ព្រះមហាក្សត្រនិងសម្ដេចម៉ែយាងទៅខេត្តព្រះសីហនុតាមរថភ្លើង
2016.12.30
ព្រះមហាក្សត្រ និងសម្ដេចម៉ែ មុនីនាថ សីហនុ បានយាងតាមព្រះទីន័ងរថភ្លើងពីស្ថានីយរាជធានីភ្នំពេញ មកដល់ស្ថានីយខេត្តព្រះសីហនុ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែធ្នូ។ ក្នុងដំណើរយាងទៅខេត្តព្រះសីហនុ នេះ ព្រះអង្គបានជួបសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្សតាមស្ថានីយរថភ្លើង ក្នុងខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ។ ការយាងតាមព្រះទីន័ងរថភ្លើងរបស់ព្រះមហាក្សត្រនៅឱកាសនេះ មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី មុនីនាថ សីហនុ យាងមកដល់ស្ថានីយរថភ្លើងខេត្តព្រះសីហនុ នៅម៉ោងជិត ៥ល្ងាច ថ្ងៃសុក្រ ទី៣០ ខែធ្នូ។ ព្រះអង្គទាំងទ្វេនឹងគង់នៅព្រះរាជដំណាក់របស់ព្រះអង្គនាខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៧។
នេះជាលើកទី១ហើយ ដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហរទ័យស្ដេចយាងតាមព្រះទីន័ងរថភ្លើងមកលំហែព្រះកាយ និងទតមូលដ្ឋានខេត្តព្រះសីហនុ។
នៅឯស្ថានីយរថភ្លើងកំពង់សោម ឬស្ថានីយខេត្តព្រះសីហនុ គេសង្កេតឃើញវត្តមានថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធក្រោមឱវាទ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សរាប់ម៉ឺននាក់ បានបង្ហាញវត្តមាន ដោយឈរជាជួរមានរបៀបរៀបរយរង់ចាំទទួលព្រះរាជវត្តមានព្រះមហាក្សត្រ និងសម្ដេចម៉ែ ក្នុងទឹកមុខសប្បាយរីករាយ។ មនុស្សម្នាទាំងក្មេងចាស់ ពួកគេម្នាក់ៗ ទន្ទឹងចង់ជួបព្រះភក្ត្រព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងចង់ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។
ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងវ័យចាស់ ក្មេង និងសិស្សានុសិស្សរាប់ពាន់នាក់ បង្ហាញអារម្មណ៍ និងទឹកមុខរីករាយពេលបានជួយព្រះភក្ត្រព្រះអង្គទាំងទ្វេ ហើយបានថតរូបអនុស្សាវរីយ៍ជាមួយព្រះអង្គ ព្រមទាំងបានថតរូបជាមួយលោកនាយករដ្ឋមន្ត្រី និងភរិយាយ៉ាងសប្បាយរីករាយថែមទៀត។
ទន្ទឹមគ្នានេះ ក៏មានប្រជាពលរដ្ឋ និងសិស្សានុសិស្ស ពិសេសមនុស្សវ័យចាស់មួយចំនួន សម្ដែងការខកចិត្ត និងបង្ហាញអារម្មណ៍សោកស្ដាយដែលមិនបានជួបព្រះភក្ត្រ ឬមិនបានចាប់កាន់ព្រះកាយព្រះមហាក្សត្រ និងសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួតដោយផ្ទាល់ផងដែរ៖ «ខ្ញុំមិនបានចូលជួបព្រះមហាក្សត្រ និងសម្ដេចម៉ែទេ! ខ្ញុំសុំគេ គែមិនឲ្យចូលជួបព្រះអង្គទេ។ ខ្ញុំចង់ជួបព្រះភក្ត្រព្រះអង្គទាំងទ្វេ ចង់យំហើយ ហើយខ្ញុំបានបន្សល់ទុករូបថតសម្ដេចតា ទុកជូនសម្ដេចម៉ែថែមទៀត ប៉ុន្តែខ្ញុំមិនបានចូលជួបព្រះអង្គសោះ។ ខ្ញុំចង់ជួបព្រះភក្ត្រព្រះអង្គទាំងពីរណាស់ ព្រោះខ្ញុំមិនដែលបានជួបព្រះអង្គទេ»។
