លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធររបបក្រុងភ្នំពេញ កំពុងឃុំឃាំងនៅ ក្នុងផ្ទះអះអាងថា ការឃុំឃាំងខ្លួនលោកបានជំរុញឲ្យភរិយារបស់លោក គឺអ្នកស្រី តែ ចន្ទមនោ បានក្លាយជាស្ត្រីស្មារតីរឹងមាំថែមទៀត។
លោក កឹម សុខា សរសេរសារបង្ហោះនៅលើទំព័រ (Facebook) លោកនៅថ្ងៃសុក្រទី២៨ ធ្នូ នេះថា ថ្ងៃនេះជាខួប ទី៣៨ នៃអាពាហ៍ពិពាហ៍របស់លោក។ លោកសរសេររំលឹកថា ក្នុងរយះកាលជាច្រើនឆ្នាំកន្លងមក ភរិយាលោកបានឆ្លងកាត់នូវឧបសគ្គដោយប្រឈមនឹងការភ័យខ្លាច ជាច្រើនលើកច្រើនសា ដោយសារជីវិតនយោបាយលោក ជាង២០ឆ្នាំហើយកន្លងមកនេះ។ លោកបន្តថា ជាពិសេសគឺរយះពេលមួយឆ្នាំជាង ចុងក្រោយនេះ។
លោកថា កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ គឺជាព្រឹត្តិការណ៍ដ៏រន្ធត់បំផុតសម្រាប់ភរិយាលោក នៅពេលដែលភរិយាលោកបានឃើញអាជ្ញាធរនៃរបបក្រុងភ្នំពេញចាប់ខ្លួនលោក ទាំងកណ្ដាលអាធ្រាត្រដោយមិនដឹងថា គេនឹងបញ្ជូនទៅទីណា ឬធ្វើអ្វីលើរូបលោក។ លោកសរសេរទៀតថា ក្នុងកំឡុងពេល ១ ឆ្នាំ និង ១សប្តាហ៍ គឺចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី១០ ខែកញ្ញា ដែលលោកជាប់ក្នុងមន្ទីរឃុំឃាំងត្រពាំងផ្លុង នៅឯជាយដែន ភរិយាលោកបានធ្វើដំណើរទៅសួរសុខទុក្ខលោកចំនួន ១០២ ដងហើយក្នុង ១ ដងៗ មានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ទៅ និងប្រមាណ២០០គីឡូម៉ែត្រ ត្រឡប់មកវិញ។
សរុបមក ភរិយាលោកបានធ្វើដំណើររយៈចម្ងាយជាងបួនម៉ឺន (៤.០៨០០) គីឡូម៉ែត្រ។ លោក កឹម សុខា បន្តថា អ្វីដែលឈឺចាប់នោះគឺ ជាងមួយឆ្នាំនេះ ភរិយាលោករស់នៅដោយព្រាត់ស្វាមី និងកូនៗ។ លោកថា ភរិយាលោក ជាជនរងគ្រោះដែលរងផលវិបាកច្រើនជាងគេពីការឃុំខ្លួនរបស់លោក ក៏ប៉ុន្តែ ផលវិបាក និងឧបសគ្គទាំងអស់នេះ គឺកាន់តែធ្វើឲ្យគាត់ក្លាយជាមនុស្សដែលមានស្មារតីរឹងមាំជាងមុនទៅទៀត។
លោក កឹម សុខា បន្តថា ស្មារតីតស៊ូ និងស្មារតីស្នេហាជាតិ របស់ភរិយាលោកនេះហើយ ដែលបានបន្ថែមជំរុញអោយលោកពុះពារទៅមុខទៀត។លោកបន្ថែមទៀតថា ទោះជាបានឆ្លងកាត់នូវភាពល្វីងជូរចត់ទាំងអស់នេះក៏ដោយ មកទល់ថ្ងៃនេះ ភរិយាលោកនៅតែមានសន្តានចិត្តមិនគុំកួន មិនសងសឹក ភរិយាលោកនៅតែគាំទ្រអោយបន្តស្មារតី ខ្មែរតែមួយ ដើម្បីបញ្ចប់និងបញ្ចៀសការឈឺចាប់រវាងខ្មែរ និងខ្មែរ។ លោកចាត់ទុកថា លោកពិតជាមានសំណាងណាស់ដែលមានស្ត្រីម្នាក់នេះជាភរិយា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
