ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ដែលជាបុរសខ្លាំងខាងអំពើហិង្សា និងជាអតីតកម្មាភិបាលខ្មែរក្រហម បញ្ជាឱ្យចាប់ខ្លួនទាំងកម្រោលទាំងកណ្ដាលយប់ កាលពីពីរឆ្នាំមុន។
លោកត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន ក្នុងពន្ធនាគារ និងបន្តឃុំខ្លួនក្នុងផ្ទះនេះ គឺអស់រយៈពេល ២ ឆ្នាំហើយ រហូតមដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ទោះបីជាក្នុងនាមជាប្រធានគណបក្សប្រឆាំង ដ៏ធំជាងគេ ដែលមានប្រជាពលរដ្ឋបោះឆ្នោត គាំទ្រជាងបីលាននាក់ លោក កឹម សុខា បាត់បង់សេរីភាពសព្វបែបយ៉ាង សូម្បីសិទ្ធិជួបរាស្ត្រម្ចាស់ឆ្នោតរបស់លោក។
ថ្ងៃនេះ កាលពីពីរឆ្នាំមុន គឺនៅទាំងកណ្ដាលអធ្រាត្រ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រោមការបញ្ជារបស់លោក ហ៊ុន សែន ចាប់ខ្លួន យ៉ាងកម្រោល និងចោទប្រកាន់ពីបទក្បត់ជាតិ ដោយសារតែការថ្លែងសារជាសាធារណៈ នៅចំពោះមុខអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី កាលពីបួនឆ្នាំ មុនការចាប់ខ្លួននេះ ដែលកាលណោះលោក កឹម សុខា និយាយអំពីការចង់បានឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការជួយគាំទ្រពីពលរដ្ឋនៃប្រទេសប្រកាន់ប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក និងកាណាដាជាដើម។
នេះមិនមែនជាលើកទីមួយទេ ដែលលោក កឹម សុខា រងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ លោកធ្លាប់ជាប់ពន្ធនាគារពីមុន ដោយសារហេតុផលស្រដៀងគ្នានេះដែរ ហើយក៏លោកធ្លាប់ត្រូវបង្ខំចិត្តបង្ខាំងខ្លួន នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយមិនចេញទៅណារាប់ខែ។ លោកថា គេអាចចាប់លោកដាក់គុកបាន ប៉ុន្តែ គេមិនអាចដាក់គុក មនសិការស្នេហាជាតិរបស់លោកបានឡើយ៖ «សមរភូមិទាមទារដើម្បីលទ្ធិប្រជាធិបតេយ្យនេះ គឺវាមានភាពតឹងតែងណាស់ ! មានការលំបាកណាស់ ! ប៉ុន្តែការលំបាករបស់យើងនេះ បើយើងនៅតែព្យាយាម តស៊ូ ខ្ញុំជឿថា យើងនឹងទទួលបាននូវសិទ្ធិសេរីភាព និងប្រជាធិបតេយ្យពិតប្រាកដជាមិនខាន»។
ផ្លូវធ្វើដំណើរក្នុងការព្យាយាម និងតស៊ូដើម្បីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនេះ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវជាប់មន្ទីរឃុំឃាំង ព្រោះតែញាំញីទៅដោយការធ្វើទុក្ខបុកម្នេញពីសំណាក់លោក ហ៊ុន សែន ដោយការប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍ ក្នុងការបង្ក្រាបសំឡេងបក្សប្រឆាំង។
