មេ​ដឹក​នាំ​បាតុកម្ម​ នៅ​អូស្ត្រាលី​អំពាវនាវ​​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​​ចូលរួម​បាតុកម្ម​​ប្រឆាំង​ថ្ងៃ​ទី ៧ មករា​​ឲ្យ​បាន​ច្រើន​កុះករ

0:00 / 0:00

មេដឹកនាំបាតុកម្មប្រឆាំងថ្ងៃ៧មករា នៅ​ប្រទេស​អូស្ត្រាលី​អំពាវ​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​នៅ​អូស្ត្រាលី​ ចូលរួម​ធ្វើ​បាតុកម្ម​ឲ្យ​ច្រើន​កុះករ​ដើម្បី​ជា​សារ​ប្រាប់​ទៅ​របប​ក្រុង​ភ្នំពេញ​ថា ពួក​គេ​មិន​ត្រូវ​ការ​ដឹង​គុណ​ថ្ងៃ ៧ មករា​នោះ​ទេ។ សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ចាត់​ទុក ៧ មករា​ថា ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​កម្ពុជា និង​បន្ត​រស់​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ចំណង​ចង់​លេប​ត្របាក់​យក​ប្រទេស​នេះ​ទៅ​គ្រប់គ្រង​ដូច​ទឹក​ដី​កម្ពុជា​ខ្មែរ​ក្រោម។

មេដឹកនាំ​បាតុកម្ម​ប្រឆាំង​ថ្ងៃ ៧ មករា នៅ​ប្រទេស​អូស្ត្រាលី ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​សុក្រ ទី៤ មករា​ថា គម្រោង​បាតុកម្ម​របស់​ពួក​គេ​នឹង​ប្រព្រឹត្តិ​ទៅ​ដូច​ការ​គ្រោង​ទុក នៅ​ម៉ោង ៥ល្ងាច នៅ​ថ្ងៃ​សៅរ៍ ទី៥​ខែ​មករា នៅ​មុខ​ភោជនីយដ្ឋាន Maxim ដែល​យ៉ាង​ហោច​ណាស់ មាន​បាតុករ​ជាង ២០០នាក់​ចូលរួម។

អ្នក​ដឹក​នាំ​បាតុកម្ម​ម្នាក់​លោក ជា យូហន ប្រាប់​ថា មូលហេតុ​ដែល​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម ធ្វើបាតុកម្មប្រឆាំងថ្ងៃ៧មករានៅមុខ​ភោជនីយដ្ឋាន Maxim Saigon នៅ​ទីក្រុង​ស្ព្រីងវែល នៃ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ព្រោះ​លោក​ទទួល​ដំណឹង​ថា ក្រុម​មន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ​នឹង​រៀបចំ​អបអរ​ថ្ងៃ​ទី៧ មករា នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ។ លោក ជា យូហន អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី ដែល​រស់​នៅ​ប្រទេស​អូស្ត្រាលី ឲ្យ​ចូលរួម​បាតុកម្ម​នេះ​ឲ្យ​បាន​ច្រើន​កុះករ៖ «ខ្ញុំ​អំពាវនាវ​ដល់​បង​ប្អូន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​គ្នា ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​សាមគ្គី​គ្នា ដើម្បី​ប្រឆាំង​នឹង ៧ មករា​ហ្នឹង បើ​យើង​ស្ដាប់​សំដី​លោក ប៉ែន សុវណ្ណ គាត់​បាន​និយាយ​ច្បាស់​ហើយ ថ្ងៃ ៧ មករា​នេះ ជា​ថ្ងៃ​ដែល​យួន ( វៀតណាម ) ចូល​មក​ឈ្លានពាន​ទឹក​ដី​កម្ពុជា​យើង»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​នឹង ជួបជុំ​គ្នា​នៅ​សមាគម​ខ្មែរ​នៅ​វេលា​ម៉ោង ៥​ល្ងាច នៅ​ថ្ងៃ​សៅរ៍​ទី៥​ ខែ​មករា ដើម្បី​ដង្ហែ​ក្បួន​បាតុកម្ម​ទៅ​កាន់ ភោជនីយ៍ដ្ឋាន Maxim។ បាតុកម្ម​នោះ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ក្នុង​នៅ​រដ្ឋ​ វីកតូរីយ៉ា (Victoria) សមាគម​ខ្មែរ សហព័ន្ធ​ខ្មែរ ក្រុម​ការងារ ២៣ តុលា គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​ផ្សេង​ទៀត​នៃ​ប្រទេស​នេះ។

អ្នកដឹកនាំ​បាតុកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ទៀត គឺ​លោក តាក់ ម៉េងហៀង ដែល​ទើប​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​នៅ​ប្រទេស​អូស្ត្រាលី ឲ្យ​អាស៊ី​សេរី​ដឹង​ដែរ​ថា ការ​រួបរួម​គ្នា​របស់​មហា​គ្រួសារ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​នេះ ដើម្បី​រំលឹក​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ខ្មែរ ដែល​រង​គ្រោះ​ព្រោះ​ថ្ងៃ ៧ មករា​នេះ។ លោក​បន្ត​ថា នេះ​ក៏​ជា​សារ​មួយ​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច​នៅ​អូស្ត្រាលី​ដែល​នៅ​វង្វេង​ផ្លូវ​ដឹង​គុណ​ថ្ងៃ ៧ មករា ឲ្យ​ងាក​មក​ដើរ​ផ្លូវ​ត្រូវ​ឡើង​វិញ កុំ​ជឿ​តាម​ការ​អូស​ទាញ​ពី​ក្រុម​ជន​ផ្ដាច់​ការ។

