ពលរដ្ឋកោះកុងទាមទារតាមបណ្ដាញសង្គមឲ្យរដ្ឋាភិបាលថ្មីដោះលែងសកម្មជនដីធ្លីទាំង៩នាក់
2023.08.27

ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ប្រើប្រាស់បណ្ដាញសង្គមដើម្បីទាមទារឲ្យរដ្ឋាភិបាលថ្មី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឲ្យតុលាការខេត្តកោះកុង ដោះលែង និងទម្លាក់បទចោទសកម្មជនដីធ្លីទាំង៩នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃអូសបន្លាយជិត២០ឆ្នាំមកនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលថា អាជ្ញាធរ គួរតែមានចិត្តសន្ដោសប្រណីដល់ពលរដ្ឋ ដែលរងការរំលោភបំពានដីធ្លីពីអ្នកមានអំណាច ដោយយកបញ្ហា ដែលពួកគាត់ទាមទារមកជជែកគ្នា រវាងអាជ្ញាធរ និងពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនេះ។
តំណាងសហគមន៍មានទំនាស់ដីធ្លីនៅថ្ងៃទី២៦ សីហា បង្ហោះសារ និងរូបភាពនៅលើបណ្ដាញសង្គម ដើម្បីស្នើសុំឲ្យរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះលែងសកម្មជនដីធ្លីទាំង៩នាក់ ឲ្យមានសេរីភាពឡើងវិញ។ រូបភាពទាំងនោះរួមមាន បដាពណ៌ស មួយសន្លឹកបង្ហាញពីការស្នើសុំឲ្យដោះលែងសកម្មជនទាំង៩នាក់រួមមាន អ្នកស្រី ដេត ហួរ លោក សុខ ជ័យ និងសកម្មជនដីធ្លីដ៏ល្បីឈ្មោះ គឺលោកស្រី ផាវ ញើង ជាដើម។
លោក ហង់ វាសនា កូនប្រុសរបស់លោកស្រី ផាវ ញ៉ើង ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកោះកុង ស្នើដល់រដ្ឋាភិបាល ដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងជំរុញតុលាការខេត្តកោះកុង ដោះលែងសកម្មជនដីធ្លីទាំង៩នាក់។
លោក ហង់ វាសនា៖ «ខ្ញុំសូមស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជាហ្នឹង សុំធ្វើដូចម្ដេចចូលរួម ឬក៏ជំរុញឲ្យមានការដោះស្រាយទៅលើបញ្ហាដីធ្លីរបស់ពួកខ្ញុំ។ ជាពិសេសនៅក្នុងពេលបច្ចុប្បន្នហ្នឹងធ្វើដូចម្ដេចឲ្យមានការដោះលែងលើម្ដាយរបស់ខ្ញុំ ក៏ដូចជា សហគមន៍ផ្សេងទៀត ព្រោះពួកយើងអត់បានប្រព្រឹត្តកំហុសណាមួយដូចការចោទប្រកាន់របស់តុលាការទាំងអស់។ ពួកយើងត្រូវការយុត្តិធម៌សម្រាប់ពួកយើង ហើយយើងត្រូវការជីវភាពរស់នៅដ៏សមរម្យដូចប្រជាពលរដ្ឋផ្សេងទៀតដែរ»។
ស្រដៀងគ្នានេះ លោក សួស ថែត ប្តីលោកស្រី យឿន ខ្មៅ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកោះកុង ថ្លែងថា លោកមិនអាចចេញពីផ្ទះ ដើម្បីធ្វើការស្វែងរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានទេ ព្រោះតាំងពីប្រពន្ធជាប់ឃុំមក គ្មានអ្នកនៅផ្ទះមើលកូនតូចៗ កំពុងមានជំងឺ។ លោកស្នើដល់លោក ហ៊ុន ម៉ាណែត ជំរុញដល់តុលាការខេត្តកោះកុង ដោះលែងសកម្មជនដីធ្លីទាំង៩នាក់។
លោក សួស ថែត៖ «បាទ ខ្ញុំសង្ឃឹមថា ប្រមុខរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនឹងជំរុញឲ្យដល់តុលាការ ដើម្បីឲ្យតុលាការដោះលែងប្រជាពលរដ្ឋបានជួបជុំក្រុមគ្រួសារបាទ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុងលោក ស៊ូ សុវណ្ណារ៉ា និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបចំពោះសំណើរបស់ពលរដ្ឋ បានទេ នៅថ្ងៃទី២៦ សីហា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា អាជ្ញាធរគួរតែដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃ ដែលអូសបន្លាយជិត ២០ឆ្នាំនេះ ឲ្យបានឆាប់។
លោក យង់ គិមអេង៖ «សម្រាប់ប្រជាពលរដ្ឋ ដែលពឹងអាស្រ័យ ជីវភាពប្រចាំថ្ងៃទៅលើដីស្រែ ទៅលើដីធ្លីហ្នឹងបាទ ប្រសិនជាអត់មានដំណោះស្រាយទេ ដំណើរការនៃការតវ៉ាហ្នឹង ការតវ៉ាហ្នឹងវាអត់មានឈប់ឈរ នៅតែមានការតវ៉ាអ៊ីចឹងបាទ។ គ្នាដឹងថា តវ៉ាខ្លាំងអាចប្រឈមនឹងការជាប់គុកជាប់ច្រវាក់អ៊ីចឹង ប៉ុន្តែគ្នាគ្មានជម្រើសអ្វីក្រៅពីការតវ៉ាហ្នឹង»។
កាលពីថ្ងៃទី១៥ ខែសីហា សាលាដំបូងខេត្តកោះកុង ប្រកាសសាលក្រមលើសំណុំរឿងរបស់តំណាងសហគមន៍ដីធ្លី១៩៧ ដោយសម្រេចឱ្យតំណាងសហគមន៍ចំនួន ១០នាក់ជាប់ពន្ធនាគារ១ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារបង្កាច់កេរ្តិ៍ និងសម្រេចឱ្យតំណាងពលរដ្ឋសងសំណង៤០លានរៀល ឬស្មើប្រមាណ ១ម៉ឺន (១០.០០០) ដុល្លារអាមេរិក ទៅកាន់លោក ហេង ហ៊ុយ ដែលពលរដ្ឋ អះអាងថា ជាអ្នកយកដីពួកគាត់។
បើទោះបីជារដ្ឋាភិបាលថ្មី ទើបប្រកាសពីការអនុវត្តយុត្តិសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានគោលដៅសំខាន់ លើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍ ក៏ដោយ ក៏នៅពុំទាន់ឃើញរដ្ឋាភិបាលថ្មីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលជាឆ្នាំងបាយរបស់ពលរដ្ឋនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។