អង្គព្រះមហាក្សត្រ សម្ដេច នរោត្តម សីហមុនី ក្លាយជាផ្ទាំងស៊ីបនៃការរិះគន់មិនចេះចប់ពីក្រុមអ្នកនយោបាយខ្មែរ
2022.10.25

គិតរហូតមកទល់ពេលនេះ ព្រះមហាក្សត្រព្រះបាទសម្ដេច នរោត្តម សីហមុនី បានគ្រងរាជ្យសម្បត្តិអស់រយៈពេលជិត ២ទសវត្សរ៍ហើយ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រកាលពីចុងឆ្នាំ២០០៤ ក្រោយព្រះបិតារបស់ព្រះអង្គ គឺសម្ដេច នរោត្តម សីហនុ បានសម្រេចដាក់រាជ្យ និងផ្ទេររាជបល្ល័ង្កឱ្យទ្រង់។
ក្រោមរាជ្យសម្បត្តិរបស់ព្រះអង្គអស់រយៈពេលជិត ២ទសវត្សរ៍មកនេះ សម្តេច នរោត្តម សីហមុនី ទំនងជាព្រះមហាក្សត្រមួយអង្គនៅលើពិភពលោក ដែលអភព្វជាងគេ។ ព្រះអង្គត្រូវបានក្រុមអ្នកតាមដានសង្គមនយោបាយកម្ពុជាទាំងជាតិ និងអន្តរជាតិ មើលឃើញថា ទ្រង់ជា «អ្នកទោសនៃព្រះបរមរាជវាំង» ជាក្សត្រក្រជាងគេ គ្មានអគ្គមហេសី និងពុំសូវមានឥទ្ធិពលនយោបាយទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ទោះយ៉ាងណា ព្រះអង្គ ត្រូវបានមនុស្សម្នាភាគច្រើននៅលើពិភពលោកស្គាល់ថា ជាអតីតអ្នករាំរបាំបាឡេ ជាអ្នកនាដសាស្ត្រ និងជាអ្នកការទូតវិស័យវប្បធម៌។
ខុសពីព្រះបិតារបស់ព្រះអង្គ គឺសម្ដេច នរោត្តម សីហនុ ព្រះមហាក្សត្រ នរោតម សីហមុនី ជាក្សត្រគ្រងរាជ្យ ដែលមិនសូវចូលចិត្តភាពអធិកអធមនោះទេ។ ព្រះអង្គ បានជ្រើសរើសយកការគ្រងរាជ្យសម្បត្តិដោយស្ងៀមស្ងាត់ ព្យាយាមផ្តាច់ខ្លួនពីរឿងនយោបាយ ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះចែងក្នុងរដ្ឋធម្មនុញ្ញ។ គោលការណ៍នោះគឺ ព្រះមហាក្សត្រ «ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ»។ ប៉ុន្តែ រដ្ឋធម្មនុញ្ញដដែល ក៏បានតម្រូវឱ្យព្រះអង្គធានានូវឯករាជ្យរបស់ស្ថាប័នតុលាការ ធានាបូរណភាពទឹកដី អធិបតេយ្យ និងឯកភាពជាតិ។ ទន្ទឹមនឹងនេះ ព្រះអង្គក៏ទំនងជាក្សត្រមួយអង្គ ដែលគ្រងរាជសម្បត្តិនៅក្នុងប្រទេសក្រីក្រមួយ ដែលមានប្រជាជនប្រមាណ ១៦លាននាក់ ហែកហួរទៅដោយការបែកបាក់ឯកភាពជាតិ និងជម្លោះនយោបាយផ្ទៃក្នុង។
ក្រោមការគ្រងរាជសម្បត្តិរបស់ព្រះអង្គអស់រយៈពេលជិត ២ទសវត្សរ៍មកនេះ សម្ដេច នរោត្តម សីហមុនី បានចូលរួមកំណត់ជោគវាសនាប្រទេសជាតិ និងទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ត្រ លើព្រឹត្តិការណ៍សំខាន់ៗ មួយចំនួន។ ក្នុងនោះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ព្រះអង្គបានចុះហត្ថលេខាប្រកាសឱ្យប្រើសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាម ដែលផ្ដល់ភាពស្របច្បាប់ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥។ ក្រោយមកទៀត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ព្រះអង្គក៏បានចុះហត្ថលេខាម្ដងទៀត ប្រកាសឱ្យប្រើច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម។ សន្ធិសញ្ញាទាំងនេះ ត្រូវក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា រិះគន់ថា ជាការទទួលស្គាល់លើសន្ធិសញ្ញាខុសច្បាប់ ដែលកម្ពុជា និងវៀតណាមបានចុះក្នុងពេលដែលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមក្នុងអំឡុងពេញមួយទសវត្សរ៍ទី៨០។ ពួកគេអះអាងបន្ថែមថា ការចុះហត្ថលេខាលើសន្ធិសញ្ញាទាំងនេះ គឺជាការទទួលស្គាល់ការកាត់កោះត្រល់ និងកោះសំខាន់ៗ មួយចំនួនទៀតទៅឱ្យប្រទេសវៀតណាមដោយស្របច្បាប់ឡើងវិញ បើទោះជាសន្ធិសញ្ញាខុសច្បាប់ទាំងនោះ ត្រូវបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រកាសថា ជាសន្ធិសញ្ញាខុសច្បាប់ និងគ្មានសុពលភាពក៏ដោយ។
ក្រៅពីនេះ សម្តេច នរោត្តម សីហមុនី ក៏បានចូលរួមចុះហត្ថលេខា ប្រកាសឱ្យប្រើច្បាប់មួយចំនួន ដែលត្រូវគេមើលឃើញថា ផ្ទុយពីគោលការណ៍ដើមនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៃរដ្ឋធម្មនុញ្ញ ក្នុងនោះមានដូចជា ការកែច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដែលបើកផ្លូវឱ្យមានការរម្លាយ និងរឹបអូសយកអាសនៈគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ ទៅចែកចាយឱ្យបក្សដទៃ ដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ។ ព្រះអង្គក៏បានប្រកាសឱ្យប្រើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ សំដៅកែសម្រួលសំឡេងបោះឆ្នោត ពីសំឡេងពីរភាគបី មកមតិភាគច្រើនដាច់ខាត កាលពីឆ្នាំ២០០៦។ ប្រកាសឱ្យកែរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០២១ ដែលតម្រូវឱ្យអ្នកនយោបាយកំពូលៗ របស់ជាតិ មានសញ្ជាតិតែមួយ និងចុងក្រោយកាលពីខែសីហា ឆ្នាំ២០២២ ព្រះអង្គបានប្រកាសឱ្យប្រើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលត្រូវគេមើលឃើញថា ជាការកាត់បន្ថយអំណាចរដ្ឋសភា តែបង្កើនអំណាចរដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន។
ក្រោមការគ្រងរាជសម្បត្តិរយៈពេលជិត ២ទសវត្សមកនេះ ព្រះអង្គបានក្លាយជាផ្ទាំងស៊ីបនៃការរិះគន់មិនចេះចប់មិនចេះហើយពីសំណាក់ក្រុមអ្នកនយោបាយ និងក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមនយោបាយកម្ពុជា។ ព្រះអង្គទំនងជាក្លាយជាអង្គក្សត្រមួយអង្គ ដែលបំបែកកំណត់ត្រាខាងរងនូវការរិះគន់ និងប្រមាថខ្លាំងៗ ពីមជ្ឈដ្ឋាននានា។
ជាក់ស្ដែង លោកនាយករដ្ឋមន្ត្រី ធ្លាប់ប្រើពាក្យសម្ដីនៅក្នុងសារសំឡេងបែកធ្លាយមួយថា សូម្បីតែម៉ែឪស្តេចក៏លោកមិនខ្លាចដែរ។ លោក ហ៊ុន សែន ក៏ធ្លាប់គំរាមរំលាយរបបរាជានិយមចោលទៀតផង។
ចុងក្រោយនេះ ព្រះអង្គ ក៏រងនូវការចោទប្រកាន់ពីអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថា គឺជាអង្គព្រះមហាក្សត្រដែលគ្មាន «មនសិការជាតិ» និង ជា «ស្ដេចក្បត់ជាតិ» ទីពីរបន្ទាប់ពីលោក ហ៊ុន សែន។
ថ្វីបើមានការរិះគន់មិនធ្លាប់មានទាំងនេះក៏ដោយ ក៏សម្តេច នរោត្តម សីហមុន ពុំដែលបង្ហាញចេតនាណាមួយពីការចង់ដាក់រាជ្យសម្បត្តិឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។