មន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនលោក ធែល ធីលែន ដាក់ពន្ធនាគារថា ជាការគំរាមកំហែង និងបំភិតបំភ័យយុវជនដទៃទៀតមិនឱ្យចូលរួមកិច្ចការងារសង្គម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់ថា ការចាប់ខ្លួនលោក ធែល ធីលែន ផ្ដើមចេញពីភាពសកម្មរបស់យុវជនរូបនេះក្នុងការងារសង្គម ជាពិសេសការចេញមុខតវ៉ារឿងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា និងការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា៖ « បើតុលាការដំណើរការ ហើយនិងមានដីកានាំខ្លួនមែន មិនយូរដល់ប៉ុណ្ណឹងទេ ពីព្រោះពេលគាត់លេចធ្លោសកម្មនៅក្នុងការងារសង្គម ទើបមានការចាប់ ហើយនិងលើកឡើងអំពីសំណុំរឿងចាស់ហ្នឹងទៅវិញ។ នេះវាមិនខុសពីករណីអ្នកដទៃទៀត យុវជនដទៃទៀតដែលគាត់សកម្មនៅក្នុងការងារបរិស្ថាន ការងារសិទ្ធិមនុស្ស សិទ្ធិការងារ និងការងារសង្គមមុនៗនោះទេ »។
លោក ធែល ធីលែន មានអាយុ ៣២ ឆ្នាំ និងមានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សមត្ថកិច្ចបានចាប់ខ្លួនលោក កាលពីថ្ងៃទី៤ ខែតុលា ម្សិលមិញ។ តុលាការខេត្តកណ្ដាលបានសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្នពីបទ «លួចលក់អចលនវត្ថុរបស់អ្នកដទៃ» ដែលដីកាបង្គាប់ឃុំខ្លួនរបស់ចៅក្រមស៊ើបសួរលោក ប្លុង វិសាល បានចោទយុវជនរូបនេះថា បានប្រព្រឹត្តអំពើបទល្មើសនេះតាំងពី ៦ ឆ្នាំមុនម្ល៉េះ គឺអំឡុងឆ្នាំ ២០១៦។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងមន្ត្រីតុលាការ និងប៉ូលិសខេត្តកណ្ដាលជាច្រើនដង កាលពីយប់ថ្ងៃទី៤ ខែតុលា ដើម្បីសាកសួរបន្ថែមអំពីរឿងនេះ ប៉ុន្តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
ការចាប់ខ្លួនលោក ធែល ធីលែន នេះ គឺធ្វើឡើងក្រោយពេលដែលលោកបានប្រកាសកៀរគរប្រជាពលរដ្ឋឱ្យមកជួបជុំសម្ដែងមតិដោយសេរីទាក់ទងនឹងបញ្ហាសង្គមជាតិនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃសុក្រ ទី៧ ខែតុលា ខាងមុខ។ អ្នកការពារសិទ្ធិមនុស្សលោក អំ សំអាត ស្នើដល់តុលាការដោះលែងលោក ធែល ធីលែន ឱ្យនៅក្រៅឃុំវិញ ដើម្បីបញ្ចៀសការរិះគន់នានាទាក់ទងនឹងការបំបិទសិទ្ធិសេរីភាពពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។