"លោក ហ៊ុន សែន គួរ​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​មិន​ត្រូវ​លង់​ពាក្យ​សរសើរ​របស់​ចិន​ឡើយ"

ដោយ យន់ សាមៀន
2018-11-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​មន្ត្រី​ជាន់ខ្ពស់​ចិន​ដែល​បាន​ចាត់ ទុក​កម្ពុជា​ថា ជា​មិត្ត​ដែកថែប មិន​អាច​បំបែកបំបាក់​បាន ព្រមទាំង​ដឹងគុណ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រកាន់ខ្ជាប់​គោលនយោបាយ​ចិន​តែមួយ​នោះ។ អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម​ស្នើ​ឱ្យ​លោក ហ៊ុន សែន កុំ​លង់​នឹង​ពាក្យ​សរសើរ ឬ​ការ​បញ្ជោរ​ពី​ភាគី​ចិន ប៉ុន្តែ​ត្រូវ​គិតគូរ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ​វិញ​ទើប​ជា​រឿង​ត្រឹមត្រូវ។ បញ្ហា​ប្រឈម​ធំ​ជាងគេ​សម្រាប់​កម្ពុជា​នៅ​ពេល​នេះ គឺ​ហានិភ័យ​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប ដែល​ផ្តើម​ចេញ​ពី​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ប្រព្រឹត្ត​ដោយ​អាជ្ញាធរ និង​មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ។

មេដឹកនាំ​របប​ឯក​បក្ស​លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ចិន​កុម្មុយនិស្ត បាន​ជួយ​ឱ្យ​មាន​ឯករាជ្យ​ភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា ហើយ​ដោយ​សារ​មាន​ចិន​ជា​ខ្នងបង្អែក​នេះ​ហើយ ទើប​កម្ពុជា​អាច​រឹងមាំ​បាន។ លោក​បន្ត​ថា ចិន​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ រាប់​តាំងពី​ជំនួយ​ឥត​សំណង សម្បទាន និង​ការឧបត្ថម្ភ​ផ្សេងទៀត ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ពន្ធ ហើយ​ប្រសិនបើ​គ្មាន​ជំនួយ​ពី​ប្រទេស​ចិន​ទេ កម្ពុជា​នឹង​មិន​អាច​កសាង​ប្រទេស​បាន​ឡើយ។

លោក ហ៊ុន សែន ថ្លែង​បែបនេះ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ក្រោយ​ពេល​ទទួល​ជួប​គណៈប្រតិភូ​ជាន់ខ្ពស់​ចិន​មួយ​ក្រុម ដឹកនាំ​ដោយ​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន លោក ចាង ឈុនស៊ាន (Zhang Chunxian) កាលពី​រសៀល​ថ្ងៃទី២ វិច្ឆិកា កន្លង​ទៅ។ លោក ហ៊ុន សែន បាន​អួត​ប្រាប់​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ចិន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ថិត​ក្នុង​រង្វង់ ៧.% ដែល​ជា​កំណើន​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់ ហើយ​បើ​តាម​ការ​ព្យាករណ៍​កំណើន​នេះ​នឹង​អាច​នៅតែ​លើស​ពី ៧% នៅ​ឆ្នាំ២០១៩ ខាងមុខ បើ​ទោះ​ជា​រង​ការ​គំរាមកំហែង​អំពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​យ៉ាង​ណា​ក្តី។

លោក​ថ្លែង​ថា លោក ចាង ឈុនស៊ាន ប្រាប់​លោក​ថា ប្រទេស​ចិន​មាន​ទីផ្សារ​ធំ​ណាស់ ដូច្នេះ​លោក​នឹង​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​ចិន​ដទៃ​ទៀត ឱ្យ​ខិតខំ​ជួយ​ពង្រីក​ទីផ្សារ​ចិន​សម្រាប់​ទំនិញ​កម្ពុជា។ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​រូប​នេះ បាន​ប្រាប់​លោក​ទៀត​ថា ទោះបីជា​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​បាន​សម្ដែង​មតិ​ពី​នេះ​ពី​នោះ​អំពី​កម្ពុជា​ក៏ដោយ ក៏​ឈ្មោះ​របស់​លោក​ត្រូវ​បាន​ប្រជាជន​ចិន​ជាង ១​ពាន់​លាន​នាក់ ស្គាល់​យ៉ាង​ច្បាស់ ហើយ​ពួកគេ​ថែមទាំង​គាំទ្រ​ការដឹកនាំ​របស់​លោក​ទៀត​ផង។

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ លោក គឹម សុខ ដែល​ធ្លាប់​បាន​រស់នៅ និង​រៀន​សូត្រ​នៅ​ប្រទេស​ចិន​ចំនួន ៤ ឆ្នាំ​នោះ បច្ចុប្បន្ន​កំពុង​រស់នៅ​បរទេស​ភៀសខ្លួន​ពី​ការ​តាម​ចាប់​របស់​របប​លោក ហ៊ុន សែន អះអាង​ថា ការ​លើកឡើង​របស់​ភាគី​ចិន​ទៅកាន់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺជា​ល្បិចកល​នយោបាយ​ដើម្បី​ឱ្យ​លោក ហ៊ុន សែន អោប​ក្រសោប​យក​កុម្មុយនិស្ត និង​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ក្រុង​ប៉េកាំង​ប៉ុណ្ណោះ៖ «ខ្ញុំ​មើល​ឃើញ​ថា នេះ​ក៏​ព្រោះតែ​កម្ពុជា​នៅ​មាន​ទ្រព្យ​ខ្លះ​ទៀត ដូចជា សម្បត្តិ​ធម្មជាតិ​ក៏​នៅ​សេសសល់​ខ្លះ​សម្រាប់​ចិន​ប្រមូល​យក ដី​សម្រាប់​ធ្វើ​កសិកម្ម ធ្វើស្រែ​ចម្ការ សម្រាប់​ចិន​ប្រមូល​ផល​ទៅ​ថ្ងៃក្រោយ​ធំធេង។ ហើយ​មួយទៀត​កម្ពុជា​ជា​តំបន់​យុទ្ធសាស្ត្រ ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល នៅ​ពេល​ដែល​កម្ពុជា​ជា​កូន​សោរ​មួយ​នៅ​ក្នុង​អាស៊ាន​ដែរ ដែល​អាច​ជួយ​ចិន​ខ្លះ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ចិន​កំពុងតែ​ប្រើប្រាស់​កំពុងតែ​ប្រើប្រាស់​កម្ពុជា​របៀប​ហ្នឹង។ ចិន​កំពុងតែ​លើកទឹកចិត្ត​ឱ្យ​លោក ហ៊ុន សែន ធ្វើ​កុម្មុយនិស្ត​ឆ្អិនឆ្អៅ គឺ​ត្រូវ​អោប​ចិន​តែមួយ»

ទាក់ទង​នឹង​រឿង​ជួយ​រក​ទីផ្សារ​ចិន​សម្រាប់​ទំនិញ​កម្ពុជា​នោះ​វិញ អ្នកវិភាគ​ឥត​សំចៃ​មាត់​រូប​នេះ កត់សម្គាល់​ថា តាំងពី​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” ពី​សហភាព​អឺរ៉ុប​មក មាន​អ្នក​វិនិយោគ​ចិន​ជាច្រើន​បាន​មក​បោះ​ទុន​រកស៊ី​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​ចិន​មិន​ដែល​រំឭក​ពី​រឿង​ជួយ​រក​ទីផ្សារ​សម្រាប់​ទំនិញ​កម្ពុ​ជា​នាំទៅ​ប្រទេស​ចិន​នោះ​ឡើយ។ ក៏ប៉ុន្តែ​ពេល​សហភាព​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោយ​របប​ក្រុងភ្នំពេញ​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នោះ ទើប​ក្រុង​ប៉េកាំង​លើក​រឿង​នេះ​មក​និយាយ។ លោក​ថ្លែង​ថា នេះ​គ្រាន់តែ​ជា​ការ​សន្យា​ផ្ដល់​ដង្ហើម​ខ្យល់​ឱ្យ​របប​លោក ហ៊ុន សែន ប៉ុណ្ណោះ ដែល​សភាពការណ៍​ជាក់ស្ដែង​នឹង​មិន​អាច​ទៅ​រួច​ឡើយ។ លោក​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ឈប់​ចាញ់ល្បិច​នយោបាយ​របស់​ក្រុង​ប៉េកាំង​តទៅទៀត បើ​ពុំ​ដូច្នេះ​ទេ លោក​នឹង​ក្លាយ​ជា​សត្រូវ​របស់​សហគមន៍​អន្តរជាតិ​ប្រជាធិបតេយ្យ និង​ជាស​ត្រូវ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ៖ «ខ្ញុំ​ជឿជាក់​ថា លោក ហ៊ុន សែន ប្រសិនបើ​នៅ​ក្នុង​កាលៈទេសៈ​នេះ​គាត់​ងាក​មក​គិត​ពី​ប្រយោជន៍​ប្រជាធិបតេយ្យ និង​ប្រយោជន៍​រួម​សំខាន់​របស់​ប្រទេសជាតិ​ខ្លួនឯង លោក ហ៊ុន សែន អាច​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ចាត់ទុកជា​វីរបុរស​ទៀត​ផង។ ប៉ុន្តែ​បើ​គាត់​នៅ​តែ​មានៈ​ក្នុង​ការ​ពង្រឹង​អំណាច​របស់​ខ្លួន​ផ្តាច់​មុខ​តែមួយ​មុខ​គត់ មិនមែន​វីរបុរស​ទេ គឺ​នឹង​ក្លាយ​ជា​សត្រូវ​សួរ​ពូជ​របស់​ពលរដ្ឋ​ខ្មែរ ជា​សត្រូវ​នឹង​យុត្តាធិការ របៀប​របប និង​នីតិវិធី​អន្តរជាតិ ដែល​អន្តរជាតិ​ទាំងមូល​គេ​ស្អប់ខ្ពើម​បំផុត»

