លោក កឹម សុខា ក្លាយ​ជា​អនុ​ប្រធាន​ទី​១​​រដ្ឋសភា​ជា​ផ្លូវ​ការ

ដោយ វណ្ណ វិចារ
2014-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៤។
អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៤។
RFA/Van Vichar

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា។ លោក កឹម សុខា ត្រូវ​បាន​តំណាងរាស្ត្រ ១១៦​នាក់ បោះឆ្នោត​យល់​ព្រម​ឲ្យ​បំពេញ​តួនាទី​ជា​អនុប្រធាន​ទី​១​ថ្មី​នេះ​ជំនួស​លោក ងួន ញ៉ិល ដែល​ត្រូវ​សភា​ពេញ​អង្គ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​ទី​២​វិញ។

ប្រធានបទ​បី​សំខាន់​ដែល​អនុ​ប្រធាន​ទី​១​ថ្មី​រដ្ឋ​សភា លោក កឹម សុខា ប្ដេជ្ញា​ចិត្ត​ថា នឹង​ត្រូវ​សម្រេច​ឲ្យ​បាន​នោះ​រួមមាន ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ការ​ជំរុញ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​សភា និង​គម្រោង​ការ​កំណត់​ពេល​វេលា​ជួប​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ​របស់​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

លោក កឹម សុខា មាន​ប្រសាសន៍​ថា តំណែង​របស់​លោក​ថ្ងៃ​នេះ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ផង និង​បាន​​មក​ពី​ការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​ផង។ លោក​រំលឹក​ប្រាប់​អ្នក​កាសែត​ថា លោក​ធ្លាប់​ធ្វើជា​ប្រធាន​អង្គការ​​សង្គម​ស៊ីវិល​លើក​ស្ទួយ​សិទ្ធិ​មនុស្ស លោក​ធ្លាប់​ជាប់​គុក និង​មាន​ប្រវត្តិ​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។

លោក​សន្យា​ថា នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​អំណាច​ទាំង​បី​នៅ​កម្ពុជា ដំណើរការ​ដោយ​រលូន​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ សារសំខាន់​របស់​លោក កឹម សុខា ដែល​ចង់​ផ្ញើ​ជូន​ពលរដ្ឋ​ខ្មែរ គឺ​ជា​ជំហរ​របស់​លោក​ថា​មិន​កែប្រែ​ឡើយ៖ «បើ​សិន​ជា​យើង​ឲ្យ​អំណាច​មួយៗ​នោះ ស្ថិរភាព​នយោបាយ​នឹង​មិន​មាន​ពិត​ប្រាកដ។ ខ្ញុំ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ សារ​របស់​ខ្ញុំ ខ្ញុំ​ចង់​ប្រាប់​ពលរដ្ឋ​ថា ខ្ញុំ​មិន​ថយក្រោយ​ទេ ខ្ញុំ​នៅ​ធ្វើ​ដដែល ជា​ពិសេស​ការ​ការពារ​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ»

​ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី វិញ​បាន​ចាត់​ទុក​ថា ការ​កាន់​តំណែង​របស់​លោក​ កឹម សុខា ជា​ជំហាន​ថ្មី​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សភា។ ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា ហេតុអ្វី​បានជា​លោក​មិន​កាន់​តំណែង​ក្នុង​គណៈកម្មការ​ជំនាញ​ណា​មួយ​នៃ​រដ្ឋសភា លោក សម រង្ស៉ី ញញឹម​ ហើយ​ឆ្លើយ​ថា លោក​ទុក​ឱកាស​ឲ្យ​មន្ត្រី​ដែល​មាន​វ័យក្មេង​ជាង​លោក​ជា​អ្នក​បញ្ចេញ​សមត្ថភាព។ ចំណែក​លោក​ដើរ​តួ​ជា​អ្នក​តម្រង់​ទិស​ពី​ខាង​ក្រោយ៖ «គ្រាន់​តែ​នៅ​ពី​ក្រោយ។ ខ្ញុំ​អាច​ជួយ​ផ្តល់​ជា​គំនិត​ដល់​សហការី​ខ្ញុំ​ដែល​មាន​វ័យ​ក្មេង​ជាង​ខ្ញុំ»