ចំណែកថ្នាក់ដឹកនាំ នៅតាមស្ថាប័នជំនាញកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នស៊ីវិលជាដើម បានត្រៀមលក្ខណៈដោយយកចិត្តទុកដាក់នៅតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹកជាដើម ទូទាំងខេត្តព្រះសីហនុ ដោយប្រុងប្រយ័ត្ន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ផ្ដល់សម្ភាសន៍ដល់អាស៊ីសេរីថា កម្លាំងជំនាញរបស់លោកបានពង្រាយនៅគ្រប់គោលដៅ និងគ្រប់ច្រកល្ហកនៅខេត្តព្រះសីហនុ និងបានសហការជាមួយកម្លាំងជំនាញស្ថាប័នដទៃទៀត ពិសេសកម្លាំងជំនាញថ្នាក់ជាតិ ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងដំណើរយាងរបស់ព្រះមហាក្សត្រ សម្ដេចម៉ែ និងប្រមុខដឹកនាំមកខេត្តព្រះសីហនុ ដោយយកចិត្តទុកដាក់៖ «ថ្ងៃនេះព្រះមហាក្សត្រយាងមកខេត្តព្រះសីហនុយើង ហើយក៏ជាកិត្តិយសរបស់ខេត្តយើង ដែលប្រជាពលរដ្ឋសិស្សានុសិស្សចង់ជួប និងចង់ឃើញព្រះភក្ត្ររបស់ព្រះអង្គ។ ចំណែកការងារសន្តិសុខ ក្នុងនាមបញ្ជាការឯកភាពខេត្ត គឺយើងរៀបចំបានល្អ ដោយសហការជាមួយថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ គឺទទួលបានជោគជ័យការពារពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ។ ដោយឡែកការយាងរបស់ព្រះមហាក្សត្រនៅថ្ងៃនេះ គឺយើងបានជាមួយកម្លាំងជំនាញថ្នាក់ជាតិពីរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ គឺយើងបានដាក់កម្លាំងការពារដោយសុវត្ថិភាព»។
ក្នុងសកម្មភាពអមដង្ហែព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ថា៖ «ខ្ញុំពិតជារីករាយបំផុតដែលបានដង្ហែព្រះមហាក្សត្រ និងសម្ដេចម៉ែយាងតាមរថភ្លើង ដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗ នៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជា ពេលបច្ចុប្បន្ន»។
ប្រមុខដឹកនាំបញ្ជាក់ថា ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្តរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ លោក ហ៊ុន សែន បន្ថែមថា ដោយសារសង្គ្រាមផ្លូវរថភ្លើងប្រទេសកម្ពុជា ត្រូវបំផ្លាញស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ប៉ុន្តែក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងត្រូវបានជួសជុលស្ថាបនាឡើងវិញ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូន។
នៅក្នុងព្រះរាជដំណើរយាងមកដល់ខេត្តព្រះសីហនុ ល្ងាចថ្ងៃសុក្រទី៣០ ខែធ្នូ ព្រះមហាក្សត្របានមានព្រះរាជបន្ទូលសួរសុខទុក្ខ និងជូនពរដល់ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ន ព្រមទាំងសិស្សានុសិស្សឲ្យមានសុខភាពល្អគ្រប់ៗគ្នា។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអមព្រះរាជដំណើរព្រះមហាក្សត្រនេះដែរ លោកក៏បានឆ្លៀតផ្ញើសារតាមបណ្ដាញសង្គមហ្វេសប៊ុក ជូនពរប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងកម្លាំងកំពុងបំពេញភារកិច្ច រក្សាសន្តិភាពនៅតាមប្រទេសនានា ក្រោមឆត្រអង្គការសហប្រជាជាតិជាដើម សូមឲ្យមានសេចក្ដីសុខចម្រើន និងសំណាងល្អទាំងអស់គ្នាក្នុងឱកាសចូលឆ្នាំថ្មីសកល ឆ្នាំ២០១៧៕