អ្នកវិភាគលើកឡើងថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដោយសារតែរដ្ឋាភិបាលមិនទាន់បង្ហាញឆន្ទៈកែប្រែស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលកំពុងធ្លាក់ចុះតាមសំណើរបស់គណៈកម្មការរបស់អឺរ៉ុប។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា កម្ពុជាកំពុងតែអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សស្រាប់ ហើយថែមកំពុងមានសន្តិភាពទៀតផង។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី ថ្លែងថា បើសិនជាកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមែនោះ គឺប្រៀបដូចជា កម្ពុជាបំផ្លាញទីផ្សារ ឬអតិថិជនរបស់ខ្លួន ដែលមានស្រាប់ដូច្នោះដែរ។ លោកបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មសំខាន់ គឺការស្វែងរកទីផ្សារថ្មីបន្ថែមទៀត សម្រាប់លក់ផលិតផលរបស់ខ្លួន ក៏ប៉ុន្តែបើសិនជារដ្ឋាភិបាលមិនអនុវត្តតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបលើគោលការណ៍គោរពសិទ្ធិមនុស្ស និងការស្ដារឡើងវិញប្រជាធិបតេយ្យទេនោះ គឺកម្ពុជានឹងបាត់បង់ចំណូលដ៏សំខាន់មួយពីទីផ្សារអឺរ៉ុប៖ «បើសិនជាយើងជាអ្នកធ្វើពាណិជ្ជកម្ម គឺគេមិនដែលកាត់បន្ថយអតិថិជនទេ គឺគេបង្កើនអតិថិជន អ៊ីចឹងការបាត់បង់ EBA គឺបាត់បង់អតិថិជនមួយធំណាស់ មួយទៀត នៅខណៈយើងយើងកំពុងត្រូវចំណាយច្រើននេះ យើងមិនត្រូវចំណាយកាន់តែច្រើនទេ»។
លោក បណ្ឌិត មាស នី បន្ថែមថា ក្រោយពីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA បើទោះជាកម្ពុជានៅតែអាចនាំផលិតផលយកទៅលក់នៅទីផ្សារអឺរ៉ុបបានដដែល ដោយគ្រាន់តែត្រូវបង់ពន្ធក្ដី ក៏ប៉ុន្តែមិនប្រាកដថា កម្ពុជានៅតែអាចរក្សាបរិមាណនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនេះ បានចំនួនដដែលឡើយ ពីព្រោះថា អ្នកវិនិយោគនៅកម្ពុជាអាចនឹងដកខ្លួនថយ ដោយសារតែវិនិយោគិនទាំងនោះមិនទទួលបានផលចំណេញច្រើន ហើយម្យ៉ាងទៀត អ្នកវិនិយោគខ្លះទៀត ក៏គេមិនសប្បាយចិត្តនឹងរកស៊ីជាមួយកម្ពុជាដែលជាប្រទេសមានស្ថានភាពសិទ្ធិមនុស្សមិនល្អដែរ៖ «បើសិនជារដ្ឋាភិបាលមិនមានសមត្ថភាពគ្រប់គ្រងស្ថានភាពនេះទេ ហើយបណ្ដោយឱ្យទៅ ដោយសារតែការចង់កាន់កាប់អំណាចនេះ គឺយើងមានភាពស្មុគស្មាញណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជានៅពេលខាងមុខ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅក្នុងប្រព័ន្ធតេឡេហ្គ្រាម (Telegram) នៅថ្ងៃទី១៧ ធ្នូ ដោយអះអាងថា កម្ពុជាកំពុងមានសន្តិភាព និងស្ថិរភាពនយោបាយ គឺមានន័យថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ល្អដែរ។ ទោះជាយ៉ាងណាការលើកឡើងរបស់លោក សុខ ឥសាន ដែលថា ស្ថានភាពសិទ្ធិមនុស្សល្អហើយនោះ មិនត្រឹមតែផ្ទុយពីការរកឃើញរបស់អ្នកជំនាញខាងសិទ្ធិមនុស្សនៃសហគមន៍ជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយពីការរកឃើញរបស់សហគមន៍អឺរ៉ុបទៀតផង។
របាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ដាក់ជូនរដ្ឋាភិបាលកម្ពុជា រកឃើញថា កម្ពុជា កំពុងខុសគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ គណៈកម្មការអឺរ៉ុបថា កម្ពុជាកំពុងតែរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិសំខាន់ៗចំនួន៥ ក្នុងនោះរួមមាន សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិការងារ សិទ្ធិដីធ្លី សិទ្ធិសង្គម និងវប្បធម៌។
ការសម្រេចចិត្តព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ អាចធ្វើឡើងក្រោមរូបភាពពីរយ៉ាង ទី១ ជាការព្យួរទាំងស្រុងតែម្ដង មានន័យថា កម្ពុជាត្រូវបង់ពន្ធរាល់មុខទំនិញនាំចេញទាំងអស់ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ជម្រើសទី២ គឺគណៈកម្មការអឺរ៉ុបអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះដោយផ្នែក ដែលមានន័យថា កម្ពុជាត្រូវបង់ពន្ធលើមុខទំនិញមួយចំនួន ដែលនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ហើយការយកពន្ធផ្លូវការពីកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខ។ បើមានការយកពន្ធទាំងស្រុងមែន នោះកម្ពុជានឹងត្រូវខាតបង់ទឹកប្រាក់ជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬជិត ២លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ដែលនេះគេនៅមិនទាន់គិតពីផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដោយផ្ទាល់ និងដោយប្រយោលដទៃទៀតទេ។
ប្រធានសមាគមអាដហុក លោក ធន សារ៉ាយ មានប្រសាសន៍ថា បើសិនជាកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះមែន ក្រុមអ្នកមានអំណាចដែលសម្បូរធនធាននោះ ក៏មិនអាចរស់នៅសុខស្រួលដែរ ពីព្រោះថា នៅពេលនោះ កម្ពុជានឹងមានវិបត្តិជាច្រើនកើតឡើង ដូចជាវិបត្តិសេដ្ឋកិច្ច នយោបាយ និងវិបត្តិសង្គមជាដើម៖ «ដូចកន្លងមកគ្រាន់តែរោងចក្រមួយបិទទ្វារភ្លាម ក៏មានបាតុកម្មភ្លាម ចុះទម្រាំរោងចក្របិទច្រើននៅពេលខាងមុខ តើមានអ្វីកើតឡើងច្រើនទៀត សព្វថ្ងៃនេះ មានបញ្ហាច្រើនណាស់ ការលួច ការបន្លំ គ្រឿងញៀន នឹងធ្វើឱ្យសង្គមច្របូកច្របល់»។
អ្នកវិភាគលើកឡើងថា ទោះបីជាលោក ហ៊ុន សែន អះអាងថា របបរបស់លោកមិនព្រួយបារម្ភពីផលប៉ះពាល់ បើសិនជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយសារតែរបបនេះ អាងលើការប្រមូលពន្ធដារពន្ធគយ និងយកចិនជាខ្នងបង្អែកក្ដី ក៏មិនអាចធានានិរន្តរភាពកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយបានយូរអង្វែងដែរ។
ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោកដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានរួចហើយថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ខាងមុខ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរការអនុគ្រោះពន្ធ EBAនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។