លោក កឹម សុខា ចាប់ផ្ដើមជាប់ពន្ធនាគារដំបូង នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០០៥ ដោយការប្តឹងរបស់លោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ ជុំវិញបដាប្រារព្ធទិវាសិទ្ធិមនុស្ស នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលរបបលោក ហ៊ុន សែន ចោទថា មានខ្លឹមសារប្រឆាំងរបបនេះ។ បដានោះសរសេរថា "សន្លឹកឆ្នោតខ្ញុំ គឺអាយុជីវិតខ្ញុំ" និង "ខ្ញុំមិនបោះឆ្នោតឱ្យគណបក្សណា ដែលបំភិតបំភ័យគំរាមប្រជាពលរដ្ឋ"។
កាលណោះលោកនៅធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ តាំងពីបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្នុងខែតុលា ឆ្នាំ២០០២ លោក កឹម សុខា បានចុះអប់រំ និងពន្យល់ពលរដ្ឋឱ្យយល់ដឹង អំពីសិទ្ធិពលរដ្ឋ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ បន្ថែមលើសពីនេះទៅទៀត លោកត្រូវផ្សាយការអប់រំអំពីសិទ្ធិមនុស្សនេះ តាមវិទ្យុផងដែរ ដោយអប់រំទាំងផ្លូវលោក និងផ្លូវធម៌។ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យមជ្ឈមណ្ឌលសិទ្ធិមនុស្ស មានអាជ្ញាប័ណ្ណ បើកស្ថានីយវិទ្យុផ្ទាល់ខ្លួននោះទេ។ លោក កឹម សុខា ត្រូវជួលម៉ោងផ្សាយតាមវិទ្យុសំបុកឃ្មុំ ដើម្បីផ្សព្វផ្សាយ៖ «ខ្ញុំចុះបង្រៀន និងពន្យល់ប្រជារាស្ត្រតាមជនបទ វេទិកាសាធារណៈ ចាប់ពីឆ្នាំ២០០២ មក ទៅគ្រប់កន្លែង។ ពេលខ្ញុំទៅធ្វើការដំបូង គណបក្សប្រជាជនលើកគ្នាមក លើកកៅអីរកវាយខ្ញុំទៀត ប៉ុន្តែ ខ្ញុំអត់ថយ។ ប្រជារាស្ត្រអត់ហ៊ានទេពីដើម អត់ហ៊ានចូលរួមទេ។ ម្តង ១០០នាក់ ឡើងទៅ ៣០០នាក់ ឡើងទៅ ៥០០នាក់ ឡើងទៅ ១.០០០នាក់ ឡើងទៅរាប់សែននាក់ ដូចសព្វថ្ងៃនេះ ដោយសារអ្វី គឺដោយសារការសន្សំរបស់យើង គឺបណ្ដុះប្រជាពលរដ្ឋ»។
ប៉ុន្តែ ការធ្វើដូច្នេះ ជាគ្រោះថ្នាក់ខ្លាំង ដល់ការបន្តក្រាញអំណាចរបស់លោក ហ៊ុន សែន។ លោក កឹម សុខា ត្រូវជាប់ពន្ធនាគារអស់រយៈពេល ១៧ថ្ងៃ ដោយសារតែបដាទិវាសិទ្ធិមនុស្សនោះ ទម្រាំលោក ហ៊ុន សែន ព្រមដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៦។ ក្រោយការដោះលែងនេះ លោក កឹម សុខា បានដឹកនាំក្បួនដង្ហែព្យុហយាត្រាមួយ ធ្វើដំណើរដោយថ្មើរជើង ពីភ្នំពេញទៅវត្តឧត្តុង្គ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីសុំសេចក្ដីសុខ និងសន្តិភាព។
