នាយករដ្ឋមន្ត្រី​ជប៉ុន​ថា លោក​មាន​បំណង​សហការ​ជាមួយ​កម្ពុជា​ដើម្បី​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក

ដោយ មាន ឫទ្ធិ
2022.03.20
Share on WhatsApp
Share on WhatsApp
នាយករដ្ឋមន្ត្រី​ជប៉ុន​ថា លោក​មាន​បំណង​សហការ​ជាមួយ​កម្ពុជា​ដើម្បី​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក (ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមិអុ (Fumio Kishida) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​នា​វិមានសន្តិភាព នៅ​ថ្ងៃទី២០ មីនា ២០២២។
រូប៖ ហ្វេសប៊ុក ហ៊ុន សែន

នាយករដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមិអុ (Fumio Kishida) គូសបញ្ជាក់​តាមរយៈ​សារ​របស់ លោក​ផ្ញើ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​មីនា ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​មកកាន់​កម្ពុជា​នា​ពេល​នេះ លោក​មាន​បំណង​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក ដោយសារ​កម្ពុជា​មានចិត្ត​គំនិត​ដ៏​ពិសេស​ចំពោះ​សន្តិភាព តាមរយៈ​បទពិសោធន៍​នៃ​សង្គ្រាម​ស៊ីវិល។

នាយករដ្ឋមន្ត្រី​ជប៉ុន​សង្កត់ធ្ងន់​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន (Ukraine) គឺ​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​ច្បាប់​អន្តរជាតិ។ លោក​ថា ជប៉ុន និង​កម្ពុជា​បាន​ចូលរួម​ជាមួយគ្នា​ជា​ប្រទេស​សហ​ស្ថាបនិក​នៃ​សេចក្តី​សម្រេចចិត្ត​នៃ​កិច្ចប្រជុំ​ពិសេស​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​រុស្ស៊ី (Russia) បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយក្រែន។ លោក​ថា កម្ពុជា និង​ជប៉ុន​ក៏បាន​សម្ដែង​ការ​ប្រឆាំង​យ៉ាង​ច្បាស់​ចំពោះ​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​ដោយ​កម្លាំង​ជា​ឯកតោភាគី​របស់​រុស្ស៊ី និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

ទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន ក្យូដូ (Kyodo) រាយការណ៍​កាលពី​ថ្ងៃទី​១៨ ខែ​មីនា ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​មក​កាន់​កម្ពុជា​នា​ពេល​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជប៉ុន​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន (ASEAN) ក្នុង​ការ​ជំរុញ​ឱ្យ​មាន​នូវ​ការ​ឆ្លើយតប​រួមគ្នា​មួយ​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​មក​លើ​ប្រទេស​អ៊ុយក្រែន។

នៅមុន​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា (India) ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះ​ទៅ​រក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ​មួយ ស្រប​ពេល​ដែល​ជប៉ុន និង​ឥណ្ឌា គឺជា​ប្រទេស​សមាជិក​ពីរ​នៃ​ក្រុម​សម្ព័ន្ធមិត្ត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​បួន​ប្រទេស (the QUAD) ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក រួមមាន ជប៉ុន ឥណ្ឌា អូស្ត្រាលី (Australia) និង​សហរដ្ឋអាមេរិក (USA)

នៅមុន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​មក​កាន់​កម្ពុជា​នា​ពេល​នេះ នាវាចម្បាំង​របស់​កង​កម្លាំង​ស្វ័យការពារ​លម្ហ​សមុទ្រ​ជប៉ុន​ពីរ​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ និង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កំពង់ផែ​កងទ័ពជើងទឹក​រាម ជាទី​ដែល​សហរដ្ឋអាមេរិក​សង្ស័យ​ជា​យូរ​មក​ហើយ​ថា កម្ពុជា​បាន​លួច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋានទ័ព​នៅ​ទីនោះ​។ នៅ​មួយ​ខែ​មុន​ដំណើរ​ទស្សនកិច្ច​នេះ កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។ ក្រុម​អ្នកវិភាគ​មួយចំនួន​មើល​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​នា​ពេល​នោះ គឺជា​ការ​ស្ទាបស្ទង់​ស្វែងរក​ការ​គាំទ្រ​ពី​ជប៉ុន​ចំពោះ​បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​លោក ហ៊ុន សែន លើក​បន្តុប​ចង់ឱ្យ​បន្តវេន​ពី​លោក​។ កាលណោះ ជប៉ុន​បាន​ជំរុញ​ឱ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ខាងមុខ តាម​បែប​ប្រជាធិបតេយ្យ ពោល​គឺ​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​សំឡេង​ចម្រុះ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៃ​ពលរដ្ឋ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។