ក្រុមគ្រួសារ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា ក្រុមអ្នកជំនាញកំពុងពិនិត្យលើសាកសពលោក ងួន សឿរ ដើម្បីបញ្ជាក់អំពីមូលហេតុនៃការស្លាប់ពិតប្រាកដ។
ភរិយាលោក ងួន សឿរ បានថ្លែងបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី១ កុម្ភៈថា អ្នកស្រីនៅរង់ចាំលទ្ធផលតេស្ដ ពីមន្ត្រីអ្នកជំនាញបារាំង ដើម្បីដឹងពីមូលហេតុពិតនៃមរណភាព លោក ងួន សឿរ។ អ្នកស្រី បញ្ជាក់ថា ក្រុមគ្រូពេទ្យបានបញ្ជាក់បឋមថា លោក ងួន សឿរ បានស្លាប់ដោយសារតែជំងឺគាំងបេះដូង តែអ្នកស្រីមិនទាន់ជឿនៅឡើយទេ។ អ្នកស្រី អះអាងថា លោក ងួន សឿរ បានស្លាប់លឿនពេកទាំង ដែលអ្នកស្រីមិនដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយ។
លោក ងួន សឿរ ជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតអគ្គស្នងការរងនគរបាលជាតិ។ លោក ងួន សឿរ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី នៅមុនពេលស្លាប់ថា លោកធ្លាប់បន្លំខ្លួនចូលទៅរស់នៅកម្ពុជាវិញជាង ១០ឆ្នាំ ក្រោយពីមានដីកាតាមចាប់ខ្លួន ពីប៉ូលិសអំាងទែប៉ូល (Interpol) ឬប៉ូលិសអន្តរជាតិ បន្ទាប់ពីតុលាការកម្ពុជាបានចោទប្រកាន់លោកថា ជាមេខ្លោងចាប់ជំរិតលោក សូ អាកណូ កូនប្រុសរបស់លោក សូផន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១១។ លោក ងួន សឿរ អះអាងនៅក្នុងនាទិវេទិកាអ្នកស្ដាប់អាស៊ីសេរីកាលពីរាត្រីថ្ងៃទី២៥មករាថា ការចោទប្រកាន់នេះ ជារឿងប្រឌិតតែប៉ុណ្ណោះ។ លោកបន្ថែមថា លោក សូ ផន បានរំលោភយកដីរបស់លោកនៅទីក្រុងភ្នំពេញ ដែលមានតម្លៃរាប់លានដុល្លារ ដូច្នេះហើយបានជាគេបង្កើតសាច់រឿង ដើម្បីតាមចាប់ខ្លួនលោក។
លោក ងួន សឿរ ឲ្យដឹងនៅមុនពេលស្លាប់ថា លោកបានត្រឡប់ទៅប្រទេសបារាំងវិញ នៅក្នុងខែធ្នូ ឆ្នាំ២០២១ នៅក្រោយពេលលោកបានរត់គេចទៅប្រទេសថៃ ហើយត្រូវបានប៉ូលិសថៃចាប់ជញ្ជួនមកប្រទេសបារាំងវិញ ដោយសារតែលោកមានសញ្ជាតិបារាំង។
នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីលើកចុងក្រោយ កាលពីរាត្រីថ្ងៃអង្គារទី២៥ មករាដដែលនោះ លោក ងួន សឿរ បានរៀបរាប់ពីលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ជាអ្នកបញ្ជាកូនចៅរបស់ខ្លួន ឲ្យទៅបាញ់សម្លាប់ លោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចជាច្រើននាក់ទៀត រួមទាំងលោក ជា វិជ្ជា ផង។ លោក ងួន សឿរ ចោទថា លោក ហុក ឡង់ឌី ធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន។
មកទល់ពេលនេះ រដ្ឋាភិបាលមិនទាន់ឆ្លើយតបជាផ្លូវការជុំវិញការចោទប្រកាន់នេះនៅឡើយទេ។
