អ្នកឃ្លាំមើល​ថា ​កម្ពុជា​ទំនង​មិនអាច​ជម្រះ​មន្ទិល​សង្ស័យ​រឿង​មូលដ្ឋាន​ទ័ពជើង​ទឹករាមឡើយ ទោះជាមានទស្សនកិច្ច​របស់យោធា​ជប៉ុន

0:00 / 0:00

អ្នកឃ្លាំមើល​ថា ​កម្ពុជា​ទំនង​មិនអាច​ជម្រះ​មន្ទិល​សង្ស័យ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​កងទ័ព​ចិន និង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាមបាន​ឡើយ ​បើ​ទោះ​ជា​មាន​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​យោធា​ជប៉ុន​​ក៏ដោយ។ ការ​លើក​ឡើង​នេះ ​បន្ទាប់​ពី​គណៈប្រតិភូ​ជប៉ុន​បាន​ទៅ​ទស្សនកិច្ច​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម កាល​ពីថ្ងៃទី១៦ ខែ​មីនា ជាថ្ងៃទី២ ដែល​នាវាចម្បាំង​ជប៉ុន​ចំនួន​២​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ដើម្បី​រំឭក​ខួប​នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា​កាលពី​៣០​ឆ្នាំមុន។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជប៉ុន ទៅ​កាន់​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ដែល​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​ចិន​នោះ​ទំនង​គ្រាន់តែ​អាច​បាន​ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​យក​ជា​តឹកតាង​សម្រាប់​វិស័យ​ការទូត ប៉ុន្តែ​មិន​អាច​ឱ្យ​អន្តរជាតិ​ ជាពិសេស​សហរដ្ឋអាមេរិកជឿ​បាន ឬ​លុបបំបាត់​មន្ទិល​សង្ស័យ​ពី​រឿងលួចឱ្យចិនបោះមូលដ្ឋានទ័ពនៅទីនោះបានឡើយ។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ មើលឃើញ​ថា ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចំណេញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជប៉ុន​ទៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នេះ ប្រសិន​បើ​រដ្ឋាភិបាល​ចង់​​ឱ្យ​ជប៉ុន​ជួយ​ជម្រះ​មន្ទិល​សង្ស័យ​នៅ​ទីតាំង​នោះ ដោយ​​ជ្រើស​រើស​​យក​​​​ផល​ប្រយោជន៍​ជាតិ ជា​ជា​ការ​ការពារ​អំណាច​ក្រុម​បក្ស​ពួក​ខ្លួន៖ « ជប៉ុន​ធ្វើ​បែបនេះ​ គឺ​ជួយ​កម្ពុជា​សម្បើម​ណាស់ ប៉ុន្តែ​ជួយ​បាន ឬ​មិនបាន​វា​ស្ថិត​នៅ​លើ​ការសម្រេច​ចិត្ត​របស់​ក្រុម​លោក ហ៊ុន សែន បង្ហាញ​ជំហរ​ថា ​ខ្លួន​ចង់​រក្សា​លំនឹង​ជួយ​ជាតិ​កម្ពុជា ឬ​ក៏​អត់ ឬ​ក៏​ល្បែង​អំណាច​របស់​ខ្លួន​នៅ​តែ​ធំ​ពេក ហើយ​នៅ​តែ​ចង់​​ភ្ជាប់​ទៅ​ហ្នឹង​អំណាច​យោធា​របស់​ប្រទេស​ចិន ដែល​បស្ចិម​ប្រទេស​គេ​សង្ស័យ។ អ្វី​ដែល​គេ​មាន​ការសង្ស័យ​នោះ​ហើយ​ប្រទេស​ជប៉ុន​មិន​ជួយ​ជម្រះ​ទេ​បាន​ន័យ​ថា​បញ្ហា​ហ្នឹង ​គឺ​កាន់​តែ​លំបាក​ដល់​កម្ពុជា ព្រោះ​ថា​ថ្ងៃ​ក្រោយ​មិនដឹង​មាន​កងទ័ព​ប្រទេស​ណា ឬ​មិត្ត​នៃ​ប្រទេស​ណា​ដែល​គួរ​ឱ្យ​ទុកចិត្ត​មក​ជួយ​លាង​ជម្រះ​កម្ពុជា​ដូច​ជប៉ុន​ទៀត​ទេ»

គណៈប្រតិភូ​កងកម្លាំង​ស្វ័យ​ការពារជប៉ុន ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ដឹកនាំ​ដោយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ​(MIKAMI Masahiro)​ និង​​មេបញ្ជាការ​កងពល​ធំ​ទី​១ បោសសម្អាត​មីន​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​ដឹកនាំ​ដោយ​លោក ណូហ្ស៊ូឈី យ៉ាស៊ូស៊ី​ (Nogochi Yasushi)​ បាន​​ពិនិត្យ​មើល​សមិទ្ធផល​នានា ដែល​ជា​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម។ មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ លោក អ៊ុក សីហា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ប្រតិភូ​ជប៉ុន​បាន​ចុះ​ពិនិត្យ​មើល​សមិទ្ធផល​នានា ដែល​ជា​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម និង​រោង​ជាង ដែល​ជា​កន្លែង​សម្រាប់​ជុសជុល​ថែទាំ​នាវា​របស់​កម្ពុជា។ តែ​ទោះ​ជា​យ៉ាងណា ​រដ្ឋមន្ត្រី​ការពារ​ជាតិលោក ទៀ បាញ់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​​ដែរ​​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជប៉ុន​នេះ​ជា​ការ​ចូល​ទៅ​ស្វាគមន៍​ជា​ធម្មតា​មិន​ទាក់ទង​នឹង​ការសង្ស័យ​ណាមួយ ដែល​ប្រទេស​មួយចំនួន​ចោទ​ប្រកាន់​កម្ពុជា​ឡើយ។

