អាជ្ញាធរភ្នំពេញមិនឱ្យខ្មែរកម្ពុជាក្រោម រំលឹកខួបថ្ងៃបាត់បង់ទឹកដីនៅទីសាធារណៈ
2019.05.31

សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសហគមន៍ខ្មែរកម្ពុជាក្រោម ប្រារព្ធខួប ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងនៅទីកន្លែងសាធារណៈនោះទេ ទោះបីក្នុងពិធីនោះ មានតំណាងព្រះមហាក្សត្រចូលរួមក៏ដោយ។ មន្ត្រីសហគមន៍ខ្មែរកម្ពុជាក្រោមចាញ់មតិ និងប្រមូលផ្ដុំដោយសន្តិវិធី។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ៣០ឧសភាថា ដោយសារតែការរឹតត្បិតសិទ្ធិសេរីភាពនៃការប្រមូលផ្តុំនេះ សហគមន៍បានបង្ខំចិត្តប្រារព្ធពិធីខួប គម្រប់ ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនៅទីស្នាក់ការកណ្ដាលរបស់សហគមន៍ ដែលមានអាសយដ្ឋាននៅ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ វិញ៖ «សូម្បីតែយើងធ្វើកម្មវិធីបញ្ចេញមតិ ក៏យើងមិនដែលឃើញសាលារាជធានីនេះអនុញ្ញាតដែរ។ ឥឡូវ សូម្បីតែធ្វើបុណ្យហ្នឹង ក៏មានការរឹតត្បិតដែរ»។
សហគមន៍ខ្មែរកម្ពុជាក្រោម គ្រោងរៀបចំខួប ៧០ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទី៤ មិថុនាខាងមុខ។ ពិធីនេះ មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃ ១៩៤៩អង្គ ជាតំណាងឆ្នាំនៃការបាត់បង់ទឹកដី ដើម្បីឧទ្ទិសកុសលជូនព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ និងបុព្វបុរសខ្មែរស្នេហាជាតិ។ ពិធីនេះ នឹងមានមនុស្សចូលរួមប្រមាណពីររយនាក់។ លិខិតសាលារាជធានីភ្នំពេញផ្ញើទៅកាន់សហគមន៍ខ្មែរកម្ពុជាក្រោមបញ្ជាក់ថា សាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យសហគមន៍ធ្វើពិធីបុណ្យបាត់បង់ទឹកដីនៅក្នុងទីស្នាក់ការកណ្តាល។ ដំបូងឡើយសហគមន៍ស្នើធ្វើពិធីនេះនៅទីលានប្រជាធិបតេយ្យ នៅខណ្ឌឬស្សីកែវ។ សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ ដែរ ព្រះមហាក្សត្រ បានប្រោសព្រះរាជទាន សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាងជាតំណាង ក្នុងពិធីបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម។ សម្រាប់ឆ្នាំនេះ សហគមន៍ក៏នឹងមានកម្មវិធីពិសេស ជាវេទិកាបញ្ចេញមតិសាធារណៈសម្រាប់យុវជនបញ្ចេញមតិទាក់ទងទៅនឹងខួប ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម៖ «ដើម្បីឱ្យពលរដ្ឋហ្នឹង លោកបានយល់ថ្ងៃ ៤ មិថុនា ១៩៤៩ បារាំងកាត់ដីខ្មែរឱ្យយួនគ្រប់គ្រងបន្ត»។
អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩។ ចាប់តាំងពីបានសិទ្ធិគ្រប់គ្រងពីបារាំងមក វៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរ។ វៀតណាមក៏បានធ្វើទុក្ខបុកម្នេញចាប់ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាដាក់ពន្ធនាគារ ដើម្បីកុំឱ្យងើបប្រឆាំងការតវ៉ាសិទ្ធិជាជនជាតិដើមកំណើត។ លោក ថាច់ សេដ្ឋា អំពាវនាវឱ្យខ្មែរកម្ពុជាក្រោមនិងពលរដ្ឋគ្រប់រូបចូលរួមពិធីនេះ ដោយបានច្រើនកុះករ។៖ «សូមអំពាវនាវដល់ពលរដ្ឋ និងព្រះសង្ឃមេត្តាចូលរួមរាប់បាត្រដើម្បីឧទ្ទិសកុសលជូនព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ និងបុព្វបុរសខ្មែរ»។
ក្នុងឱកាសនៃខួបលើកទី៧០ នៃថ្ងៃដែលបារាំងកាត់ទឹកដីកម្ពុជាក្រោម ឱ្យទៅវៀតណាមកាន់កាប់នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានសហការគ្នាជាមួយអង្គការតំណាងឱ្យប្រជាជាតិ និងប្រជាពលរដ្ឋដែលគ្មានតំណាងនៅអង្គការសហប្រជាជាតិ (UNPO) និងវិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស នឹងរៀបចំសន្និសីទមួយ នៅទីក្រុងឡាអេ នៅថ្ងៃទី១ ខែមិថុនា។ សន្និសីទនេះ នឹងប្រព្រឹត្តទៅនៅទីតាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ អ្នកជំនាញជាតិ និងអន្តរជាតិមួយចំនួនស្ដីពីបញ្ហាខ្មែរក្រោម និងការតស៊ូ ដើម្បីសិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមភាគតិច នឹងជជែកវែកញែក ផ្ដល់បទបង្ហាញនានា សម្រាប់ជាប្រយោជន៍ដល់ចលនាតស៊ូរបស់ខ្មែរក្រោម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) មានថេរដីកាថា ប្រតិភូព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាប្រមាណជិត ៣រយនាក់ បានមកទល់ អឺរ៉ុប ដើម្បីចូលរួមពិធីខួប ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមហើយ។ ព្រះអង្គអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់មិនថាខ្មែរកណ្ដាល ឬខ្មែរក្រោមឡើយ ត្រូវចូលរួមប្រារព្ធខួប ៧០ឆ្នាំ នៃការបាត់បងទឹកដីនេះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១ មិថុនា៖ «ការរៀបចំខួប៧០ឆ្នាំ មានសារៈសំខាន់ណាស់ដោយសារតែជាខួប ៧០ឆ្នាំដែលខ្មែរក្រោម រាប់លាននាក់រស់នៅក្រោមនឹមអាណានិគម យួនហើយយើងរស់នៅដោយគ្មានសិទ្ធិសេរីភាពបញ្ចេញមតិនៅក្រោមនឹមអាណានិគមយួន»។
អ្នកយកព័ត៌មានអាស៊ីសេរី ក៏នឹងមានសេចក្ដីរាយការណ៍ផ្ទាល់ពីក្រុងឡាអេ ជូនលោកអ្នកនាងនូវព្រឹត្តិការណ៍នេះ៕