លោក កឹម សុខា៖ បក្សតូចៗមិនមែនជាដៃគូប្រកួតប្រជែងរបស់បក្សសង្គ្រោះជាតិ
2015.05.24
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រកាសថា គណបក្សតូចៗដែលបានបង្កើតឡើងនោះ មិនមែនជាដៃគូប្រកួតប្រជែងរបស់គណបក្សសង្គ្រោះជាតិឡើយ។ លោកអះអាងថា មានតែគណបក្សប្រជាជនកម្ពុជា ទេ ជាគណបក្សតែមួយគត់ដែលគណបក្សសង្គ្រោះជាតិ នឹងផ្ដួលក្នុងពេលបោះឆ្នោតអាណត្តិទី៦ ខាងមុខ។ អ្នកវិភាគលើកឡើងថា គណបក្សសង្គ្រោះជាតិ ចង់យកជ័យជំនះលើគណបក្សប្រជាជនកម្ពុជា បាននោះ លុះត្រាគណបក្សប្រឆាំងមានយុទ្ធសាស្ត្រច្បាស់លាស់។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងជាអនុប្រធានទី១រដ្ឋសភា បានថ្លែងនៅចំពោះអ្នកគាំទ្រខ្លួននៅថ្ងៃទី២៤ ខែឧសភា ដោយជំរុញឲ្យសមាជិករបស់ខ្លួនត្រូវរួបរួមគ្នាដើម្បីផ្ដួលដៃគូប្រកួតនៅពេលបោះឆ្នោតខាងមុខ គឺគណបក្សប្រជាជនកម្ពុជា។
លោក កឹម សុខា ថ្លែងនៅក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សសង្គ្រោះជាតិ នៅភូមិថ្មគោល ខណ្ឌសែនសុខ ថា បើសិនជាលោក សម រង្ស៊ី និងរូបលោកនៅតែរួបរួមគ្នា គ្មានគណបក្សតូចៗមិនអាចមកបំបែកសំឡេងគណបក្សសង្គ្រោះជាតិ បានឡើយ លុះត្រាណាសម្ពន្ធភាពរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ហែកហួរគ្នាទើបធ្វើឲ្យគណបក្សសង្គ្រោះជាតិ បរាជ័យក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា៖ «បើយើងវាយតា សូណង់ដូ បន្តិចទៅ ថាឲ្យ កែម ឡី បន្ដិចទៅ ថាឲ្យអ្នកនេះបន្តិចទៅ ថាឲ្យ ខឹម វាសនា បន្តិចទៅ អ៊ីចឹងយើងភ្លេចសមរភូមិធំ យើងចាញ់ទៀត អ៊ីចឹងខ្ញុំសូមអំពាវនាវឲ្យរួបរួមគ្នាដើម្បីប្រយុទ្ធជាមួយសមរភូមិធំ»។
ការថ្លែងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នេះ ជាលើកទី១ហើយ បន្ទាប់ពីលោកបានរក្សាភាពស្ងប់ស្ងាត់មួយរយៈនៅខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមបញ្ចប់វប្បធម៌សន្ទនារវាងគណបក្សជាប់ឆ្នោតទាំងពីរនោះ។ ក្រៅពីនេះទៀត លោក ហ៊ុន សែន ថែមទាំងព្រមានដកកៅអីអនុប្រធានសភាដែលលោកកំពុងអង្គុយទៀតផង៖ «ដោយសារតែខ្លួនចេះតែដើរកេះគេអ៊ីចឹងហើយ គេនៅសុខៗដើរកេះគេ ដល់គេវិញ គេធ្វើម៉េច កុំភ្លេចឡើង គឺឡើងតាមសន្លឹកឆ្នោតគេ ពេលធ្លាក់វិញក៏ធ្លាក់តាមសន្លឹកឆ្នោតគេវិញដែរ កុំថា គេគំរាមណា អាហ្នឹងមិនគំរាមទេ គឺរឿងពិត»។
ទោះជាបែបនេះក្ដី លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រលោកជាង ១ពាន់នាក់ លោកហាក់ដូចជាមិនខ្វល់ពីកៅអីអនុប្រធានទី១រដ្ឋសភាឡើយ។ លោកបញ្ជាក់ថា ទិសដៅរបស់លោកសំខាន់ គឺដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតពេលខាងមុខ៖ «កៅអីអ្នកប្រជាធិបតេយ្យ អ្នកជាតិនិយម តែបើកៅអីផ្សេងៗទៀត ខ្ញុំអត់និយាយទេ អាហ្នឹងអ្នកណាចង់យក យកទៅ តែកៅអីអ្នកប្រជាធិបតេយ្យយើងមិនត្រូវឲ្យគេយកទេ»។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី គាំទ្រការលើកឡើងរបស់លោក កឹម សុខា ប៉ុន្តែបើសិនជាគណបក្សសង្គ្រោះជាតិចង់ឲ្យមានការបង្រួបបង្រួមជាតិនោះ លុះត្រាណាគណបក្សនេះ មានយុទ្ធសាស្ត្រកំណែទម្រង់ផ្ទៃក្នុងឲ្យបានច្បាស់លាស់៖ «និយាយហ្នឹង ត្រូវហើយ តែទាល់តែរកបុព្វហេតុឲ្យបានច្បាស់លាស់ និងរៀបចំយន្តការដឹកនាំមួយឲ្យល្អ ដើម្បីឈានទៅរកការផ្លាស់ប្ដូរមេដឹកនាំបាន»។
លោកបណ្ឌិត កែម ឡី បញ្ជាក់ថា យុទ្ធសាស្ត្រល្អសម្រាប់គណបក្សសង្គ្រោះជាតិនោះ គឺត្រូវមានអភិបាលកិច្ចល្អក្នុងបក្ស មានគោលការណ៍ប្រជាធិបតេយ្យច្បាស់លាស់ មានគោលនយោបាយដោះស្រាយសង្គមច្បាស់លាស់ និងគោលការណ៍ផ្សេងៗមួយចំនួនទៀត។
សកម្មភាពបន្តសារនយោបាយរបស់លោក កឹម សុខា ម្ដងហើយម្ដងទៀតនេះ ត្រូវបានអ្នកវិភាគមើលឃើញថា គណបក្សទាំងពីរនឹងមិនអាចរក្សាវប្បធម៌សន្ទនាបានយូរអង្វែងនោះឡើយ។ ម្យ៉ាងទៀត លោក កឹម សុខា ក៏នឹងមិនអាចរក្សាតំណែងអនុប្រធានសភាបានចប់អាណត្តិដែរ។
លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់លោក សម រង្ស៊ី ដែលជាដៃគូសន្ទនា ដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ ហើយចង់មិនចង់លោក កឹម សុខា នឹងអាចត្រូវសភាបោះឆ្នោតទម្លាក់ពីតួនាទី មិនខុសពីអ្វីដែលលោក ហ៊ុន សែន ប្រើប្រាស់សម្ដេចក្រុមព្រះទម្លាក់លោក សម រង្ស៊ី ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីមុនដែរ ប្រសិនបើលោក កឹម សុខា នៅតែរឹងទទឹងថ្លែងសារនយោបាយរិះគន់រដ្ឋាភិបាលអត់ឈប់ឈរនោះ៕