បក្ស​កម្ពុជា​និយម​រំពឹង​ថា លោក ស ខេង អន្តរាគមន៍​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​ឲ្យ​បញ្ឈប់​ការ​រារាំង​លើក​ស្លាក​បក្ស និង​រើសអើង

ដោយ ខែ សុណង
2022.04.30
Share on WhatsApp
Share on WhatsApp
បក្ស​កម្ពុជា​និយម​រំពឹង​ថា លោក ស ខេង អន្តរាគមន៍​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​ឲ្យ​បញ្ឈប់​ការ​រារាំង​លើក​ស្លាក​បក្ស និង​រើសអើង ស្លាក​គណបក្ស​កម្ពុជា​និយម ដែលរងការ​រារាំងពីអាជ្ញាធរ​មូលដ្ឋាន សង្កាត់​រលួស ខណ្ឌ​ដង្កោ។
រូប៖ ហ្វេសប៊ុក​គណបក្ស​កម្ពុជានិយម

គណបក្ស​កម្ពុជា​និយម អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អន្តរាគមន៍​ទៅ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ឲ្យ​បញ្ឈប់​រារាំង​ការ​លើក​ស្លាក​បក្ស និង​ការ​រើសអើង​និន្នាការ​នយោបាយ​តទៀត ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ។ សំណើ​នេះ គឺ​ក្រោយ​ពេល​អាជ្ញាធរ​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុញ្ញាត​មិន​ឱ្យ​គណបក្ស​នេះ លើក​ស្លាក ក្រោយ​ដាក់​លិខិត​លាយលក្ខណ៍អក្សរ​តាម​នីតិវិធី​ច្បាប់។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ពុំ​មាន​ការ​រឹតត្បិត ឬ​រើសអើង​គណបក្ស​នយោបាយ​ដូច​ការចោទប្រកាន់​នោះ​ទេ។

មន្ត្រី​គណបក្ស​កម្ពុជា​និយម​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​របស់​គណបក្សកាន់អំណាច​បាន​ហាមឃាត់​សកម្មជន​គណបក្ស​មិន​ឱ្យ​លើក​ស្លាក​សញ្ញា ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​ត្រឹមត្រូវ​។ ពួកគេ​ចាត់ទុក​ករណីនេះ គឺជា​ការរើសអើង​និន្នាការ​នយោបាយ និង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ខណៈ​បក្ស​កាន់អំណាច​អាច​លើក​ស្លាក​ទីតាំង​ទាំងនោះ​ដោយ​សេរី។

ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ជា​បេក្ខជន​លេខ​រៀង​ទី​៣ សង្កាត់​រលួស ខណ្ឌដង្កោ​នៃ​គណបក្ស​កម្ពុជា​និយម​លោក អ៊ុក អ៊ី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​មេសា​ថា រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ក្រសួង​មហាផ្ទៃ​មិន​ទាន់​ឆ្លើយតប នឹង​លិខិត​ស្នើសុំ​អន្តរាគមន៍​ចំពោះ​ករណី​ចៅសង្កាត់​រលួស ខណ្ឌ​ដង្កោ បដិសេធ​ការ​ជូនដំណឹង​លើក​ស្លាក​បក្ស​របស់​លោក​នៅ​ទីតាំង​សាធារណៈ​មួយ​ចំនួន ដោយ​ពុំ​សម​ហេតុផល​នៅឡើយ​ទេ​។ លោក​រំពឹង​ថា ក្រសួងមហាផ្ទៃ​យក​បញ្ហា​នេះ​មក​សម្របសម្រួល​ឱ្យ​បាន​ឆាប់ ស្របតាម​សេចក្តី​ណែនាំ​របស់​ក្រសួង​នា​ពេល​កន្លងមក​ដើម្បី​ធានា​ថា​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ និង​ប្រកួតប្រជែង​ស្មើភាព​គ្នា​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់៖ «យើង​សុំ​លើក​១១​ទីតាំង​យ៉ាងហោចណាស់​គួរ​បានការ​បញ្ជាក់​ថា​ចំណុច​ណា​មិន​គួរ​លើក​ដោយសារ​មូល​ហេតុអ្វី ប៉ះពាល់​អ្វី​បញ្ជាក់​មក តែ​នេះ​១១​ទីតាំង​មិន​ឱ្យ​លើក​តែម្តង គាត់​នៅតែ​ទទូច​ហើយ​ទទូច​ទៀត​ថា ឱ្យទៅ​ជួប​មេ យើង​សង្ឃឹម​ថា​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន​សម្រប​សម្រួល​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​បាន​ប្រកួតប្រជែង​ស្មើៗ​គ្នា បើក​លំហ​ប្រជាធិបតេយ្យ​ទទួល​យក​បាន​ទាំងអស់គ្នា»

កាល​ពី​ថ្ងៃទី​៨ ខែ​មេសា តំណាង​គណបក្ស​កម្ពុជា​និយម​បាន​ដាក់​លិខិត​ជូន​ដំណឹ​ង​ទៅ​ចៅសង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្តីពី​ការ​លើ​ស្លាក​សញ្ញា​ចំនួន​១១​ទីតាំង និង​បង្ហាញ​ឯកសារ​ផ្លូវ​ច្បាប់​យ៉ាង​ក៏ដោយ ក៏​ចៅសង្កាត់​នោះ​នៅតែ​បដិសេធ​ក្រោម​ហេតុផល​អភិបាលខណ្ឌ​មិន​អនុញ្ញាត​។ បន្ទាប់​មក កាល​ពី​ថ្ងៃទី​២០ ខែ​មេសា គណបក្ស​នេះ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដោយ​ស្នើសុំ​អន្តរាគមន៍​ករណីនេះ​ដើម្បី​ឲ្យ​បាន​លើក​ស្លាក​ដូច​គណបក្សកាន់អំណាច​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​មួយ​នេះ​មិន​ទាន់​មាន​ចំណាត់​ណាមួយ​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ៌ក ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣០ ខែមេសា​។ ចំណែក​អភិបាលរង​ខណ្ឌដង្កោ លោក ជ គឹមស៊ ប្រាប់​ថា​លោក​ជាប់​រវល់​ហើយ​ចុច​ផ្តាច់​ទូរស័ព្ទ។

ឆ្លើយតប​រឿង​នេះ ចៅសង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោក កឹប ហ៊ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​លោក​មិន​បាន​រារាំង ឬ​រើសអើង​និន្នាការ​នយោបាយ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ពីព្រោះ​ថ្នាក់លើ​ប្រគល់​សិទ្ធិ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់គ្រង និង​សម្រេច​ចំពោះ​បក្សនយោបាយ​ដែល​ស្នើសុំ​លើកស្លាក​នៅ​ទីស្នាក់ការ​សង្កាត់ និង​មុខ​ផ្ទះ​សកម្មជន​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា ករណី​សុំ​លើកស្លាក​នៅ​ទីតាំង​សាធារណៈ​វិញ គណបក្ស​កម្ពុជា​និយម​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ថ្នាក់​ខណ្ឌ​ជាមុន ដើម្បី​ជម្រាប​មក​លោក​វិញ​។ ប៉ុន្តែ​លោក​អះអាង​ថា ស្លាក​គណបក្ស​ប្រជាជន​ទីតាំង​ទាំងនោះ គឺ​ស្ថិតនៅ​ទីតាំង​ចាស់៖ «ចាប់ពី​ថ្នាក់​ខណ្ឌ​ឡើង​ទៅ​ធ្វើការ​ណែនាំ​អាជ្ញាធរ​ដែនដី​គ្រប់គ្រង​សង្កាត់​ទាំងមូល គឺ​អនុញ្ញាត​ឱ្យ​ដាក់​ត្រឹម​មុខ​ផ្ទះ​គណបក្ស​របស់​គាត់​ទៅ ផ្ទះ​សកម្មជន​របស់​គាត់​ដាក់​ទៅ​អត់​ហាម​ឃាត​ទេ ប៉ុន្តែ​ដី​សាធារណៈ​មិន​អនុញ្ញាត​ទេ»

ទោះជា​យ៉ាងណា លោក អ៊ុក អ៊ី អះអាង​ថា​តំណាង​គណបក្ស​របស់​លោក​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ការ​លើក​ស្លាក​នោះ មិន​ប៉ះពាល់​ដល់​អ្វី​នោះ​ទេ ព្រោះ​ទីតាំង​សាធារណៈ​ទាំងនោះ​ក៏​មាន​ស្លាក​បក្ស​ប្រជាជន​ដែរ​។ ផ្ទុយទៅវិញ​អាជ្ញាធរ​បែរជា​ហាមឃាត់​បក្ស​កម្ពុជា​និយម​ដោយ​មិនបាន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ណាមួយ​។ លោក​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​បែបនេះ​ថា ជា​ការ​រំលោភបំពាន​ច្បាប់ និង​លម្អៀង​ផ្នែក​នយោបាយ​ដែល​មិន​អាច​ទទួលយក​បាន​ឡើយ។

កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាក់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រប់​សកម្មភាព​គណបក្ស​នយោបាយ ដោយ​គ្មាន​ការរើសអើង និង​ប្រកាន់​បក្ខពួក ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នា​ពេល​ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ លោក ស ខេង ថែម​ទាំង​បាន​ណែនាំ​ថា​ករណី​គណបក្ស​នយោបាយ​ស្នើ​លើក​ស្លាក​សញ្ញា​នៅ​តាំង​សាធារណៈ ឬ​ទីប្រជុំជន ឬ​តាម​ដងផ្លូវ គណបក្ស​នយោបាយ​គ្រាន់តែ​ជន​ដំណឹង​ជា លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ ឃុំ សង្កាត់ តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ សារ​របស់​លោក ស ខេង នេះ មិន​ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​គោរព​តាម​នោះ​ទេ ហើយ​ករណី​រើសអើង​សកម្មភាព​គណបក្ស​នយោបាយ​នៅ​ឯ​ថ្នាក់​មូលដ្ឋាន នៅតែ​បន្ត​កើតមានឡើង​ដដែល។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការដែល​អាជ្ញាធរ​ហាមឃាត់​គណបក្ស​នយោបាយ​មិន​ឱ្យ​លើក​ស្លាក​សញ្ញា​នៅ​ទីតាំង​សាធារណៈ ដោយ​មិន​បាន​បង្ហាញ​ហេតុផល​ច្បាស់លាស់ និង​ស្មើភាព​គ្នា គឺជា​ការរើសអើង​និន្នាការ​នយោបាយ​។ លោក​ថា​ការ​ធ្វើ​បែបនេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​អាជ្ញាធរ​ត្រូវ​បំពេញ​តួនាទី​ដោយ​អព្យាក្រឹត្យ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ ដើម្បី​ជៀសវាង​ការចោទប្រកាន់​នានា៖ «កាលណា​សិទ្ធិ​សេរីភាព​ក្នុង​កិច្ចការ​នយោបាយ ជាពិសេស​ការ​ទទួល​បាន​ផលប្រយោជន៍​ស្មើៗ​គ្នា​តាមរយៈ​កា​រលើ​ស្លាក​សញ្ញា​អ៊ីចឹង ប្រសិនបើ​មិន​បាន​ផ្តល់​ប្រយោជន៍​ស្មើភាព​គ្នា និង​ឈរ​លើ​គោលការណ៍​សមភាព​ទេ គឺ​វា​ប៉ះពាល់​ហើយ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ជា​ផ្នែក​មួយ​នេះ​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែរ»

ក្រៅពី​អាជ្ញាធរ​តាម​ហាម​ឃាត់​មិន​ឱ្យ​លើក​ស្លាក​សញ្ញា​គណបក្ស​កម្ពុជា​និយម​នៅ​រាជធានី​ភ្នំពេញ ថ្មីៗ​នេះ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​ខេត្តព្រៃវែង និង​សៀមរាប​ជាដើម ក៏បាន​រារាំង និង​រិតត្បិត​សកម្មភាព​ដូចគ្នា​នេះ​ដែរ​។ ទន្ទឹម​នឹង​នេះ​បេក្ខជន និង​សកម្មជន​មួយចំនួន​ទៀត ក៏​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន និង​ជន​មិន​ស្គាល់​មុខ​តាម​គំរាមកំហែង បំភិតបំភ័យ​ជា​បន្តបន្ទាប់​ដែរ ក្រោយពី​បក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ រៀបចំ​បញ្ជី​បេក្ខជន​បាន​ចំនួន​៣៩ ឃុំ សង្កាត់ ទូទាំង​ប្រទេស​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​បោះឆ្នោត​វាយតម្លៃ​ថាបើ​បរិយាកាស​នយោបាយ នៅតែ​ស្ថិត​ក្នុង​ភាព​អាប់អួ​បែបនេះ នឹង​មិន​អាច​ធានា​ថា ការបោះឆ្នោត​នៅពេល​ខាងមុខ ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
អ្នកវិភាគ​ថា លោក ហ៊ុន ម៉ាណែត បកស្រាយ​បំភ្លៃ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។