លោក ហ៊ុន សែន លាលែងពីសមាជិកសភាត្រៀមទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា

ដោយ ច័ន្ទ ដារ៉ូ
2024.04.01
លោក ហ៊ុន សែន លាលែងពីសមាជិកសភាត្រៀមទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសលាលែងពីសមាជិកសភា ក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាស​​លាលែង​​ពី​​សមាជិក​​សភា​ដើម្បី​​ត្រៀម​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ។ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​រិះគន់​លោក ហ៊ុន សែន ថា កំពុង​រៀបចំ​ការដឹកនាំ​តាម​បែប​ផ្ដាច់ការ​ដើម្បី​រក្សា​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​។

ថ្លែង​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​ទី០១ ខែ​មេសា លោក ហ៊ុន សែន ប្រកាស​​លាឈប់​ពី​សមាជិកសភា​នីតិកាល​ទី​៧​។ តែ​យ៉ាង​ណា ការលាលែង​ពី​តួនាទី​សមាជិក​សភា​នៅ​ពេលនេះ គ្រាន់តែ​ជា​ស្ពាន​សម្រាប់​លោក​ឈាន​ទៅ​ក្ដោបក្ដាប់​អំណាច​នៅ​ស្ថាប័ន​ជាតិ​បន្ថែម គឺ​ប្រធាន​ព្រឹទ្ធសភា​ដែល​គ្រោង​បើក​សម័យ​ប្រជុំ​ដំបូង​នៅ​ថ្ងៃទី៣ ខែ​មេសា​ខាង​មុខ​នេះ​។

លោក ហ៊ុន សែន អះអាង​​ថា វត្តមាន​លោក​ក្នុង​តួនាទី​ជា​សមាជិក​សភា​រយៈពេល​៤៣​ឆ្នាំ និង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ជិត​៤០​ឆ្នាំ​មក​នេះ បាន​បន្សល់​ស្នាដៃ​ជាច្រើន​សម្រាប់​ជាតិ​។ លោក​ក៏​អួត​សរសើរ​សមាជិក​សភា​សម័យ​រដ្ឋកម្ពុជា បាន​បើក​ផ្លូវ​ចរចា​ទើប​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ចំណែក​សមាជិក​សភា​ចាប់​ពី​ឆ្នាំ១៩៩៣​មក បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ ព្រមទាំង​គាំទ្រ​រូប​លោក និង​កូន​ប្រុស​របស់​លោក​ជា​បន្ត​បន្ទាប់។ ទោះបី​ជា​លោក​ចាកចេញ​ទៅ​បំពេញ​មុខងារ​មួយទៀត​យ៉ាង​ណា​ក្ដី ក៏​មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ ឆ្លៀត​ប្រាប់​ទៅ​សមាជិកសភា​ថា លោក​នៅតែ​មាន​អំណាច​ចុះ​ហត្ថលេខា​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅ​រដ្ឋសភា​ក្នុង​នាម​លោក​ជា​ប្រធាន​គណបក្ស​កាន់អំណាច​។

លោក ហ៊ុន សែន​៖ «​អរគុណ​សមាជិក​សភា​គ្រប់​យ៉ាង​ដែល​បាន​គាំទ្រ​ចំពោះ​រូប​ខ្ញុំ ហើយ​ឥឡូវ​បន្ត​គាំទ្រ​អ្នក​ជំនាន់​ថ្មី​កំពុង​ដឹកនាំ​រដ្ឋាភិបាល ពួក​យើង​ជំនាន់​ចាស់​មក​អង្គុយ​ជា​សមាជិក​សភា​នៅ​ទី​នេះ ប៉ុន្តែ​ខ្ញុំ​ជាមួយ​ឯកឧត្ដម ប្រាក់ សុខុន មិន​មាន​វត្តមាន​ទេ​ដោយ​យើង​​នឹង​ចាកចេញ​​ពី​រដ្ឋសភា​នៅ​ត្រឹម​ថ្ងៃ​ស្អែក ខ្ញុំ​បញ្ជាក់​ថា​ខ្ញុំ​មិន​បាន​លា​អ្នក​ទាំងអស់​គ្នា​ជា​រៀង​រហូត​ដោយ​មិន​ជួប​នោះ​ទេ យមរាជ​​​មិន​ទាន់​ត្រូវការ​ខ្ញុំ​ទេ គឺ​មាន​តែ​ព្រះឥន្ទ​​មួយ​គត់​មាន​សិទ្ធិ​អារកាត់​ជីវិត​របស់​ខ្ញុំ​ដល់​ពេល​ណា យមរាជ​​គ្មាន​សិទ្ធិ​យក​ខ្ញុំ​ទៅ​ឋាន​នរក​ទេ ​»​

កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​ផ្ទេរ​អំណាច​នាយក​រដ្ឋមន្ត្រី ឱ្យ​ទៅ​កូន​ប្រុស​គឺ​លោក ហ៊ុន ម៉ាណែត ក្រោយពេល​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស និង​អវត្តមាន​គណបក្ស​ប្រឆាំង​លើ​សង្វៀន​ប្រកួត​ប្រជែង។ បន្ទាប់មក​លោក​ប្រមូល​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឥទ្ធិពល​មួយ​ចំនួន​រួមមាន​លោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន ជាដើម ឱ្យ​ទៅ​ធ្វើជា​សមាជិក​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​មាន​លោក​ធ្វើ​ជា​ប្រធាន​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី។

លើស​ពី​នេះ​លោក ហ៊ុន សែន នឹង​ទៅ​អង្គុយ​តំណែង​កំពូល​ក្នុង​អង្គ​នីតិប្បញ្ញត្តិ​គឺ​ប្រធាន​ព្រឹទ្ធសភា​ខាង​មុខ​នេះ​ជំនួស​លោក សាយ ឈុំ ដោយ​ផ្ដល់​តំណែង​លួង​ចិត្ត​ឱ្យ​ទៅ​លោក សាយ ឈុំ ធ្វើ​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​វិញ​។

ផ្ទុយទៅវិញ​អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន សែន ថា កំពុង​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ជោគ​វាសនា​ជាតិ​ដែល​ពួកគេ​បារម្ភ​ថា កម្ពុជា​ទាំង​មូល​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ត្រកូល​ហ៊ុន​ជា​អ្នក​គ្រប់គ្រង​ផ្ដាច់មុខ​។

អតីត​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ ថ្លែង​ថា​សមាជិក​សភា​មាន​តួនាទី​ការពារ​ផលប្រយោជន៍​របស់​ពលរដ្ឋ​ជា​ធំ ប៉ុន្តែ​លោក​មើល​ឃើញ​ថា​លោក ហ៊ុន សែន តែងតែ​យក​អំណាច​កើត​ចេញ​ពី​អំពើ​ធ្វើ​រដ្ឋប្រហារ រំលោភ​រដ្ឋធម្មនុញ្ញ ទៅ​ដឹកនាំ​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ ។ លើស​ពី​នេះ មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​នៅ​ក្រៅ​​ប្រទេស​រូប​នេះ​ឱ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ដើម្បី​ឱ្យ​គ្រួសារ និង​បក្ខពួក​របស់​លោក​នៅ​បន្ត​គ្រប់គ្រង​អំណាច​ត​ទៅ​ទៀត។

លោក ម៉ែន សុថាវរិន្ទ្រ​៖ «​បន្ទាប់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បន្ទាប់​ពី​រដ្ឋប្រហារ​ទម្លាក់​​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាល​នោះ មាន​ប្រជាធិបតេយ្យ​បន្តិចបន្តួច តែ​ឥឡូវ​នេះ​ចាប់ផ្ដើម​អត់​​មាន​លទ្ធិប្រជាធិបតេយ្យ​បន្តិច​សោះ មាន​តែ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រដាស​របស់​គាត់​(ហ៊ុន សែន)និយាយ គឺ​គ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច​ទាំងអស់​១២៥លើ១២៥​អាសនៈ​នៅ​​ក្នុង​​រដ្ឋសភា ផ្ដាច់ការ​អ៊ីចឹង​មិន​អាច​ដឹកនាំ​ប្រទេស​ទៅ​មុខ​រួច​ទេ យូរ​ៗ​ទៅ​ការ​ដឹកនាំ​នេះ​​ដូច​​ប្រទេស​កូរ៉េ​ខាង​ជើង​អ៊ីចឹង​»។​