រដ្ឋ​សភា​បាន​ប្រើប្រាស់​យន្តការ​បោះឆ្នោត​ដោយ​សម្ងាត់​ដើម្បី​ជ្រើសតាំង​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ជា​ថ្មី។ក្នុង​ចំណោម​សមាជិក​សភា ១២២​នាក់ ដែល​មាន​វត្តមាន​នៅ​ក្នុង​អង្គប្រជុំ​មាន​សមាជិក ៤​នាក់ បោះ​ឆ្នោត​​មិន​យល់​ព្រម​ឲ្យ លោក កឹម សុខា ធ្វើ​ជា​អនុប្រធាន​ទី​១​រដ្ឋ​សភា​ទេ។ ក្នុង​នោះ​មាន​សមាជិក​សភា​ពីរ​នាក់​​បោះ​ឆ្នោត​អនុប្បវាទ។ ចំណែក​លោក ងួន ញ៉ិល ដែល​ធ្លាប់​កាន់​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​នោះ ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដក​តំណែង​ពី​អនុប្រធាន​ទី​១ ទៅ​ឈរ​ឈ្មោះ​ឲ្យ​ជា​អនុ​ប្រធាន​ទី​២​រដ្ឋ​​សភា​វិញ​តាម​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។

លោក ងួន ញ៉ិល ត្រូវ​សភា​ពេញអង្គ​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​អនុប្រធាន​ទី​២​រដ្ឋ​សភា​ក្នុង​សំឡេង ១២២ លើ​១២២​សំឡេង។ កិច្ចប្រជុំ​​សភា​ប្រព្រឹត្ត​ទៅ​បាន​មួយ​កំណាត់​ព្រឹក ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​សម្រាក ១៥​នាទី។ បន្ទាប់ពី​សម្រាក​រួច អនុ​ប្រធាន​ទី​២​រដ្ឋ​សភា លោក ងួន ញ៉ិល ធ្វើ​ឫក​អល់អែក​មិន​​ព្រម​ចេញ​ពី​កៅអី​អនុប្រធាន​ទី​១​រដ្ឋ​សភា​ឡើយ។ ទាល់តែ​លោក ហ៊ុន សែន ចុច​មេក្រូ​ឡើង​ថា ឲ្យ​ពីរ​បី​ម៉ាត់​ទើប​ព្រម​ចេញពី​កៅអី​ដែល​ខ្លួន​ធ្លាប់​អង្គុយ​ជាង ៥​ឆ្នាំ មក​ហើយ​នោះ ទុក​ឲ្យ​លោក កឹម សុខា អង្គុយ​វិញ។ អង្គប្រជុំ​សភា​បាន​ទះដៃ​ពីរ​បី​ដង ក្នុង​ពេល​ដូរ​កៅអី​គ្នា​របស់​អនុ​ប្រធាន​រដ្ឋ​សភា​ទាំង​ពីរ​នេះ។

ចំណែក​អ្នកស្រី ឃួន សុដារី អតីត​អនុប្រធាន​ទី​២ រដ្ឋសភា​វិញ មិន​ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​ឡើយ ប៉ុន្តែ​ជា​ការ​ចាត់​ទម្លាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខ្លួន​ឯង។ អ្នកស្រី​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​តំណែង​មួយ​ក្នុង​កាកបាទ​ក្រហម​កម្ពុជា និង​ធ្វើ​ជា​អ្នក​តំណាងរាស្ត្រ​ធម្មតា។

​នៅ​រដ្ឋសភា​ព្រឹក​មិញ​នេះ មិន​មាន​មន្ត្រី​គណបក្ស​ប្រជាជន​ណា​ម្នាក់​ចេញ​មក​និយាយ​ជាមួយ​អ្នក​កាសែត​ឡើយ ហើយ​អ្នក​កាសែត​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កៀក​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រជាជន​ដើម្បី​​សួរ​ព័ត៌មាន​បាន​ដែរ។ អង្គរក្ស​របស់​លោក ហ៊ុន សែន និង​ក្រុម​សន្តិសុខ​រដ្ឋ​សភា បាន​រារាំង​អ្នក​កាសែត​​ឲ្យ​មក​នៅ​ខាង​មុខ​រដ្ឋ​សភា។ ពេល​ដែល​លោក ហ៊ុន សែន ចេញ​ពី​ប្រជុំ​លោក​ក៏​មិន​ព្រម​ឆ្លើយ​សំណួរ​​របស់​អ្នក​កាសែត​ពី​ចំណាប់អារម្មណ៍​អង្គ​ប្រជុំ​នោះ​ដែរ។

