លោក សម រង្សី អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​សង្គ្រោះ​ជាតិ​កុំ​ឲ្យ​ចាញ់​បោក​របប​លោក ហ៊ុន សែន ខណៈ​ព្រះមហាក្សត្រ​ដាក់​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ

ដោយ សេក បណ្ឌិត
2019-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម សង្ស៊ី​។
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម សង្ស៊ី​។
RFA

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ​ លោក ​សម ​រង្សី អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ ទាំង ១១៨នាក់ កុំ​ទន់​ជ្រាយ​បាញ់​បោក​របប​លោក ហ៊ុន សែន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ព្រះមហាក្សត្រ ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា៤៥ ថ្មី (ស្ទួន) នៃ​ច្បាប់​ស្ដីពី គណបក្ស​នយោបាយ ដើម្បី​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស សង្រ្គោះ​ជាតិ មួយ​ចំនួន ដែល​តុលាការ ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ។ អ្នក​ឃ្លាំ​មើល​កម្ពុជា​យល់​ថា ច្បាប់​នេះ នឹង​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​អ្នក​កាន់​អំណាច មិនមែន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ​នោះ​ទេ។

លោក សម រង្ស៊ី បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ដើម្បី​កុំ​ថ្នាក់​ដឹក​នាំ​ទាំង ១១៨រូប ដែល​របប​លោក ហ៊ុន សែន ហាម​ឃាត់​ធ្វើ​នយោបាយ​នោះ ទន់ជ្រាយ កុំ​ចាញ់​បោក​លោក ហ៊ុន សែន និង​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក ​ហ៊ុន​ សែន​ ឡើង​វិញ។

លោក សម រង្ស៊ី បន្ត​ថា បើ​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ នាំ​គ្នា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក ​ហ៊ុន សែន​ វិញ​នៅ​ពេល​នេះ គឺ​ស្មើ​នឹង​ចូល​បម្រើ​អំណាច​ផ្ដាច់ការ​ដោយ​ពុំ​ដឹង​ខ្លួន ខណៈ​ដែល​របប​លោក ហ៊ុន សែន មិន​ទាន់​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា និង​មិន​ទាន់​បើក​ផ្លូវ​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ​ ដំណើរ​ការ​ឡើង​វិញ ដោយ​រួម​ទាំង​រៀបចំ​ការ​បោះឆ្នោត​ម្ដង​ទៀត​ជា​ដើម។ លោក សម រង្ស៊ី ស្នើសុំឲ្យថ្នាក់ដឹកនាំទាំង១១៨រូប យក​គំរូ​តាម​យុវជន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ទើប​តែ ចេញ​ពី​ពន្ធនាគារ ហើយ​ប្ដេជ្ញា​បន្ត​ការ​តស៊ូ​ទាំង​អស់​គ្នា​ទៀត។

ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រម​ដាក់​ឲ្យ​ប្រើប្រាស់ ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា៤៥ ថ្មី (ស្ទួន) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើក​ផ្លូវ​ឱ្យ​ថ្នាក់ ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ មួយ​ចំនួន មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

ខ្លឹមសារនៃមាត្រា៤៥ ថ្មី (ស្ទួន​មួយ) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ទើប​ត្រូវ​បាន​អនុម័ត ចែង​ថា បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា​មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​វិញ ក្នុង​ករណី ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្ដល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

រីឯ​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក​ រ៉ុង ​ឈុន ​សម្ដែង​ក្ដី​សោក​ស្ដាយ ដែល​ព្រះមហាក្សត្រ​ប្រញាប់​ឡាយ​ព្រះហស្ត​លេខា​ដាក់​ឲ្យ​ប្រើប្រាស់​មាត្រា​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ តាម តម្រូវ​ការ​របស់​គណបក្ស​កាន់​អំណាច។ លោក​ទូល​ថ្វាយ​ឲ្យ​ព្រះមហាក្សត្រ គួរ​តែ​បំពេញ​ព្រះរាជ​តួនាទី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ដែល​កំពុង​កើត​មាន​សព្វថ្ងៃ​នេះ ព្រោះ​វា គឺ​ជា​រឿង​ចាំបាច់​បំផុត៖ «ខ្ញុំ​គិត​ថា ព្រះអង្គ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​សម្របសម្រួល​នយោបាយ​នៅ​កម្ពុជា កុំ​នៅ​បន្ត​រ៉ាំរ៉ៃ​ទៀត ហើយ​បើ​បន្ត​រ៉ាំរ៉ៃ​ទៀត​នោះ នឹង​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជា​ពលរដ្ឋ ព្រោះ​យើង​ដឹង​ហើយ​ថា បើ​ស្ថានភាព​នយោបាយ​យើង​នៅ​តែ​បែប​ហ្នឹង គឺ​អ្នក​វិនិយោគ​ទុន ក្រុមហ៊ុន​ធំៗ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ គេ​មិន​ហ៊ាន​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​នោះ​ទេ»