វិទ្យុអាស៊ីសេរី កំពុងទាក់ទងស្ថានទូតជប៉ុនប្រចាំក្រុងភ្នំពេញ ដើម្បីសុំការបញ្ជាក់​បន្ថែម​ជុំវិញ​ដំណើរទស្សនកិច្ច​នៅមូលដ្ឋានកងទ័ព​ជើងទឹករាម​នេះ និងថា តើ​កង​ស្វ័យ​ការពារ​​ជប៉ុន​មានគោលដៅ​ដើម្បីពិនិត្យ​ភាពមិនប្រក្រតី​នៃ​វត្តមាន​កងទ័ពចិន​នៅទីតាំងនោះដែរឬយ៉ាងណា។ វិទ្យុអាស៊ីសេរី ក៏កំពុងទាក់ទងស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​ដើម្បី​សុំការយល់ឃើញ​ជុំវិញដំណើរទស្សនកិច្ច​នេះដែរ។

បើទោះ​ជា​យ៉ាងណា ​សម្រាប់​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយលោក ឯម ​សុវណ្ណារ៉ា ថាដំណើរ​ទស្សនកិច្ច​នេះ ​គឺ​ជាអ្វី​ដែល​អន្តរជាតិយកចិត្តទុកដាក់​តាម​ដាន ដ្បិត​កន្លង​ទៅ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ថា នឹង​មិន​ឱ្យ​មាន​ទស្សន​កិច្ច​ណាមួយ​ទៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នេះ​ទៀត​ហើយ។ លោក សុវណ្ណារ៉ា ​ចាត់​ទុក​រឿង​នេះ​ថា ​ជា​ការ​បន្ទន់​ឥរិយាបថរបស់​ភាគី​កម្ពុជា​ក្នុង​ទំនាក់​ទំនងជា​មួយ​បស្ចិម​ប្រទេស​ពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​ថា​ ​ដើម្បី​អាច​​ជម្រះ​មន្ទិល​សង្ស័យ ​គឺកម្ពុជា​ត្រូវ​ធ្វើការ​ជាមួយ​ភាគី​សាមី​គឺ​សហរដ្ឋ​អាមេរិក៖ « បើ​កម្ពុជា​អាច​ធ្វើ​បាន​លាង​ជម្រះ​មន្ទិល​សង្ស័យ​ហ្នឹង​បាន​រវាង​រដ្ឋាភិបាល​ទាំង​២ហ្នឹង​គួរតែ​ធ្វើ ដើម្បី​កុំឱ្យ​មាន​ភាព​ល្អក់​កករ ព្រោះ​សហរដ្ឋអាមេរិក​ក៏​ជា​មហា​អំណាច​ឈរទី១​ផង​ខាង​សេដ្ឋកិច្ច ហើយ​យោធា​ក៏​ចង់ទី១ដែរ ​គឺ​មាន​ឥទ្ធិពល​ទៅ​លើ​បណ្ដា​រដ្ឋ និង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ច្រើន អីចឹង​កម្ពុជា​គួរតែ​លាងជម្រះ​មន្ទិល​សង្ស័យ ឧទាហរណ៍​ដូច​ជា​បទ​ចោទ​លើ​លោក កឹម សុខា ជាមួយ​សហរដ្ឋ​អាមេរិក​ក៏​ជា​ឧបសគ្គ​មួយ​ដែរ។ ប៉ុន្តែ​បច្ចុប្បន្ន យើង​ឃើញ​ថា ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ឈរ​ជំហរ​ជាមួយ​បន្ទាត់​នយោបាយ​ជាមួយ​លោក​ខាង​លិច​ជា​សហ​អ្នកគាំទ្រ សម្រាប់​កិច្ចប្រជុំ​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ​ហ្នឹង​ក៏​ជា​គំនិត​មួយ ដែល​កម្ពុជា​បាន​កាត់បន្ថយ​បញ្ហា​ប្រឈម​ច្រើន មាន​ន័យ​ថា ​បាន​ងាក​មក​រក​បន្ទាត់​តែមួយ​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ»

ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជប៉ុន​នៅមូលដ្ឋាន​​កងទ័ពជើងទឹក​រាម កើត​មាន​ឡើង​ស្របពេល​ដែល​រឿងរ៉ាវ​នៃ​ការ​សង្ស័យ​របស់​អាមេរិក​ដែល​ថា កម្ពុជា​លួច​អនុញ្ញាត​​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ផ្ដាច់មុខ នៅ​មិនទាន់​ជ្រះស្រឡះ បើ​ទោះ​បី​ជា​កម្ពុជា​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ព័ត៌មាន​នេះ។ សហរដ្ឋអាមេរិក​នៅតែ​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​បង្ហាញ​តម្លាភាព និង​រក្សា​អព្យាក្រឹត្យ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ខ្លួន។

ដំណើរ​ទស្សនកិច្ច​នេះ​ទៀតសោត គឺ​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ ​របស់​នាវាចម្បាំង​ជប៉ុន​ពីរ​គ្រឿង​ប្រតិបត្តិ​ការ​ដោយ​កង​ស្វ័យការពារ​លម្ហ​សមុទ្រ​ជប៉ុន​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា។ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ធ្លាប់បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ​ថា ការ​ចូល​ចត​របស់​នាវា​ទាំង២​នេះ គឺជា​ឱកាស​រំឭក​ខួប​៣០ឆ្នាំ នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។