​ក្រៅ​ពី​ប្រជុំ​បោះឆ្នោត​ជ្រើស​តាំង​អនុ​ប្រធាន​ទាំង​ពីរ​រដ្ឋ​សភា ក៏​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​សមាជិក​គណៈកម្មការ​ជំនាញ​ចំនួន ៣​រួច​ហើយ គឺ​គណៈកម្មការ​សិទ្ធិមនុស្ស​នឹង​ទទួល​ពាក្យ​​បណ្ដឹង​ដែល​មាន​លោក អេង ឆៃអ៊ាង ជា​ប្រធាន។ គណៈកម្មការ​ធនាគារ​ហិរញ្ញវត្ថុ​និង​សវនកម្ម​ដែល​​មាន​លោក ជាម យៀប ជា​ប្រធាន។ គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិ​ស្ថាន និង​ធនធាន​ទឹក​ដែល​មាន​លោក ប៉ុល ហំម ជា​ប្រធាន។

​ក្នុង​កិច្ចប្រជុំ​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​ទៅ​ចូលរួម​ស្តាប់​រដ្ឋ​សភា​ប្រជុំ​ដែរ ហើយ​លោក​កត់​សម្គាល់​ថា កិច្ចប្រជុំ​នេះ​ដំណើរការ​ទៅ​បាន​ល្អ​ប្រសើរ។

រដ្ឋសភា​នឹង​បន្ត​កិច្ច​ប្រជុំ​វិសាមញ្ញ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​និង​អនុ​ប្រធាន ព្រមទាំង​សមាជិក​គណៈកម្មការ​ជំនាញ​៧​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

mR.kEm don't forget pick me as your adviser I spell your name diferent way from grammar.I know a lot of thing what you want you will get it.

Aug 27, 2014 11:12 PM

Khmers

ពី North America

We're so ashamed of your nomination made by forces of false majority from CPP's deputies. On what are you trust in your constitution amendement projects to come ?
The 50+1 formula voted in the past constitutes a very efficient weapon to kill all yours projects you're planned. Sofar today, no one khmer could pretend and be recognized by the world as hero to liberate Cambodia from dictator Huynh Xen. Only the blood flow sacrefied by our beloved heros in the past will be successfully detrone dictator and all his comrades ex-khmer-rouges muderers from power and this is a justice of GOD. Let we pray for them all! Amen !

Aug 26, 2014 11:39 PM

វាសនា

ពី កំពត

តើអង្គប្រជុំសភាជាតិមានផ្សព្វផ្សាយតាមទូរទស្សន៍ដែរទេ? ចំណែកការបើកអង្គប្រជុំជូនដល់ប្រជាពលរដ្ឋបានចូលរួមតាមដានសង្ឃឹមថានឹងអនុវត្តិបានឆាប់នេះ។

Aug 26, 2014 08:29 PM

អ្នក​អាន​អនាមិក

ស្រុកខ្មែរ ពិសេសខ្មែរយើង គឺគ្មានទោស រួចទោសនិងបានធ្វើធំទៀត អោយតែមានពាក្យថាអ្នកនយោបាយ មន្ត្រីបក្សប្រឆាំង សង្គមសុីវិលនៅពីមុខ។ ចង់ខ្លួនធ្លាប់ប្រព្រឹត្តបទល្មើសវ៉ៃឬសម្លាប់មនុស្ស ដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ងកជន បង្កចលាចល បោកលុយកាក់គេ លួចប្លន់គេ ប្រើនិងលក់ថ្នាំញៀន រួមភេទជាមួយអនិតិជន លួចសាហាយស្មន់ប្រពន្ធពីបី។

Aug 26, 2014 07:52 PM

ក្មេងវត្ត

ពី វត្តភ្នំ

រង់ចាំមើលថាតើអស់លោកទាំង៥៥នាក់នេះនឹងធ្វើអ្វីខ្លះជាប្រយោជន៏
ជាតិនិងរាស្រ្តខ្មែរ?។តទៅមុខទៀតគឺការប្រកួតប្រជែងគ្នាដើម្បីប្រជា
ប្រីយ៏រវាងកឹម សុខានិងសម រង្សីហើយ។ពេលណាទើបសម រង្សី
ចេញទៅបារាំងវិញ?ប្រាក់កាសក៏បានផ្លាស់ផ្ដូររួចរាល់ហើយដែរ។

Aug 26, 2014 01:53 PM

ភាពភ្នំពេញ

ពី Phnom Penh

ពូកែស្រមើស្រម៉ៃ និងចេះគិតគូឲ្យលោកសមរង្ស៊ីជាងសមរង្ស៊ីខ្លួនឯងទៀត!!!!!

Aug 26, 2014 11:29 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល