល​លោក​ចុះ​ជួប​ពលរដ្ឋ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី។ ពេល​លោក​ចុះ តាម​សាលារៀន តាម​ខេត្ត លោក​អំពាវនាវ​ឲ្យ​សិស្សសាលា និង អាណាព្យាបាល​សិស្ស បោះឆ្នោត​ឲ្យ​គណបក្ស​របស់​លោក។ ពេល​ចុះ​ជួប​កម្មករ​រោងចក្រ លោក​អំពាវនាវ​ឲ្យ​កម្មករ និង​ជីដូន​ជីតា​ពួកគេ បោះឆ្នោត​ឲ្យ​លោក​បាន​បន្ត​កាន់អំណាច​យូរ​តទៅទៀត៖ «ហើយ​សង្ឃឹមថា ក្មួយៗ​ផ្ទាល់ បូក​ជាមួយ​ឪពុកម្ដាយ និង​ក្រុមគ្រួសារ​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន និងបោះ​ឲ្យ​ពូ​បន្ត​ដឹកនាំ»

ទោះបីជា​ការ​បោះឆ្នោត​លើក​នេះ អស់​មាន​គូប្រជែង ដោយសារ​របប​លោក​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ស្របច្បាប់​តែមួយគ​ត់ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា ចោល​ទៅ​ហើយ​ក្តី ក៏​លោក ហ៊ុន សែន បន្ត​ចុះ​ឃោសនា​រក​សំឡេងឆ្នោត យ៉ាង​សស្រាក់សស្រាំ ស្ទើរ​គ្រប​ច្រកល្ហក ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​គោលការណ៍ នៃ​ការប្រកួតប្រជែង​ស្មើភាព​គ្នា ក្នុង​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​លោក អួតអាង​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​នេះ មិន​ខុស​ទេ ហើយក៏​គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​លោក​នោះ​ដែរ៖ «នេះ​មិនមែន​ជា​ការឃោសនាបោះឆ្នោត​មួយ​ទេ ក៏ប៉ុន្តែ​ក៏​គ្មាន​នរណា​ហាមឃាត់​ខ្ញុំ មិន​ឲ្យ​និយាយ​បែប​នោះ​ដែរ។ សុំ​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យ​ទៀត មានអី​ខុស​? អត់​មានអី​ខុស​សោះ»

ទោះជា​យ៉ាងណា ទាំង​អ្នកសង្កេតការណ៍​បោះឆ្នោត និង​អ្នកវិភាគ​ឯករាជ្យ​យល់ស្រប​គ្នា​ថា វា​ជា​ភារកិច្ច​របស់ គ​.​ជ​.​ប ដែល​ត្រូវ​ហ៊ាន​ចេញមុខ​អារកាត់ និង​អនុវត្ត​ច្បាប់​បោះឆ្នោត មិន​អោយ​មានការ​បំពារ​ពាន​គោលការណ៍​ឃោសនាបោះឆ្នោត ខុសរដូវ​កាល​បែបនេះ ដើម្បី​បញ្ជាក់​អំពី​ភាព​អព្យាក្រឹត្យ​របស់ គ​.​ជ​.​ប និង​សិទិ្ធ​ស្មើភាព​ក្នុង​ការ​ឃោសនា។

សហគមន៍​អន្តរជាតិ និង ប្រទេស​ជប៉ុន​ផង សុទ្ធតែ​ចង់​ឃើញ​ការបោះឆ្នោត នៅ​កម្ពុជា​ប្រព្រឹត្តទៅ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី។

ប៉ុន្តែ​របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ចោល​ទាំងស្រុង ក្រោយ​ពី​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះជាតិ ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ចំនួន ១១៨ រូប បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត បិទ​សារព័ត៌មាន​ឯករាជ្យ បិទ​ស្ថានីយ និង​ប៉ុស្តិ៍​វិទ្យុ​ជាង ៣០ ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ និង​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​ជួបប្រជុំ ឬ​តវ៉ា​ដោយ​អហិង្សា​គ្រប់​បែប​យ៉ាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។