បើទោះបី​ជា​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្ដី ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ណា​ម្នាក់ ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ តេឡេក្រាម​ថា ទ្វារ​បាន​បើក​ចំហ​ហើយ នៅ​តែ​មនុស្ស​សុំ​ចូល​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ជា​សំណួរ​ថា ច្បាប់​បើក​ចំហ​មាន​ហើយ នៅ​សល់​តែ​ឆន្ទៈ​របស់​សាមីជន​ជា​អ្នក​នយោបាយ​ប៉ុណ្ណោះ តើ​មាន​សំណូមពរ ចង់​ធ្វើ​នយោបាយ​ឡើង​វិញ ឬ​អត់

លោក​ សុខ ​ឥសាន ​ថែម​ទាំង​ឌឺ​ទៅ​លោក ​សម ​រង្ស៊ី ទៀត​ថា​ បើ​ជឿ​តាម​លោក ​សម ​រង្ស៊ី ​អស់​ស្រូវ ពូជ ​បើ​ម្ចាស់ការ​លើ​ខ្លួន​ឯង ​គឺ​មាន​ផ្លូវ​ដើរ​តទៅ​មុខ​ទៀត ។

ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក​ រ៉ុង ​ឈុន ​យល់​ថា ​នៅ​ក្នុង​ខ្លឹមសារ​នៃ​មាត្រា​ថ្មី​នេះ ​ពុំ​មាន​ចំណុច​ណា​មួយ​ ដែល​ចង្អុល​បង្ហាញ​ថា​ ថ្នាក់​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ ត្រូវ​សរសេរ​លិខិត​ស្នើសុំ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​តាម​សំណើ​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នោះ​ទេ។ ប៉ុន្តែ​បែរ​ជា​លោក ហ៊ុន​ សែន ​ប្រាប់​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ ត្រូវ​ដាក់​លិខិត​ស្នើសុំ​លោក​ជា​មុន​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ផ្ទុយ​ពី​ស្មារតី​ច្បាប់។

លោក​បារម្ភ​ថា ​មាត្រា​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ នឹង​ក្លាយ​ជា​ឧបករណ៍​នយោបាយ​ របស់​អ្នក​កាន់​អំណាច ​មិនមែន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ​នីតិរដ្ឋ​នោះ​ទេ៖ «អ៊ីចឹង​លោក​នាយករដ្ឋមន្ត្រី ត្រូវ​បំពេញ​ភារកិច្ច​ទាំង​អស់​នេះ ត្រូវ​តែ​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​អ្នក​ទាំង ១១៨នាក់​វិញ ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ទាំង ១១៨នាក់ ធ្វើ​លិខិត​ម្នាក់​មួយៗ ស្នើសុំ​ទៅ​នាយករដ្ឋមន្ត្រី និង​ក្រសួង​មហាផ្ទៃ​នោះ​ទេ ព្រោះ​ច្បាប់​មិន​បាន​ចង្អុល​បង្ហាញ។ ម្យ៉ាង​ទៀត អ្នក​ទាំង ១១៨នាក់ ក៏​មិន​ត្រូវ​ស្នើ​ទៅ​ដែរ ព្រោះ​ច្បាប់​អត់​បាន​បង្ហាញ ហើយ​មួយ​ទៀត បើ​យើង​ស្នើ មាន​ន័យ​ថា យើង​ទទួល​កំហុស»

អ្នកវិភាគ យល់​ថា របប​លោក ​ហ៊ុន ​សែន ​កំពុង​តែ​ប្រើ​វិធីសាស្ត្រ​ដូច​កន្លង​មក គឺ​លួង​លោម​ផង និង​សម្លុត​ផង ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង ចុះ​ចូល​ជា​មួយ​ខ្លួន ​និង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ឡើង​វិញ ដើម្បី​បម្រើ​មហិច្ឆតា​តាម​អំណាច​របស់​ខ្លួន។ អ្នក​វិភាគ មើល​ឃើញ​ថា ក្នុង​កាលៈទេសៈ​នេះ​ថ្នាក់​ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ គ្មាន​ជម្រើស​ផ្សេង ក្រៅ​ពី​ប្រកាន់​ជំហរ​រឹងមាំ និង​ស្រាក់​ដៃ​គ្នា​ឲ្យ​ជាប់ ហើយ​ជៀសវាង​ដើរ​បែក​ផ្លូវ​គ្នា ព្រោះ​ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ជា​កញ្ចប់​មិន​ខាន​ តាម​រយៈ​កិច្ច​អន្តរាគមន៍​ជា​ជំហាន​របស់​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល