អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រកាសនៅក្នុងប្រព័ន្ធតេឡេហ្គ្រាម(Telegram) នៅថ្ងៃទី១ វិច្ឆិកាថា របបឯកបក្ស របស់លោក មិនអនុវត្តតាមការទាមទាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា (IPU) ជាដាច់ខាត ដែលស្នើដោះលែងលោក កឹម សុខា និងបើកឲ្យគណបក្សសង្គ្រោះជាតិមកប្រកួតប្រជែងនយោបាយវិញនោះ។
លោក សុខ ឥសាន ប្រតិកម្មថា គណៈកម្មាធិការសិទ្ធិមនុស្សនេះ គ្រាន់តែជាអង្គការចាត់តាំងមួយបម្រើនយោបាយ និងមនោគមវិជ្ជាអន្តរជាតិណាមួយតែប៉ុណ្ណោះ ហើយអះអាងថា របបឯកបក្សរបស់លោក កើតចេញពីការបោះឆ្នោត ត្រឹមត្រូវ មានឯករាជ្យ អធិបតេយ្យភាពពេញលេញ មិនខ្ចីយកត្រចៀកស្ដាប់ និងយកភ្នែកមើលសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្ស IPU ឡើយ។
សហភាពអន្តរសភា IPUក្រោយការបិទបញ្ចប់មហាសន្និបាតលើកទី១៣៩ របស់ខ្លួននោះ បានចេញសេចក្ដីសម្រេច កាលពីថ្ងៃទី១៨ ខែតុលា ថ្កោលទោសរបបលោក លោក ហ៊ុន សែន ដោយសារតែការរំលោភសិទ្ធិតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យ៉ាងធ្ងន់ធ្ងរ ហើយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិបង្កើតអង្គការសមាគម និងសិទ្ធិជួបជុំគ្នា ដើម្បីតវ៉ាដោយសន្តិវិធី ក៏ត្រូវបានរំលោភបំពានខ្លាំងក្លា។
សេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអន្តរសភានេះមាន ១២ចំណុច ជំរុញសាជាថ្មីឲ្យរបបលោក ហ៊ុន សែន ពិនិត្យនិងអនុវត្ត ក្នុងនោះមាន ទាមទារបើកឲ្យគណបក្សសង្គ្រោះជាតិ និងមន្ត្រីបក្សនេះទាំង ១១៨រូប ធ្វើនយោបាយឡើងវិញ ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយ គ្មានលក្ខខណ្ឌ។ ត្រូវដោះលែង និងលើកលែងការចោទប្រកាន់ទៅលើមនុស្ស ទាំងអស់ ទាក់ទងនិងរឿងនយោបាយ ត្រូវស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដ និងត្រូវបើកឲ្យមានប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យជាដើម។
លោក សុខ ឥសាន អះអាងថា សហភាពអន្តរសភា IPU មិនមែនជាចៅហ្វាយនាយ ឬជាថៅកែរបស់កម្ពុជាឡើយ ដូច្នេះ សេចក្ដីសម្រេចនេះ មិនខ្មេះទេ ហើយអត់បានការឡើយ។
របបលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានព្រមានដកខ្លួនពីសមាជិកភាព របស់សហអន្តរសភា IPU ក្នុងចំណោមប្រទេសជាសមាជិកចំនួន ១៧៣ប្រទេស ដោយសារតែ ការសម្រេចឲ្យរបបឯកបក្ស ងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕
សូមស្ដាប់បទសម្ភាសន៍បន្ថែម រវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត មាស នី ដូចតទៅ
