ប្រជាពលរដ្ឋខ្មែរក្រោមរស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់ នៅថ្ងៃទី៣ ខែមិថុនា ជួបជុំគ្នាធ្វើពិធីរម្លឹកខួបលើកទី៧៤ឆ្នាំ ដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាម កាន់កាប់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ការប្រារព្ធខួបនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទខ្មែរក្រោមក្រោកឈរដើម្បីសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។
ទិវារំលឹកខួបបាត់បង់ទឹកដីខ្មែរក្រោមទៅប្រទេសវៀតណាមនេះរៀបចំឡើងនៅទីក្រុងស៊ីដនី (Syndey) ដោយមានការហែក្បួនអមដោយរបាំឆៃយ៉ាំព្រមទាំងមានការចូលរួមពីពលរដ្ឋខ្មែរក្រោមរាប់រយនាក់ និងប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីគ្រប់រដ្ឋទាំងអស់នៅទូទាំងប្រទេសអូស្ត្រាលី។ ពលរដ្ឋខ្មែរក្រោមលើកឡើងថា ការរម្លឹកខួបនេះ ដើម្បីឲ្យពលរដ្ឋខ្មែរចងចាំនូវប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងបង្ហាញការដឹងគុណចំពោះបុព្វបុរសខ្មែរក្រោម ព្រមទាំងដាស់តឿនឲ្យពលរដ្ឋបន្តស្មារតីសាមគ្គីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ផ្ដល់សិទ្ធិជាជនជាតិដើមភាគតិច ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅឯដែនដីកម្ពុជាក្រោម។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក យ័ញ បូណាត បានអានសុន្ទរកថាប្រធានសហព័ន្ធខ្មែរក្រោមពិភពលោក លោក ប្រាក់ សេរីវុឌ្ឍ ដោយគូសបញ្ជាក់ពីការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងការតស៊ូមតិដើម្បីទាមទារនូវសិទ្ធិស្វ័យសម្រេច។ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមត្រូវតែបន្តធ្វើការតស៊ូដើម្បីសិទ្ធិសម្រេចវាសនាដោយខ្លួនឯង ហើយគ្មានប្រទេសអាណានិគមណាលើកដាក់ពានឲ្យយើងនូវសិទ្ធិសម្រេចដោយខ្លួនឯងនេះទេ។
លោក យ័ញ បូណាត៖ «គ្មានរបបអាណានិគមណា គេមករក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ អក្សរ សាស្ត្រ ភាសា និងពុទ្ធសាសនាខ្មែរ ក្រៅពីខ្មែរក្រោមរក្សាដោយខ្លួនឯងឡើយ ហើយគេក៏មិនបានលើកយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ដាក់លើជើងពានមកជូនយើងដោយគ្មានការតស៊ូដែរ»។
តំណាងអ្នកចូលរួមពីរដ្ឋនានា ក៏បានថ្លែងពីការសោកស្តាយដែលមិនអាចបំភ្លេចបានដោយចាត់ទុកថា ជាទិវាប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរក្រោមត្រូវរស់នៅក្រោមអាណានិគម ដោយមានការរំលោភបំពានសិទ្ធិមនុស្ស និងមិនឲ្យពលរដ្ឋសិក្សាភាសា និងរក្សាវប្បធម៌ប្រពៃណីរបស់ខ្លួន។ តំណាងខ្មែរក្រោមមកពីរដ្ឋអូស្ត្រាលីភាគខាងត្បូងបានថ្លែងថា លោកស្រីចងចាំជានិច្ចនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាមដែលមិនអនុញ្ញាតឲ្យលោកស្រីបានសិក្សាភាសាខ្មែរនៅសាលារៀន ដោយលោកស្រីបានត្រឹមសិក្សានៅតាមវត្តប៉ុណ្ណោះ។ លោកស្រីតែងតែនឹករលឹក និងប្រឹងប្រែងដេរប៉ាក់នូវកន្សែង និងទង់របស់ខ្មែរក្រោម ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗឲ្យគេស្គាល់ពីខ្មែរក្រោម។
លោកស្រី៖ «ដេរកន្សែងប៉ាក់កន្សែង ពេលណាដែលអូស្ត្រាលីដេរ(ទិវាជាតិអូស្ត្រាលី)រាល់ឆ្នាំ ខ្ញុំខិតខំដើម្បីហៅបងប្អូនខ្មែរកម្ពុជាក្រោម ទោះបីរវល់យ៉ាងណា យើងត្រូវតែជួយគ្នា។ អូស្ត្រាលីដេគេឲ្យយើងខ្មែរកម្ពុជាក្រោមស្លៀកសំលៀកបំពាក់ជាខ្មែរក្រោម យើងមានទង់ជាតិយើងគ្រវី ទង់ជាតិអូស្ត្រាលីគ្រវី ដើរ តាមផ្លូវបង្ហាញពិភពលោកថា យើងជាអ្នកណា»។
ដែនដីកម្ពុជាក្រោមមានខេត្តសរុបចំនួន២១ត្រូវបានអាណានិគមបារាំងកាត់ឲ្យវៀតណាមគ្រប់គ្រងកាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩។ បន្ទាប់ពីទទួលបានសិទ្ធិកាន់កាប់ ទឹកដីខ្មែរហើយ វៀតណាមបានផ្លាស់ប្ដូរគ្រប់យ៉ាងដែលជាខ្មែរ ទៅជាវៀតណាមទាំងអស់ ក្នុងនោះមានដូចជាការប្តូរឈ្មោះខេត្ត ស្រុក ឃុំ ភូមិខ្មែរឱ្យទៅជាឈ្មោះវៀតណាម និងផ្លាស់ប្ដូរនាមត្រកូលខ្មែរ ឱ្យទៅជាវៀតណាមជាដើម។ ទោះជាយ៉ាងណា ជនជាតិខ្មែរក្រោម បានតស៊ូ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារទឹកដី វប្បធម៌ និងជំនឿសាសនារបស់ខ្លួន នៅដែនដីកម្ពុជាក្រោម បើទោះបីជាមានការគាបសង្កត់ពីសំណាក់អាជ្ញាធរវៀតណាមបែបណាក្តី។ អ្នកតស៊ូខ្លះត្រូវបានគេសម្លាប់ ខ្លះត្រូវរងអំពើទារុណកម្ម និងត្រូវជាប់ឃុំឃាំងដូចសត្វធាតុ ប៉ុន្តែពលរដ្ឋខ្មែរ មិនបោះបង់ចោលការតស៊ូទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។