អាជ្ញាធរខេត្តកណ្ដាលនៃរបបក្រុងភ្នំពេញបានព្យាយាមបញ្ចុះបញ្ចូលសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១០នាក់អោយគាំទ្ររបបក្រុងភ្នំពេញ បន្ទាប់ពីបានកោះហៅពួកគេមកសាកសួររឿងជួបប្រជុំគ្នាតាមមូលដ្ឋានដើម្បីសំដែងការគាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ សមាជិកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងតិចចំនួន ៨នាក់នៅថ្ងៃព្រហស្បតិ៍ទី២០ ធ្នូ នេះ បានទៅបំភ្លឺតាមការកោះហៅរបស់មន្ត្រីប៉ូលិសឃុំអរិយក្សត្រ ប៉ុន្តែមិនមានសកម្មជនណាម្នាក់ត្រូវបានឃុំខ្លួនទេ។
អតីតប្រធានឃុំអរិយក្សត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ តែក្រោយមកបានបាត់បង់តួនាទីដោយសាររបបក្រុងភ្នំពេញរំលាយ អ្នកស្រី ទូច សាវុធ បានបញ្ជាក់ប្រាប់អាស៊ីសេរីថា ក្រុមសកម្មជនត្រូវបានប៉ូលិសឃុំអរិយក្សត្របញ្ចុះបញ្ចូលអោយគាំទ្ររបបក្រុងភ្នំពេញ នៅក្នុងពេលក្រោយពីបានសាកសួរនោះ។
អ្នកស្រីបានបញ្ជាក់ថា ការគាំទ្រគណបក្សនយោបាយគឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗមិនអាចមានអ្នកណាម្នាក់មកបង្ខំបានឡើយ៖ «រដ្ឋធម្មនុញ្ញបានចែងការជ្រើសរើសគណបក្សនយោបាយដោយសារយើងចង់ផ្លាស់ប្ដូរផ្នត់គំនិតថ្នាក់ដឹកនាំដែលប្រើអំណាចនឹងអំពើពុករលួយ»។
កាលពីថ្ងៃទីពុធទី១៩ ធ្នូ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៨នាក់ ដែលរួមមានប្រធានឃុំ និងជំទប់ឃុំជាប់ឆ្នោតខាងគណបក្សប្រឆាំងនៅក្នុងឃុំអរិយក្សត្របានជួបប្រជុំគ្នាមួយ នៅស្រុកល្វាឯមខេត្តកណ្ដាល ក្នុងគោលបំណងដើម្បីសំដែងការគាំទ្ររបស់ពួកគេ ចំពោះថ្នាក់ដឹកនាំគឺលោក សម រង្ស៊ី។
ការជួបប្រជុំនេះត្រូវបានក្រុមអាជ្ញាធររបបក្រុងភ្នំពេញបានដឹងដំណឹងនេះ រួចហើយបានកោះហៅពួកគេមកឆ្លើយបំភ្លឺជាបន្តបន្ទាប់ជុំវិញបញ្ហាការជួបប្រជុំគ្នានេះ។
ការកោះហៅអោយចូលខ្លួនមកបំភ្លឺរបស់សមត្ថកិច្ចបានធ្វើឡើងទាក់ទិននឹងសំណុំរឿងខុសៗគ្នា។មានសកម្មជនខ្លះបំភ្លឺទាក់ទិនរឿងថា បានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកបន្ទាប់ពីមានកិច្ចប្រជុំនោះបានកើតមានឡើង។
អតីតជំទប់ទី១ ឃុំអរិយក្សត្រលោក ថោង សារុន បានបញ្ជាក់ថា លោកត្រូវបានសម្ថកិច្ចបង្ខំអោយចុះកិច្ចសន្យាលើកំណត់ហេតុដោយសារតែលោកបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកប្រើឈ្មោះគណបក្សសង្គ្រោះជាតិ៖ «គេអោយចុះកិច្ចសន្យាអ៊ីចឹងទៅ វាដូចខឹងដែរពីព្រោះយើងតស៊ូជាយូរមកហើយមានចិត្តថាតូចចិត្តដែរ វាមិនអាចធ្វើអ៊ីចឹងបាន ក៍ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចបើកាលៈទេសៈនេះគេអោយយើងធ្វើអ៊ីចឹងហើយយើងត្រូវតែធ្វើដើម្បីសុវត្ថិភាព»។
ទោះជាយ៉ាងណាក៏ដោយក៏មន្ត្រីប៉ូលិសឃុំអរិយក្សត្របានបដិសេធមិនធ្វើអត្ថាធិប្បាយបានដោយលោកគ្រាន់តែអះអាងយ៉ាងខ្លីថា សកម្មជនទាំងនោះមិនមែនជាសកម្មជនគណបក្សសង្គ្រោះជាតិទៀតទេ ដោយសារតែគណបក្សនេះបានរំលាយរួចទៅហើយ។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំជាងគេត្រូវបានតុលាការកំពូលរបស់របបក្រុងភ្នំពេញបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ចាប់តាំងពីគណបក្សនេះបានរំលាយប្រធានគណបក្សនេះលោក កឹម សុខា ត្រូវបានរបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ តែក្រោយមកបានលោកដឹកយកមកឃុំឃាំងនោះក្នុងផ្ទះវិញ។
ដោយសារតែគណបក្សនេះគ្មានមេដឹកនាំ អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេសកាលពីដើមខែធ្នូបានធ្វើសន្និសីទដាច់ដោយឡែកៗពីគ្នានៅសហរដ្ឋអាមេរិក និងប្រទេសបារាំងដោយសម្រេចបោះឆ្នោតគាំទ្រលោក សម រង្ស៊ី ជាប្រធានស្ដីទី។
ក្រោយពីលោក សម រង្ស៊ី ត្រូវបានតែងតាំងជាប្រធានស្ដីទីក្រុមសកម្មជនគណបក្សប្រឆាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសបានចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រដោយធ្វើញត្តិជាបន្តបន្ទាប់គាំទ្រមេដឹកនាំរបស់ខ្លួន។ ក៏ប៉ុន្តែយុទ្ធនាការនេះត្រូវបានរារាំងពីក្រុមសមត្ថកិច្ចដែលជាការអនុវត្តផ្ទុយនឹងសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយរបស់ប្រជាពលរដ្ឋ៕
