ជប៉ុន​នឹង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្ត​សៀមរាប​នៅ​ឆ្នាំ​២០១៨

ដោយ ទីន ហ្សាការីយ៉ា
2017-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​ប្រធាន​សមាគម​មិត្តភាព​សភា​មេគង្គ-ជប៉ុន នៅ​ប្រទេស​ជប៉ុន ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen facebook's page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​ប្រធាន​សមាគម​មិត្តភាព​សភា​មេគង្គ-ជប៉ុន នៅ​ប្រទេស​ជប៉ុន ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen facebook's page
Photo courtesy of PM Hun Sen facebook's page

នៅ​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​សមាគម​មិត្តភាព​សភា​មេគង្គ-ជប៉ុន និង​តំណាង​ក្រុមហ៊ុន​ធំៗ​ចំនួន​៤ របស់​ជប៉ុន លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (facebook) របស់​លោក​ថា ជប៉ុន នឹង​ត្រៀម​បើក​ការិយាល័យ​កុងស៊ុល​នៅ​ខេត្ត​សៀមរាប ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ជប៉ុន ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

នៅ​មុន​ពេល​ជំនួប​ជាមួយ​ប្រធាន​សមាគម​មិត្តភាព​មេគង្គ-ជប៉ុន នេះ លោក ហ៊ុន សែន ក៏​ជួប​តំណាង​ក្រុមហ៊ុន​ជប៉ុន ធំៗ​ចំនួន​៤ ដើម្បី​ពិភាក្សា​ពី​ការ​វិនិយោគ​នៅ​កម្ពុជា ក្នុង​នោះ​មាន​តំណាង​ក្រុមហ៊ុន ដេនសូ (Denso) ក្រុមហ៊ុន​តូយ៉ូតា ថ្សឺស្សូ (TOYOTA Tsuso) ធនាគារ​មីហ្សឹហូ (Mizuho Bank) និង​ក្រុមហ៊ុន​មីនីប៊ែរ (Minebea) ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ញ៉ូវអូតានី (New Otani) ក្រុង​តូក្យូ (Tokyo)

នៅ​ក្នុង​ជំនួប​នេះ លោក ហ៊ុន សែន បាន​បង្ហាញ​ដល់​ក្រុម​អ្នក​វិនិយោគ​ជប៉ុន អំពី​សក្ដានុពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​លោក​អះអាង​ថា បរិយាកាស​នយោបាយ​ល្អ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដែល​បាន​កសាង​ឡើង ប្រព័ន្ធ​ទឹក​ភ្លើង និង​តម្លៃ​ពលកម្ម​ថោក​សមរម្យ ហើយ​នៅ​កម្ពុជា កំពុង​ទទួល​បាន​អ្នក​វិនិយោគិន​ជប៉ុន កាន់​តែ​ច្រើន​ឡើង។ល។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា នឹង​ស្នើ​ឲ្យ​ជប៉ុន បោះ​វិនិយោគទុន​របស់​ខ្លួន​នូវ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ប្រព័ន្ធ​រថភ្លើង​អាកាស​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​តភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ១.៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​ចិន គ្រប​ដណ្ដប់​វិនិយោគទុន​ស្ទើរ​ទាំងស្រុង​នៅ​កម្ពុជា ក៏ដោយ ប៉ុន្តែ​ជប៉ុន នៅ​តែ​ដើរ​តួ​សំខាន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ខណៈ​ជប៉ុន ជា​អ្នក​វិនិយោគ​ទី​បី​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ជប៉ុន ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ដែល​បាន​ផ្តល់​ជំនួយ​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ។

លោក ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe) និង​ជំនួប​សំខាន់ៗ​មួយ​ចំនួន​ទៀត​ជាមួយ​មេ​ដឹកនាំ​ជប៉ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី USA

Well, Well,ហេតុអ្វីបានជាហ៊ុន - សែននិងសុខអ៊ីសានមិនបាននិយាយថា Janpan ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជានៅពេលជប៉ុនផ្តល់ឱ្យលោកហ៊ុនសែនរាប់លានដុល្លារ។ វាពិតជាគួរឱ្យអស់សំណើចមែនដែលហ៊ុនសែននិងសុខអ៊ីសាន់ដើរតួដូចជាក្មេងតូចៗយំសម្រាប់ស្ករគ្រាប់។ នៅពេលពួកគេព្រមានហ៊ុនសែនអំពីគណបក្សសង្គ្រោះជាតិលោកហ៊ុនសែនបាននិយាយថាពួកគេជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុន្តែនៅពេលពួកគេផ្តល់លុយលោកនាយកហ៊ុនសែនមិនដែលលឺពីការនិយាយអវិជ្ជមានទេ។ ហេតុផលនេះ ខ្ញុំគិតថាហ៊ុនសែននិងសុខអេសានគឺជាមនុស្សដែលមើលឃើញតែគុណសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ។

Aug 09, 2017 02:31 AM

គេហទំព័រ​ទាំងមូល