លោក​បន្ត​ទៀត​ថា បើ​ខ្មែរ​នៅ​តែ​ដឹង​គុណ​ថ្ងៃ ៧ មករា​ទៀត នឹង​ធ្វើ​ឲ្យ​ខ្មែរ​រង​ទុក្ខ​វេទនា និង​បែក​បាក់​គ្នា​បន្ត​ទៀត។ ដូច្នេះ ក្នុង​នាម​ជា​យុវជន​ជំនាន់​ក្រោយ និង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ត្រូវ​នាំ​គ្នា​ប្រឆាំង​ថ្ងៃ ៧ មករា​ជា​ដាច់​ខាត៖ «ថ្ងៃ​នេះ ( ៧ មករា ) យើង​ចាត់​ទុក​ថា ជា​ថ្ងៃ​ដែល​ខ្មែរ​យើង​រំលឹក​ទុក្ខ​ខ្មែរ​យើង​បាត់បង់​ទឹក​ដី​ផង ការ​បាត់​បង់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​យើង​ផង ដោយសារ​តែ​ការ​មក​ត្រួតត្រា​របស់​ទាហាន​បរទេស ( វៀតណាម

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ថា របប​លោក ហ៊ុន សែន បាន​យក​ព្រឹត្តិការណ៍​នេះ មក​ប្រើប្រាស់​ធ្វើជា​ឧបករណ៍​ឃោសនា​នយោបាយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​របប​ក្រុង​ភ្នំពេញ​បាន​ចាត់​ទុក​ថ្ងៃ​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ជា​ថ្ងៃ​កំណើត​ទី២។

ជុំវិញ​គម្រោង​ធ្វើ​បាតុកម្ម​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​អាស៊ី​សេរី​ដឹង​តាម​ប្រព័្ធតេឡេក្រាម​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង ៧ មករា ឬ​ញ​ក៏​ប្រឆាំង​អ្វី​ផ្សេង​ទៀត គឺ​ជា​សិទ្ធិ​ដែល​មិន​អាច​ហាម​ឃាត់​គេ​បាន​ទេ។ លោក​យល់​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​មាន​ឱកាស​បាន​មក​រស់​នៅ​ក្រៅ​ប្រទេស ក៏​ដោយសារ​ថ្ងៃ ៧ មករា​នេះ​ដែរ។

ប៉ុន្តែ មេ​ដឹក​នាំ​បាតុកម្ម លោក ជា យូហន ឆ្លើយ​តប​ទៅ​លោក សុខ ឥសាន វិញ​ថា បើ​វៀតណាម​មាន​ចិត្ត​ជួយ​រំដោះ​ប្រទេស​កម្ពុជា​ពិត​មែន​នោះ មិន​មែន​ពួក​គេ​ចូល​លុកលុយ​ប្រទេស​កម្ពុជា​ហើយ​មិន​ព្រម​ចាក​ចេញ​ពី​កម្ពុជា​វិញ​នោះ​ទេ។ លោក​ព្រមាន​ថា បើ​របប​ក្រុង​ភ្នំពេញ​បន្ត​ដឹង​គុណ​ថ្ងៃ ៧ មករា​ទៀត ប្រទេស​កម្ពុជា​អាច​នឹង​ត្រូវ​វៀតណាម​លេប​ត្របាក់​យក​ទៅ​គ្រប់​គ្រង​ដូច​ទឹក​ដី​កម្ពុជា​ក្រោម និង​កោះ​ត្រល់​ជា​ដើម៖ «ចៀសវាង​គេ​និយាយ​ថា ថ្ងៃ​ទី៧ មករា​ហ្នឹង​ជា​ថ្ងៃ​រំដោះ​ប្រជាជន​ខ្មែរ​ពី​ខ្មែរក្រហម អរគុណ​ហើយ​ដែល​បាន​រំដោះ​បើ​រំដោះ​រួច​ហើយ​ទៅ​គួរ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ទៅ ចៀសវាង​ការ​បញ្ចូល​ក្រុម​វៀតណាម​ហ្នឹង​ជា​ច្រើន ដែល​ចង់​យក​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ឲ្យ​ក្លាយ​ជា​កម្ពុជា​ក្រោម​មួយ​ទៀត»

សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម ឲ្យ​ដឹង​ថា ការ​ចេញ​មក​ធ្វើបាតុកម្ម​របស់​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​នៅ​អូស្ត្រាលី​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​ប្រព័ន្ធ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​វត្តមាន​មន្ត្រី​ជាន់ខ្ពស់ រួម​ទាំង​មន្ត្រី​យោធា​នៃ​របប​ក្រុងភ្នំពេញ ដែល​កំពុង​ធ្វើ​យុទ្ធនា​ការពង្រីក​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី។ សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ក៏​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់​នៅ​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ផ្សេងៗ ទៀត​រួម​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ ៧ មករា​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។