ក្រោយចេញពីគុកភ្លាម លោក កឹម សុខា ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដកបទបរិហារកេរ្តិ៍ ចេញពីបទល្មើសព្រហ្មទណ្ឌ។ ជាលទ្ធផល រដ្ឋសភាកម្ពុជាបានដកបទបរិហារកេរ្តិ៍នេះ ចេញពីបទល្មើសព្រហ្មទណ្ឌនៅ ឆ្នាំ២០០៧។ ប៉ុន្តែច្បាប់នោះ នៅតែដាក់ទោសព្រហ្មទណ្ឌដដែល ប្រសិនបើជនល្មើសគ្មានលុយបង់ប្រាក់ផាកពិន័យ។
បានជាងមួយឆ្នាំ គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៧ លោក កឹម សុខា បានបង្កើតគណបក្សនយោបាយមួយ ដាក់ឈ្មោះថា គណបក្សសិទ្ធិមនុស្ស ដែលលោកធ្វើជាប្រធាន។ ប្រាំឆ្នាំក្រោយមកគណបក្សសិទ្ធិមនុស្សរបស់លោក លោក កឹម សុខា ចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី បង្កើតគណបក្សសង្គ្រោះជាតិ ដោយច្របាច់គណបក្សពីរបញ្ចូលគ្នា គឺគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី។ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នោះមក ការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយ ចាប់ផ្ដើមយ៉ាងសន្ធាប់ទៅលើលោក កឹម សុខា លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង។
ទោះជារងការធ្វើទុក្ខបុកម្នេញខ្លាំង គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ឈ្នះអាសនៈ រដ្ឋសភាចំនួន ៥៥ ក្នុងចំណោម ១២៣អាសនៈ កាលពីក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៣។
ការធ្វើទុក្ខបុកម្នេញ មកលើជីវិតនយោបាយរបស់លោក កឹម សុខា ចាប់ផ្ដើមកាន់តែខ្លាំង នៅកៀកបោះឆ្នោតឃុំ-សង្កាត់។ នៅចុងខែឧសភា ឆ្នាំ២០១៦ ពោលគឺប្រហែល ១៣ខែ មុនបោះឆ្នោតឃុំ-សង្កាត់មកដល់ លោក កឹម សុខា បានបង្ខំចិត្តបង្ខាំងខ្លួន នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីសុវត្ថិភាព និងតវ៉ាទៅនឹងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសញ្ចរកម្ម ដែលអ្នកវិភាគយល់ថា ជាការបង្កើតឡើង ដើម្បីធ្វើបាបលោក កឹម សុខា។
តុលាការបានកាត់ទោសលោកដោយកំបាំងមុខ ដោយផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ៥ខែ និង ពិន័យជាប្រាក់ ៨០ម៉ឺនរៀល ពីបទមិនព្រមបង្ហាញខ្លួននៅតុលាការ។ ការផ្ដន្ទាទោសនោះ គឺធ្វើឡើងទាំងលោកនៅមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបទៀត មានលោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា គណបក្សប្រឆាំងលោក ហុង សុខហួរ ក៏រងការចាប់ខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារ ទាំងមានអភ័យឯកសិទ្ធិនេះផងដែរ។ លោក កឹម សុខា ហៅទង្វើបែបនេះថា ជាបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់កំពូលរបស់ជាតិ៖ «យើងដឹងហើយថា សព្វថ្ងៃនេះ ប្រពន្ធប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានខ្ទេចខ្ទាំអស់ហើយ។ គេវាយបំបាក់ខ្ទេចអស់ហើយ។ គេរំលោភបំពានលើអភ័យឯកសិទ្ធិរបស់អ្នកតំណាង។ គេចង់ហៅអ្នកតំណាងរាស្ត្រ យកទៅកាត់ទោសពេលណាក៏បាន។ គេធ្វើទុក្ខបុកម្នេញយ៉ាងម៉េចក៏បាន។ មានន័យថា ប្រជាពលរដ្ឋខ្មែរយើង ត្រូវគេវាយតំណាងគាត់ដួល។ គេវាយតំណាងគាត់ មានន័យថា គេវាយគាត់។ ដូច្នេះ ខ្ញុំគិតថាប្រជាធិបតេយ្យតាមរយៈតំណាងស្ទើរតែរលំហើយ នៅតែប្រជាធិបតេយ្យដោយផ្ទាល់ តែប៉ុណ្ណោះ»។
លោក កឹម សុខា ទទួលបានព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ នៅដើមខែធ្នូ ឆ្នាំ២០១៦ ក្រោយលោកបង្ខាំងខ្លួននៅក្នុងទីស្នាក់ការបក្សអស់កន្លះឆ្នាំ។
ចេញពីការឃុំខ្លួនក្នុងទីស្នាក់ការ មិនទាន់បានប៉ុន្មានផង នៅដើមខែកញ្ញា ឆ្នាំ២០១៧ នោះ លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនម្ដងទៀត និងបន្តឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីព្រំដែនវៀតណាម។
កាលនៅជាប់ឃុំនៅទីនោះ គណបក្សរបស់លោក ត្រូវបានលោក ហ៊ុន សែន រម្លាយបានសម្រេច ហាមឃាត់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ រួមទាំងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងសរុប ១១៨រូបមិនឱ្យធ្វើនយោបាយ រយៈពេលប្រាំឆ្នាំ រួចហើយរម្លាយតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិទាំង ៥.០០៧នាក់ មុននឹងរៀបចំការបោះឆ្នោតបង្គ្រប់កិច្ច ដែលគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កើបយកអាសនៈទាំង ១២៥ តែម្នាក់ឯង ដោយគ្មានគូប្រកួត។
លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះ ជាតឹកតាងបង្ហាញយ៉ាងច្បាស់ថា របបលោក ហ៊ុន សែន ប្រកាន់របបដឹកនាំបែបឯកបក្ស។ អ្វីៗ ត្រូវរបបលោក ហ៊ុន សែន យកទៅក្ដោបក្ដាប់ទាំងស្រុងនៅក្នុងដៃ។ ទោះជាយ៉ាងនេះក្តី លោក កឹម សុខា នៅតែជឿជាក់លើកម្លាំងប្រជាជន ដែលស្រលាញ់ប្រជាធិបតេយ្យ៖ «ខ្ញុំមិនខកចិត្ត បើសិនជាគេចាប់ខ្ញុំទៅ ខ្ញុំអស់សេរីភាព ខ្ញុំស្លាប់ក៏ដោយ ឱ្យតែប្រជាពលរដ្ឋខ្មែរបន្តការតស៊ូ ដើម្បីឆន្ទៈប្រជាពលរដ្ឋតទៅទៀត ខ្ញុំសប្បាយចិត្តណាស់។ ប៉ុន្តែ បើសិនគេចាប់ខ្ញុំហើយ ខ្ញុំអស់សេរីភាពហើយ ខ្ញុំបាត់បង់អ្វីៗ អស់ហើយ តែប្រជាពលរដ្ឋបញ្ឈប់ការតស៊ូ ឬចុះញ៉មនូវអំពើអយុត្តិធម៌ ខ្ញុំខកចិត្ត»។
លោក កឹម សុខា រក្សាស្មារតីនៅរឹងមាំ ប៉ុន្តែ លោករងទុក្ខយ៉ាងដំណំផ្ទាល់ខ្លួន ដោយស្ថានភាពសុខភាព របស់លោកថមថយខ្លាំង នៅក្នុងមន្ទីរឃុំឃាំងត្រពាំងផ្លុងនោះ។ បញ្ហាសុខភាពធំៗ បី គឺជំងឺទឹកនោមផ្អែម លើសឈាម និងឆ្អឹងកៀបសរសៃ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាល ពីគ្រូពេទ្យឯកទេស ជាពិសេសគ្រូពេទ្យនៅប្រទេសសិង្ហបុរី ដែលលោកធ្លាប់ទៅពិគ្រោះជំងឺជាប្រចាំ កាលមុនចាប់ខ្លួន។
មេធាវីរបស់លោក កឹម សុខា ដាក់ពាក្យសុំឱ្យលោក កឹម សុខា បាននៅក្រៅឃុំ និងអាចធ្វើដំណើរទៅព្យាបាលជំងឺ នៅក្រៅប្រទេសបាន។ ប៉ុន្តែ រាល់សំណើរបស់ពួកគាត់ ត្រូវបានតុលាការរបបលោក ហ៊ុន សែន ទាត់ចោល ដោយសំអាងថា នៅត្រពាំងផ្លុង ក៏មានពេទ្យខ្មែរដែលជំនាញ អាចព្យាបាលជំងឺលោក កឹម សុខា បានដែរ។ ទោះជាយ៉ាងនេះក្តី លោក កឹម សុខា មិនទទួលបានការព្យាបាលជំងឺនោះឡើយ។
សហគមន៍អន្តរជាតិ ថ្កោលទោសរបបលោក ហ៊ុន សែន ជុំទិសជុំវិញការធ្វើទុក្ខបុកម្នេញលើប្រធានបក្សប្រឆាំង និងមន្ត្រី និងសកម្មជនដទៃទៀតនៃបក្សនេះ។ ស្ថាប័នអង្គការសហប្រជាជាតិ ផ្នែកការឃុំខ្លួនតាមទំនើងចិត្ត ប្រកាសថា ការឃុំខ្លួនលោក កឹម សុខា គឺធ្វើឡើងតាមតែទំនើងចិត្ត និងទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា និងសងជំងឺចិត្តដល់លោក ចំពោះការធ្វើទុក្ខបុកម្នេញទាំងនេះ។ សហភាពអឺរ៉ុប ក៏បានយកករណីដោះលែងលោក កឹម សុខា ធ្វើជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌជាច្រើន ជាថ្នូរនឹងការមិនព្យួរការអនុគ្រោះពន្ធ EBA។
ក្រោយរងសម្ពាធទាំងនេះ របបលោក ហ៊ុន សែន បានផ្ទេរការឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកជាប់ឃុំក្នុងផ្ទះវិញ។ លោកត្រូវបានគេដឹកចេញពីពន្ធនាគារត្រពាំងផ្លុង ទៅដល់គេហដ្ឋានរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយស្ងៀមស្ងាត់ នៅវេលាទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងអស់ជាង ១ឆ្នាំ។
ស្ថានភាពជាប់ឃុំក្នុងផ្ទះ គឺមិនខុសគ្នាពីស្ថានភាពជាប់ឃុំនៅពន្ធនាគារនោះប៉ុន្មានឡើយ ព្រោះលោក កឹម សុខា គ្មានសិទ្ធិសេរីភាពក្នុងជីវភាពនយោបាយអ្វីទាំងអស់។ លោកត្រូវគេវាស់ដីឱ្យដើរ។ លោកគ្មានសិទ្ធិជួបប្រាស្រ័យទាក់ទងជាមួយម្ចាស់ឆ្នោត ឬមន្ត្រី និងសកម្មជន គណបក្សសង្គ្រោះជាតិនោះឡើយ។