ចំណែក តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​សមាជិក គ..ប លោក រ៉ុង ឈុន វិញ ក៏បាន​ច្រានចោល​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា ប្រទេស​ចិន​ជា​អ្នកធានា​ឯករាជ្យភាព​ខាង​នយោបាយ​នៅ​កម្ពុជា​ដែរ។ លោក​ថា ឯករាជ្យ​ភាព​ខាង​នយោបាយ ឬ​សន្តិភាព​នៅ​កម្ពុជា បាន​មក​ដោយសារ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១។ លោក​បន្ត​ថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​ទទួល​បាន​ជំនួយ​អភិវឌ្ឍ និង​លក្ខខណ្ឌ​អនុគ្រោះ​ជាច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ឋ និង​ពាណិជ្ជកម្ម​អន្តរជាតិ។ លោក​ជឿជាក់​ថា ប្រទេស​ចិន​នឹង​មិន​អាច​ក្លាយ​ជា​ទីផ្សារ​នាំចេញ​ផលិតផល​សំខាន់ៗ​របស់​កម្ពុជា ដូច​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ឡើយ។ លោក​ជឿថា ក្រុង​ប៉េកាំ​ប្រកាស​គាំទ្រ​របប​លោក ហ៊ុន សែន ម្ដង​ហើយ​ម្តង​ទៀត​នេះ ដោយសារតែ​គេ​សម្លឹង​ឃើញ​ផលប្រយោជន៍​ច្រើន​ពី​កម្ពុជា ហេតុ​ដូចនេះ​លោក​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន គិតគូរ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​វិញ គឺ​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ហានិភ័យ​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA«បញ្ហា​ប្រឈម​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​វិបត្តិ​នយោបាយ ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​រក្សា​ការពារ​ផលប្រយោជន៍​ជនរួមជាតិ ការពារ​ប្រយោជន៍​សង្គមជាតិ​ខ្មែរ​។ ហើយ​បើ​មិនបាន​ដោះស្រាយ​វិបត្តិ​នយោបាយ​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ ពេលនោះ​វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​ប្រយោជន៍​កម្មករ ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គម​ហើយ កុំ​សង្ឃឹមថា រក្សា​កំណើន​សេដ្ឋកិច្ច​បាន។ បើ​គេ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ កំណើន​សេដ្ឋកិច្ច​កម្ពុជា​យើង​នឹង​មាន​ផល​ប៉ះពាល់ មិន​អាច​ស្ទុះ​ឡើង​តទៅទៀត​បានទេ»

អ្នកឃ្លាំមើល​សង្គម និង​អ្នកវិភាគ ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ប្រកាន់​នយោបាយ​ការបរទេស​ដែល​មិន​លម្អៀង​ផ្ដាច់មុខ​ទៅ​ប្រទេស​ណាមួយ​ឡើយ ពោល​គឺជា​ជំហរ​កណ្ដាល​មួយ ហើយ​ក៏​រំឭក លោក ហ៊ុន សែន ដែរ​ថា កុំ​ឱ្យ​គិតតែ​ពី​នយោបាយ​ពង្រឹង​អំណាច​របស់​ខ្លួន​តែមួយ​មុខ​បែបនេះ បើ​ពុំ​ដូច្នេះ​ទេ លោក និង​កូនចៅ​ជំនាន់​ក្រោយ​របស់​លោក នឹង​មិន​អាច​ទទួល​បាន​ការ​គាំទ្រ និង​ស្វាគមន៍​ពី​ពលរដ្ឋ​ខ្មែរ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

No photo is a lot better than having old photo like this. Sorry!

Nov 05, 2018 09:48 PM

គេហទំព័រ​ទាំងមូល