ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្វាគមន៍គម្រោងចុះឃោសនារកសំឡេងឆ្នោតតាមមូលដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា ការប្រកួតប្រជែងគ្នាដោយប្រើគោលនយោបាយបង្ហាញដល់ពលរដ្ឋម្ចាស់ឆ្នោត ជំនួសការគំរាមកំហែង ឬប្រើកាណុងកាំភ្លើង គឺជាគន្លងប្រជាធិបតេយ្យដែលគណបក្សលោក និងប្រជាពលរដ្ឋចង់បានទាំងអស់គ្នា។
ថ្លែងទៅកាន់អ្នកគាំទ្រប្រមាណ ១ពាន់នាក់នៅខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែឧសភា លោក កឹម សុខា ថាគណបក្សដែលមានកម្លាំងប្រហាក់ប្រហែលគ្នា ហើយមជ្ឈដ្ឋានជាតិ និងអន្តរជាតិចង់ដឹងលទ្ធផលនៃការប្រកួតប្រជែងនោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ដូច្នេះ លោកកាន់តែចង់បាននូវការជជែកដេញដោលគ្នាដោយប្រើគោលនយោបាយរបស់បក្សរៀងៗខ្លួន។

លោក កឹម សុខា បន្ថែមថា លោកទើបទទួលព័ត៌មានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការរយៈពេល ១៤ថ្ងៃ៖ «ចេញឃោសនាទាំងអស់គ្នាអ៊ីចឹងល្អមែនទែនបងប្អូន កុំលេងកាំភ្លើង ! ហើយបានចូលតទល់គ្នាក្នុងកញ្ចក់ទូរទស្សន៍ទៀតរឹតតែល្អ។ បាទ ! ប្រជាធិបតេយ្យវាទៅមុខអ៊ីចឹងឃើញទេបងប្អូន ហើយអត់មានអីត្រូវឈ្លោះគ្នាទេ ឈ្នះក៏ដោយ ចាញ់ក៏ដោយ គណបក្សសង្គ្រោះជាតិ សូមប្រកាសឲ្យហើយថា ឈ្នះដោយថ្លៃថ្នូរ ចាញ់ដោយកិត្តិយស ដោយអស់ចិត្ដ នេះហើយដែលយើងចង់បាន»។
ចំណែកប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបង្ហាញការស្វាគមន៍ទៅកាន់អ្នកគាំទ្ររបស់ខ្លួនតាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃនេះថា ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនឹងចូលរួមហែក្បួនបិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សូមឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស ចាត់ទុកថា លោកបានចូលរួមជាមួយបងប្អូននៅគ្រប់ទីកន្លែង។ លោកបន្ថែមថា ចូលរួមហែក្បួន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នឹងពុំមានសង្គ្រាមកើតឡើងទេ ហើយគណបក្សលោកនឹងធ្វើឲ្យមានការអភិវឌ្ឍពីក្រោមឡើងលើ និងកម្ចាត់អំពើពុករលួយពីលើចុះក្រោម។ លោកថ្លែងបែបនេះទាំងអំឡុងពេលដែលលោកជួបអ្នកគាំទ្រនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ឋិតនៅក្នុងបរិវេណដីឡូត៍ឯកជនមួយកន្លែង សរុបប្រមាណ ៣ពាន់នាក់នៅថ្ងៃទី២៣ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
