ភរិយា​លោក ងួន សឿរ អះអាង​ថា មរណភាព​ស្វាមី មាន​មន្ទិល​សង្ស័យ​ច្រើន

0:00 / 0:00

ក្រុម​គ្រួសារ អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច អះអាង​ថា ក្រុម​អ្នក​ជំនាញ​កំពុង​ពិនិត្យ​លើ​សាកសព​លោក ងួន សឿរ ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​ពិត​ប្រាកដ។

ភរិយា​លោក ងួន សឿរ បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី១ កុម្ភៈ​ថា អ្នកស្រី​នៅ​រង់ចាំ​លទ្ធផល​តេស្ដ ពី​មន្ត្រី​អ្នក​ជំនាញ​បារាំង ដើម្បី​ដឹង​ពី​មូលហេតុ​ពិត​នៃ​មរណភាព លោក ងួន សឿរ។ អ្នកស្រី បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​បឋម​ថា លោក ងួន សឿរ បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំង​បេះដូង តែ​អ្នកស្រី​មិន​ទាន់​ជឿ​នៅ​ឡើយ​ទេ។ អ្នកស្រី អះអាង​ថា លោក ងួន សឿរ បាន​ស្លាប់​លឿន​ពេក​ទាំង ដែល​អ្នកស្រី​មិន​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ។

លោក ងួន សឿរ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​អគ្គស្នងការ​រង​នគរបាល​ជាតិ។ លោក ងួន សឿរ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​មុន​ពេល​ស្លាប់​ថា លោក​ធ្លាប់​បន្លំ​ខ្លួន​ចូល​ទៅ​រស់នៅ​កម្ពុជា​វិញ​ជាង ១០ឆ្នាំ ក្រោយ​ពី​មាន​ដីកា​តាម​ចាប់​ខ្លួន ពី​ប៉ូលិស​អំាងទែប៉ូល (Interpol) ឬ​ប៉ូលិស​អន្តរជាតិ បន្ទាប់​ពី​តុលាការ​កម្ពុជា​បាន​ចោទ​ប្រកាន់​លោក​ថា ជា​មេខ្លោង​ចាប់​ជំរិត​លោក សូ អាកណូ កូន​ប្រុស​របស់​លោក សូផន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១១។ លោក ងួន សឿរ អះអាងនៅក្នុងនាទិវេទិកាអ្នកស្ដាប់អាស៊ីសេរីកាលពីរាត្រីថ្ងៃទី២៥មករាថា ការ​ចោទ​ប្រកាន់​នេះ ជា​រឿង​ប្រឌិត​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា លោក សូ ផន បាន​រំលោភ​យក​ដី​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ដូច្នេះ​ហើយ​បាន​ជា​គេ​បង្កើត​សាច់​រឿង ដើម្បី​តាម​ចាប់​ខ្លួន​លោក។

លោក ងួន សឿរ ឲ្យ​ដឹង​នៅ​មុន​ពេល​ស្លាប់​ថា លោក​បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ នៅ​ក្នុង​ខែធ្នូ ឆ្នាំ២០២១ នៅ​ក្រោយ​ពេល​លោក​បាន​រត់​គេច​ទៅ​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ជញ្ជួន​មក​ប្រទេស​បារាំង​វិញ ដោយសារ​តែ​លោក​មាន​សញ្ជាតិ​បារាំង។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​លើក​ចុង​ក្រោយ កាលពីរាត្រីថ្ងៃអង្គារទី២៥ មករា​ដដែល​នោះ លោក ងួន សឿរ បាន​រៀបរាប់​ពី​លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ជា​អ្នក​បញ្ជា​កូនចៅ​របស់​ខ្លួន ឲ្យ​ទៅ​បាញ់​សម្លាប់ លោក ហូ សុខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ច្រើន​នាក់​ទៀត រួម​ទាំង​លោក ជា វិជ្ជា ផង។ លោក ងួន សឿរ ចោទ​ថា លោក ហុក ឡង់ឌី ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន។

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​ជា​ផ្លូវការ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ។