លោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ ដែលត្រូវរបបក្រុងភ្នំពេញកំពុងដាក់ឃុំក្នុងផ្ទះ និងដកសិទ្ធិធ្វើនយោបាយ ផ្ញើសារអបអរសាទរទិវាសិទ្ធិមនុស្ស ១០ ធ្នូ លើកទី៧០ នាឆ្នាំ២០១៨នេះ។ ក្នុងសារដែលបង្ហោះលើទំព័រហ្វេសប៊ុក (Facebook) របស់លោក អបដោយរូបភាពពីរសន្លឹក កាលលោកធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សរសេរថា៖ «សិទ្ធិមនុស្សគឺជាគ្រឹះនៃជីវិតរបស់មនុស្សគ្រប់រូប ព្រោះថាបើមនុស្សម្នាក់ៗគ្មានសិទ្ធិមូលដ្ឋានទេ សន្តិភាព អភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិក៏មិនអាចមាននិរន្តរភាពដែរ។
មេដឹកនាំបក្សប្រឆាំងរូបនេះ សរសេរសង្កត់ធ្ងន់ថា «ដើម្បីឲ្យសង្គមជាតិមានសាមគ្គីភាព សន្តិភាព និងអភិវឌ្ឍន៍ លោកស្នើឱ្យខ្មែរគ្រប់រូបគួរបញ្ឈប់ការធ្វើឲ្យខ្មែរដូចគ្នាឈឺចាប់ ដោយចាប់ផ្ដើមពីការគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយបង្កើតឲ្យមានបរិយាកាសសង្គមមួយ ដែលខ្មែរគ្រប់និន្នាការមានសិទ្ធិមូលដ្ឋាន ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិតាំងទីលំនៅ ពិសេសគឺសិទ្ធិក្នុងការបញ្ចេញមតិយោបល់ និងចូលរួមកសាងសង្គមដោយគ្មានការភ័យខ្លាច និងរើសអើង
លោក កឹម សុខា ត្រូវបានតុលាការនៃរបបលោក ហ៊ុន សែន បង្គាប់ឲ្យនៅក្នុងគេហដ្ឋានរបស់លោក ក្រោយពីលោកត្រូវបានដោះលែងពីពន្ធនាគារត្រពាំងថ្លុង ហើយយកមកឃុំក្នុងផ្ទះរបស់លោក កាលពីថ្ងៃទី១០ ខែកញ្ញា។ បច្ចុប្បន្ននេះ លោក កឹម សុខា ត្រូវស្ថិតក្រោមការតាមដានរបស់អាជ្ញាធរ ហើយ លោកក៏មិនអាចធ្វើនយោបាយបានដែរ នៅក្នុងស្ថានភាពបែបនេះ។
ក្រសួងការបរទេសកម្ពុជា និងរដ្ឋសភាឯកបក្ស នៃរបបក្រុងភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍ព្រមគ្នា កាលពីដើមខែធ្នូនេះ ថា នឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាថ្មីម្ដងទៀតនេះ គឺដើម្បីបើកផ្លូវឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាមរបស់តុលាការកំពូល មិនឲ្យធ្វើនយោបាយនោះ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញបាន ហើយក្នុងនោះក៏មាន លោក កឹម សុខា ដែរ។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា សេចក្ដីស្នើវិសោធនកម្ម បានដាក់ឲ្យគណៈកម្មការជំនាញនៃរដ្ឋសភា ពិនិត្យជាការប្រញាប់រួចហើយ រួចបញ្ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ មុននឹងដាក់ឲ្យអង្គសភាអនុម័តក្នុងពេលឆាប់ៗ នេះ។
តែទោះយ៉ាងណាក្តី លោកបញ្ជាក់ថា ថ្វីបើច្បាប់នេះ មានបំណងចង់ឲ្យមន្ត្រីបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយវិញក៏ដោយ ក៏ពុំមែនមានន័យថា មន្ត្រីទាំង ១១៨នាក់នោះ មានសិទ្ធិវិលមកធ្វើនយោបាយវិញទាំងអស់គ្នាទេ គឺមានតែមន្ត្រីណាដែលរបបក្រុងភ្នំពេញចាត់ទុកថា ជាមនុស្ស មិនបានបំផ្លិចបំផ្លាញជាតិតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
