ពលរដ្ឋខ្មែរកម្ពុជាក្រោមគ្រោងប្រារព្ធរំលឹកថ្ងៃដែលបារាំងកាត់ឱ្យវៀតណាមត្រួតត្រាកាលពី៧៥ឆ្នាំមុន
2024.05.17

ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅកម្ពុជា និងប្រទេសមួយចំនួននឹងប្រារព្ធទិវាលើកទី ៧៥ឆ្នាំ នៃថ្ងៃអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោមទាំងខុសច្បាប់ឲ្យវៀតណាមត្រួតត្រា។ ពួកគេលើកឡើងថា ការរំលឹកព្រឹត្តិការណ៍នេះដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ចងចាំនូវប្រវត្តិសាស្ត្រដ៏ជូរចត់នេះ និងដើម្បីសំដែងការដឹងគុណដល់វីរភាព និងពលីកម្មរបស់បុព្វបុរសខ្មែរដែលបានតស៊ូថែរក្សាពូជសាសន៍ខ្មែរសាសនាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។
នៅកម្ពុជាសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នឹងប្រារព្ធទិវាបាត់បង់ទឹកដីថ្ងៃទី៤ ខែមិថុនា នៅឯវត្តសាមគ្គីរង្សី ឋិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់ម៉ោង ១១និង៣០ថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៩ មិថុនា។ ក្នុងពិធីនេះនឹងមានពិធីបុណ្យសង្ឃទានប្រគេនព្រះសង្ឃចំនួន៧៥អង្គ ឧទ្ទិសមហាកុសលប្រគេនគោរពវិញ្ញាណក្ខន្ធ ព្រះវីរៈសមណៈ និងជូនដួងវិញ្ញាណក្ខន្ធវីរបុរសខ្មែរស្នេហាជាតិ។ សមាគមក៏បានអញ្ជើញតំណាងព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ជាព្រះអធិបតីភាពផងដែរ។
បារាំងបានកាត់ទឹកដីកម្ពុជាទៅឲ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់កាលពីថ្ងៃទី៤ខែមិថុនា ឆ្នាំ១៩៤៩ រហូតមកទល់ពេលនេះ មានរយៈពេល ៧៥ឆ្នាំហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។