មេធាវីការពារក្តីឱ្យលោក កឹម សុខា មួយរូបគឺលោក ចាន់ ចេន ប្រាប់អាស៊ីសេរី កាលពីចុងខែសីហាថា រហូតមកដល់ពេលនេះ ស្ថានភាពសេរីភាពរបស់លោក កឹម សុខា នៅតែរងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងបំផុត។ លោកបន្តថា សូម្បីតែក្រុមគ្រួសារ ជាពិសេសភរិយារបស់លោក កឹម សុខា ក៏ត្រូវគេតាមដាន ថតរូបភាពបំភិតបំភ័យដែរ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញរឿងនេះបាននៅឡើយទេ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកបញ្ជាឱ្យដឹកជញ្ជូនលោក កឹម សុខា ចេញពីពន្ធនាគារទាំងយប់ និងខិតខំកែច្នៃឱ្យឃុំខ្លួននៅផ្ទះស្របតាមច្បាប់ បើទោះគ្មានច្បាប់ចែងក្តី លោកធ្លាប់ថ្លែងថា ក្រុមលោកជាអ្នករៀបចំយ៉ាងណា ឱ្យលោក កឹម សុខា មិនអាចចោទថា សមត្ថកិច្ចតាមបំភ័យបំភ័យទេ ព្រោះលោកបានបញ្ជាឱ្យគេសរសេរលិខិត ឱ្យគេសរសេរលិខិតឱ្យលោក កឹម សុខា ចុះហត្ថលេខាឱ្យមើលទៅឃើញថា លោក កឹម សុខា ព្រមថាលោកត្រូវការកម្លាំងការពារ៖ «បើកម្លាំងយើងដាក់នៅផ្ទះកើតទេ ពីព្រោះឃុំខ្លួននៅក្នុងផ្ទះវាអត់មានច្បាប់ តែយើងដាក់ខុសច្បាប់។ អ៊ីចឹងមានតែគូសរង្វង់ផ្ទះ កឹម សុខា នៅហ្នឹងអ៊ីចឹងទៅ អារង្វង់ផ្លូវខាងជើង ខាងត្បូង ខាងលិច ខាងកើត ហ្នឹងប៉ុន្មានៗ អ៊ីចឹងទៅ ហើយយើងការពារហ្នឹង។ ដល់អ៊ីចឹង វានៅក្នុងបរិវេណខាងក្នុង ក្នុងរង្វង់ហ្នឹងវាទូលាយពេក ដល់អ៊ីចឹងយើងរកវិធីមួយថា ឥឡូវចេះព្រាងសំបុត្រមួយឱ្យហើយ ដើម្បីធានាសន្តិសុខ ដោយបញ្ហាសន្តិសុខ អ៊ីយចឹងទៅ ខ្ញុំសូមស្នើអគ្គស្នងការនគរបាលជាតិ ជួយរៀបចំការពារសន្តិសុខ សុវត្ថិភាពសម្រាប់ខ្ញុំ ហើយយើងយកទៅ ផាន គេយកទៅចរចា ចរចាឯកភាព។ ឯកភាព តែយើងអត់យកក្រដាសវ៉ៃពុម្ពហើយទៅទេ អក្សរកុំព្យូទ័រ អូសពីកុំព្យូទ័រ ហើយទៅទេ ឱ្យសរសេរដៃ។ ដំបូងដាក់ថា ការពារគេហដ្ឋាន ហើយដល់បងប្អូនរាយការណ៍មកថា ឥឡូវគេសុំលុបពាក្យគេហដ្ឋានហ្នឹង ខ្ញុំថាក៏បានដែរឱ្យតែការពារសន្តិសុខហ្នឹងបានហើយ ការពារសន្តិសុខហ្នឹង មិនមែន២គីឡូទេ ការពារសន្តិសុខនៅជាប់ហ្នឹង ការពារបាន។ អ៊ីចឹងលុបអាពាក្យហ្នឹង មិនមែនថា ដាក់នៅផ្ទះមិនបានណា ដើម្បីការពារសន្តិសុខដាក់នៅហ្នឹងផ្ទះហ្នឹងហើយ។ មានអី គាត់អត់ចោទយើងកើតទេ ពីព្រោះអី គាត់អ្នកសុំកម្លាំងការពារ ព្រោះច្បាប់យើងអ៊ីចឹង ច្បាប់យើងអត់មានឱ្យឃុំខ្លួននៅផ្ទះផង»។
ចំណែកឯស្ថានភាពជំងឺរបស់លោក កឹម សុខា ក៏មិនបានប្រសើរឡើងនោះដែរ ដោយសារតែការរឹតត្បិតសិទ្ធិសេរីភាពនេះ។ លោកមេធាវី ចាន់ ចេន បញ្ជាក់ថា ជំងឺរបស់លោក កឹម សុខា នៅតែមិនទទួលបានការពិនិត្យ និងព្យបាលនៅឡើយ។
