មេធាវីតំណាងឲ្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ កុម្ភៈ បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងលោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ។ លោក គឹម សុខ កំពុងប្រឈមនឹងការប្ដឹងផ្ដល់ពីគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងប្រសាសន៍របស់លោក អំពីការសម្លាប់លោក កែម ឡី។
មេធាវីតំណាងដោយអាណត្តិឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក គី តិច ថ្លែងប្រាប់អ្នកកាសែតនៅមុខសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៣ កុម្ភៈ ថា ការប្ដឹងផ្ដល់នេះ ព្រោះតែគណបក្សប្រជាជនកម្ពុជា មិនសុខចិត្តនឹងការថ្លែងរបស់លោក គឹម សុខ ដែលមួលបង្កាច់គណបក្សប្រជាជនកម្ពុជា៖ « ទីមួយ គាត់បានចោទប្រកាន់ទៅលើគណបក្សប្រជាជន ថារៀបចំផែនការសម្លាប់មនុស្សផង រៀបចំផែនការទៅប្លន់អំណាចផង ហើយចុងក្រោយគាត់បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការសម្លាប់លោក កែម ឡី ទៀត។ អានេះជាដើមចមដែលគណបក្សប្រជាជន មិនសុខចិត្តទៅលើការមួលបង្កាច់របស់លោក គឹម សុខ នោះទេ »។
ការប្ដឹងលោក គឹម សុខ ទៅតុលាការនេះ គឺធ្វើឡើងស្របពេលគ្នានឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន នៅស្រុកកោះធំ ខេត្តកណ្ដាល ទោះជាលោកមិនបញ្ចេញឈ្មោះចំ៖ « ថ្ងៃនេះលេងមួយទៀត។ ប្រហែលជាពេលនេះមេធាវីទៅដល់តុលាការហើយ។ ស្អី ! អ្នកឯងបញ្ចេញមតិ ? មកចោទគណបក្សប្រជាជន សម្លាប់មនុស្ស ហ្អែ ? អត់ទេ ! ទារកន្លះលានដុល្លារ ... បើយើងកុំប៉ះគេ អាណាគេប្រើតុលាការទៅធ្វើអី ? ដូចម្សៀត្រូវប្ដឹងនៅព្រឹកនេះ ចូលទៅប្ដឹងនៅព្រឹកនេះ វាទៅឡើងអាស៊ីសេរី វាថាគណបក្សប្រជាជន សម្លាប់លោក កែម ឡី »។
លោក ហ៊ុន សែន ចាត់ទុកការចោទប្រកាន់ពីការសម្លាប់មនុស្សនេះ ថាជាការញុះញង់បង្កចលាចល ហើយត្រូវជាប់ពន្ធនាគារផង និងបង់លុយផង។ លោកក៏បានបញ្ជាអាជ្ញាធរឲ្យឃ្លាំមើលលោក គឹម សុខ ផងដែរ៖ « អ្នកនេះ ខ្ញុំបញ្ជានគរបាលឲ្យតាមតាំងពីម្សិលម្ល៉េះ។ កុំរត់ណ៎ា ! ព្រោះខ្លួនឯងថាជើងខ្លាំង។ ទៅជាប់គុកត្រឹម ២ឆ្នាំអីទេតើ ! ហើយអស់លុយប៉ុន្មាន ? អត់ទេ ! កុំថាអត់លុយសងវើយ !» ។
ចំណែកឯលោក គឹម សុខ វិញ នៅតែប្រកាន់មតិថា អ្វីដែលលោកថ្លែងនោះគ្រាន់តែឆ្លុះបញ្ចាំងព្រឹត្តិការណ៍ជាក់ស្ដែងដែលកើតមាន ដូចជាការបាញ់សម្លាប់ ការតវ៉ាក្រោយការបោះឆ្នោត ហើយពាក្យថា "គេ" នោះ មិនសំដៅចំពោះបុគ្គលណាម្នាក់ដែរ៖ « រឿងនេះខ្ញុំសុំបញ្ជាក់ថា មិនមែនអ្នកនិយាយរឿងពិត ចង់បានយុត្តិធម៌ ហើយមិនទាន់បានយុត្តិធម៌ គ្នាតវ៉ាតាមផ្លូវច្បាប់ហ្នឹងជាអ្នកបង្កចលាចលទេ ! អ្នកដែលបង្កចលាចលធំបំផុត គឺអ្នកមិនគោរពច្បាប់ ហើយគឺអ្នកដឹកនាំដែលមិនផ្អែកទៅលើអ្វីដែលជានីតិរដ្ឋពិតប្រាកដ។ បានន័យថា មិនលើកតម្កើងនូវតម្លៃយុត្តិធម៌ជាគោល »។
ក្នុងពាក្យបណ្ដឹង លោកមេធាវី គី តិច បញ្ជាក់ថា ការថ្លែងរបស់លោក គឹម សុខ ជាអំពើធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស កិត្តិសព្ទ និងភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបញ្ជាក់ពីចេតនាទុច្ចរិត បង្កការញុះញង់ បំផុសបំផុល បញ្ឆេះកំហឹងដល់មហាជន ដែលអាចឲ្យកើតចលាចលធ្ងន់ធ្ងរក្នុងសង្គមទាំងមូល។ លោកមេធាវី គី តិច មានប្រសាសន៍ថា ករណីនេះឋិតក្នុងច្បាប់ព្រហ្មទណ្ឌដែលមិនអាចសម្របសម្រួលឲ្យលោក គឹម សុខ កែតម្រូវសេចក្ដីថ្លែងការណ៍បានទេ។ ទន្ទឹមគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏ទារជំងឺចិត្តដែរ៖ « នៅក្នុងបណ្ដឹងនេះ គឺទាមទារទីមួយ ទាមទារឲ្យខាងតុលាការផ្ដន្ទាទោសទៅតាមច្បាប់ ហើយទីពីរ បានឲ្យទាមទារសងជំងឺចិត្តទៅដល់គណបក្សប្រជាជន ចំនួន ២ពាន់លានរៀល »។
លោក គី តិច បន្តថា ពេលនេះជាការដំណាក់កាលដាក់ពាក្យបណ្ដឹងទៅអយ្យការ ហើយតំណាងអយ្យការនឹងចោទប្រកាន់ពីបទអ្វីជាក់លាក់ ឬកោះហៅភាគីដើមចោទ និងចុងចោទមកសាកសួរបន្ថែមនៅពេលណានោះ តំណាងអយ្យការមិនទាន់កំណត់នៅឡើយទេ។
ទោះជាយ៉ាងនេះក្ដី លោក គឹម សុខ ថ្លែងថា លោកនឹងមិនចាកចេញទៅណាទេ ហើយលោកទទួលខុសត្រូវការថ្លែងរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
