មេធាវីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតែចាត់ទុកថា លោក កឹម សុខា មិនទាន់មានសេរីភាពទេ ទោះបីជាមានការពន្យល់ ពីអ្នកនាំពាក្យតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកញ្ញា អះអាងថា លោក កឹម សុខា មានសេរីភាព និងមិនឃុំខ្លួនក្នុងផ្ទះយ៉ាងណាក្ដី។
មេធាវីការពារក្ដី លោក កឹម សុខា គឺលោក ផែង ហេង បានប្រាប់អាស៊ីសេរី នៅថ្ងៃទី២០ កញ្ញា ថា លោកនឹងស្នើឲ្យមានការសហការ ពីមន្ត្រីតុលាការ និងបើកលំហនៃសិទ្ធិសេរីភាព របស់កូនក្តីខ្លួន ឲ្យទូលំទូលាយ និងច្បាស់លាស់ជាងពេលបច្ចុប្បន្ននេះ ដើម្បីអនុញ្ញាតអោយលោក កឹម សុខា ទទួលបានការព្យាបាលជំងឺ។ «»
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៩ កញ្ញា បានចេញសេចក្ដីថ្លែងការណ៍ពន្យល់ថា ចៅក្រមស៊ើបសួរ លោក គី ឫទ្ធី សម្រេចដាក់លោក កឹម សុខាឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចុះថ្ងៃទី១៩ កញ្ញា និងឲ្យជាប់កាតព្វកិច្ច មួយចំនួន ដើម្បីបម្រើដល់ចំណាត់ការនីតិវិធីបន្ត ហើយការសម្រេចនេះ គឺផ្អែកលើហេតុផល ផ្នែកសុខភាពរបស់ជនត្រូវចោទ។
សេចក្ដីថ្លែងការណ៍នេះ បញ្ជាក់ថា ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ របស់តុលាការនេះ ពុំមែនជាករណីឃុំខ្លួនក្នុងផ្ទះទេ ហើយជនត្រូវចោទមាន សេរីភាពក្នុងការចេញពីផ្ទះរបស់ខ្លួន ក្នុងព្រំប្រទល់ដែនដី ដែលកំណត់ដោយ ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យទាក់ទង ជាមួយបុគ្គលនានា ដែលមិនស្ថិតនៅក្នុងក្របខ័ណ្ឌបញ្ជី នៃការហាមឃាត់ របស់តុលាការបាន ពោលគឺបុគ្គលអាចមានការពាក់ព័ន្ធ នឹងសំណុំរឿង ជាមួយជនត្រូវចោទ ដែលតុលាការកំពុងមានចំណាត់ការ។ សេចក្ដីថ្លែងការណ៍បន្ថែមថា ការសម្រេចដូច្នេះ គឺហេតុផលសន្តិសុខ សុវត្ថិភាព របស់លោក កឹម សុខា ជារឿងសំខាន់។
ក៏ប៉ុន្តែ ពាក់ព័ន្ធនឹងការលើកឡើងពីការឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះនេះ ត្រូវបានអ្នកច្បាប់លើកឡើងថា ជាការឃុំខ្លួនខុសច្បាប់ ព្រោះថា កម្ពុជាគ្មានច្បាប់ឃុំខ្លួនមនុស្ស នៅក្នុងផ្ទះឡើយ ទោះបីជារបបលោក ហ៊ុន សែន អះអាងថា ជារឿងមនុស្សធម៌ក្តី។ លោក ហ៊ុន សែន កាលពីថ្ងៃ១៩ កញ្ញា ក៏បានព្រលយពីការត្រៀមរៀបចំច្បាប់ពាក់ព័ន្ធនឹងការឃុំខ្លួនមនុស្សក្នុងផ្ទះ។
អ្នកវិភាគសង្កេតឃើញថា ដើម្បីបន្ធូរសម្ពាធអន្តរជាតិ របបលោក ហ៊ុន សែន សម្រេចកែសម្រួលស្ថានភាពឃុំខ្លួនលោក កឹម សុខា ដោយផ្ទេរពីពន្ធនាគារ មកឃុំខ្លួននៅក្នុងផ្ទះវិញ ទោះបីជាគ្មានច្បាប់ចែងអំពីការឃុំខ្លួនក្នុងផ្ទះនេះក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