ចំណែក​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ មានប្រសាសន៍​ថា រយៈពេល​ជាង​៤០ឆ្នាំ​មក​នេះ លោក ហ៊ុន សែន ធ្វើ​ជា​សមាជិក​សភា និង​កាន់​អំណាច ជា​នាយក​រដ្ឋមន្ត្រី​បាន​កែ​ច្បាប់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​ ដែល​ខុស​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្កើត​​សន្ធិសញ្ញា​បំពេញ​បន្ថែម​រវាង​កម្ពុជា-វៀតណាម​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ជាដើម។

លោក​មើល​ឃើញ​ថា​លោក ហ៊ុន សែន លាលែង​ពី​​តំណែង​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទេរ​ឱ្យ​ទៅ​កូន និង​ការ​ចាកចេញ​ពី​សមាជិក​សភា​ទៅ​កាន់​តំណែង​ប្រធាន​ព្រឹទ្ធសភា​ពុំ​មែន​ជា​ការ​ដើរ​ចេញ​អំណាច​សម្រាប់​ផលប្រយោជន៍​ជាតិ​ដូច​មេដឹកនាំ​ប្រជាធិបតេយ្យ​នោះ​ទ តែ​នេះ​ជា​មធ្យោបាយ​របស់​មេដឹកនាំ​ផ្ដាច់ការ​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន។

លោក ហ៊ុន សែន៖ «​ការ​ដើរ​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី និង​ពី​សភា​របស់​ពួក​ជន​ផ្ដាច់ការ ជា​ឧទាហរណ៍​ដូចជា​លោក ហ៊ុន សែន ទៅ​កាន់​ព្រឹទ្ធសភា​មិនមែន​ដើរ​ចេញ​ពី​អំណាច​នោះ​ទេ ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​ផ្ដាច់ការ​ប្រើ​ព្រឹទ្ធសភា​ជា​ឧបករណ៍​បន្ត​​ថាមពល​អំណាច គឺ​គាត់(ហ៊ុន សែន)ទៅ​ទី​ខ្ពស់​លើស​គេ​ក្នុង​ការ​បញ្ជា​នយោបាយ​ពី​ក្រោយ​ខ្នង​តាម​សិល្បៈ​រក្សា​អំណាច​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​របស់​គាត់ »​

អ្នកឃ្លាំមើល និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ព្រួយបារម្ភ​ចំពោះ​ប្រទេស​កម្ពុជា​​នឹង​មិន​ត្រឹម​តែ​ជា​រដ្ឋ​ឯក​បក្ស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​រដ្ឋ​គ្រប់គ្រង​ដោយ​គ្រួសារ​តែមួយ ក្នុង​ពេល​ដែល​លោក ហ៊ុន សែន នឹង​​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ខណៈ​កូនប្រុស​ច្បង​របស់​លោក​ធ្វើជា​នាយក​រដ្ឋមន្ត្រី និង​​កូនប្រុស​ពៅ​របស់​លោក​ទើប​ត្រូវ​បាន​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​ឧបនាយក​រដ្ឋមន្ត្រី​។  ពួកគេ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​បញ្ឈប់​ការ​ក្រសោប​យក​អំណាច​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន  និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​អំពាវនាវ​ដល់​អ្នក​ប្រជាធិបតេយ្យ អ្នក​ស្រឡាញ់​យុត្តិធម៌​គ្រប់​និន្នាការ រួម​កម្លាំង​គ្នា​ទប់ស្កាត់​មហិច្ឆតា​របស់​លោក ហ៊ុន សែន ដែល​ពួកគេ​ប្រដូច​ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។