ការបន្តឃុំខ្លួនលោក កឹម សុខា បានអូសបន្លាយពេលពីរឆ្នាំទៅហើយ ដោយគ្មានជំនុំជម្រះក្តីអ្វីសោះឡើយ បើទោះបីជាច្បាប់អនុញ្ញាតឱ្យឃុំខ្លួនជនត្រូវចោទ មិនឱ្យហួសពី ១៨ខែក៏ដោយ។ ជាងនេះទៅទៀត សំណុំរឿងនេះ ហាក់នៅជាប់គាំងមួយកន្លែង ដោយគ្មានកាលកំណត់ជាក់លាក់ថា នឹងបញ្ចប់ថ្ងៃណានោះឡើយ។ រហូតមកដល់ពេលនេះ តុលាការក៏មិនបានកោះហៅសាក្សី ដែលជារដ្ឋបរទេស ដូចជាសហរដ្ឋអាមេរិក ដែលតុលាការរបបលោក ហ៊ុន សែន ចោទលោក កឹម សុខា ថាបានឃុបឃិតគ្នា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះដែរ។
អ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស បន្តធ្វើបាតុកម្មជាហូរហែ ដើម្បីទាមទារឱ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ ចំណែកឯសហភាពអឺរ៉ុប ក៏កំពុងបន្តនីតិវិធីដំណាក់កាលទីពីរ ដែលឈានទៅសរសេររបាយការណ៍សន្និដ្ឋានបឋម អំពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដែលរបាយការណ៍នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ។ បើស្ថានភាពសិទ្ធិមនុស្ស នៅតែមិនប្រសើរដូចបច្ចុប្បន្ន សភាពអឺរ៉ុបនឹងសម្រេចព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជានៅពាក់កណ្ដាលខែកុម្ភៈឆ្នាំក្រោយ។
ស្របពេលជាមួយគ្នានេះដែរ សមាជិកសភាអាមេរិក ក៏កំពុងពន្លឿនសេចក្ដីព្រាងច្បាប់ ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន និងឈានទៅសើរើការអនុគ្រោះពន្ធទូទៅ ឬ GSP របស់អាមេរិកដែរ បើស្ថានការណ៍នៅកម្ពុជា នៅតែមិនប្រសើរ។
លោក កឹម សុខា កាលលោកនៅមានសេរីភាព អាចផ្ដល់បទសម្ភាសឱ្យអាស៊ីសេរីបាន លោកធ្លាប់បញ្ជាក់ថា លោកមិនអស់សង្ឃឹមទេ។ លោកនៅតែជឿជាក់ថា ការតស៊ូដើម្បីផ្លាស់ប្ដូរជាវិជ្ជមានមួយ នឹងទទួលជោគជ័យ នៅថ្ងៃណាមួយជាក់ជាមិនខាន៖ «ខ្ញុំស្គាល់ច្បាស់ពីច្បាប់ធម្មជាតិ។ គ្មានស្អីអមតទេ។ ការអត់អមតនេះ មិនមែនតែពួកខ្ញុំអ្នករងគ្រោះទេ អ្នកដែលរំលោភលើខ្ញុំក៏មិនមែនអមតនោះដែរ»។
ទោះយ៉ាងនេះក្តី លោក កឹម សុខា សរសេរសារតាមហ្វេសប៊ុក ពីកន្លែងជាប់ឃុំក្នុងគេហដ្ឋានរបស់លោក កាលពីចុងខែមិថុនាថា មិនថារងទុក្ខ ឬការធ្វើបាបតាមរូបភាពណានោះទេ លោកគ្មានទេ ពាក្យថា ស្ដាយក្រោយ ចំពោះអ្វីដែលលោកបានបូជាជូនជាតិ ប្រជាពលរដ្ឋ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និងការផ្សះផ្សាជាតិ។
លោកបន្តទៀតថា ទោះបីមានឧបសគ្គយ៉ាងណា បើដរាបណាព្រះអាទិត្យនៅតែរះ សូមប្រជាជាតិខ្មែរជឿចុះថា លោកនៅតែភ្ញាក់ឡើង ទន្ទឹងរង់ចាំថ្ងៃ ដែលបានជួបជុំ និងបម្រើជាតិខ្មែរតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
