អតីតមន្ត្រីដែលស្និទ្ធនឹងលោក សម រង្ស៊ី គ្រោងនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន១) ដើម្បីបើកផ្លូវឲ្យមន្ត្រីគណបក្សប្រឆាំងមួយចំនួនមានសិទ្ធិធ្វើនយោបាយឡើងវិញ។ អ្នកវិភាគបាននិយាយថា ឪពុកកូនទាំងពីរកំពុងទ័លច្រករឿងអចលនៈ ទ្រព្យទើបសម្រេចដើរតាមបន្ទាត់នយោបាយរបស់លោក ហ៊ុន សែន។
អតីតមន្ត្រីគណបក្ស សម រង្ស៊ី លោក គង់ គាំ និងកូនប្រុសរបស់លោក គង់ បូរ៉ា គ្រោងនឹងដាក់ពាក្យព្រមៗ គ្នា នៅថ្ងៃពុធស្អែកនេះទៅក្រសួងមហាផ្ទៃដើម្បីស្នើសិទ្ធិធ្វើនយោបាយឡើងវិញក្នុងចំណោមមន្ត្រីគណបក្សប្រឆាំងចំនួន ១១៨រូបមានតែ២នាក់ប៉ុណ្ណោះ បានសម្រេចដើរតាមគោលនយោបាយតាមការចង់បានរបស់របបក្រុងភ្នំពេញ។
លោក គង់ គាំ គឺជាអតីតមន្ត្រីដែលស្និទ្ធនឹងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពមួយរូប ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសក្រោយពីតុលាការកំពូលរំលាយគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សដ៏ធំជាងគេមិនឲ្យចូលរួមការបោះឆ្នោត កាលពីឆ្នាំ២០១៨។
របបលោក ហ៊ុន សែន បន្ទាប់ពីបានរំលាយគណបក្ស សង្គ្រោះជាតិ ក៏បានហាមប្រាមមន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន ១១៨នាក់ក្នុងនោះមានលោក គង់ គាំ នឹងកូនប្រុសរបស់លោក មិនឲ្យធ្វើនយោបាយអស់រយៈពេល ៥ឆ្នាំ។ ក៏ប៉ុន្តែដោយសាររងសម្ពាធជាអន្តរជាតិរបបនេះបានបន្ទន់ឥរិយាបថសម្រួលសម្ពាធនយោបាយឡើងវិញ ដោយបានដោះលែងសកម្មជននយោបាយ និងបានប្រឹងប្រែងកែច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យមន្ត្រីគណបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយឡើងវិញ។
អតីតអ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ លោក គង់ បូរ៉ា ប្រាប់អាស៊ីសេរីថា នៅថ្ងៃពុធ ទី៩ មករា លោកនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ បើទោះបីជាលោកលោកមិនមានកំហុសខាងផ្លូវនយោបាយក៏ដោយ៖ «មូលហេតុដោយសារខ្ញុំមិនអាចបន្តនៅក្រៅប្រព័ន្ធច្បាប់របស់ប្រទេសបានទេ »។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ទ្រង់បានឡាយព្រះហស្តលេខាលើច្បាប់ ស្ដីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន១) និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
សេចក្ដីស្នើច្បាប់នេះ បានបន្ថែមនូវវាក្យខណ្ឌមួយថ្មីក្នុងមាត្រា៤៥ ថ្មី (ស្ទួនមួយ) ដោយបានចែងថា «បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ»។
ប្រធានគណបក្សសម រង្ស៊ី លោក គង់ គាំ មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេ។ ក៏ប៉ុន្តែលោក គង់ បូរ៉ា បាននិយាយថា ឪពុករបស់លោកបានសម្រេចរួចហើយថា នឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃជាមួយលោកដែរ នៅថ្ងៃទី៩ មករា ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
អ្នកវិភាគឯករាជ្យលោក គឹម សុខ បានបញ្ជាក់ថា លោក គង់ គាំ ដោយសារជាគ្មានជម្រើសនឹងខ្លាចបាត់បង់ទ្រព្យសម្បត្តិ ទើបសម្រេចដើរតាមបន្ទាត់នយោបាយដែលលោក ហ៊ុន សែន គូសឲ្យដើរ៖ «លោក គង់ គាំ មិនអាចបដិសេធមិនធ្វើតាមលោក ហ៊ុន សែន បានទេ ដោយសារតែគាត់មានបញ្ហារឿងដីធ្លីរាប់ម៉ឺន រាប់លានដុល្លារនៅក្នុងដៃរបស់លោក ហ៊ុន សែន » ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អាស៊ីសេរីមិនអាចស្នើសុំ ដើម្បីសេចក្ដីអត្ថាធិប្បាយបំភ្លឺបញ្ហានេះបានទេ ដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
ក្នុងចំណោមមន្ត្រីគណបក្សប្រឆាំងទាំង ១១៨នាក់ មានតែលោក គង់ គាំ និងកូនប្រុសតែពីរនាក់ប៉ុណ្ណោះ បានសម្រេចដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
យោងតាមច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា៤៥ ថ្មី (ស្ទួន១) បាននិយាយសំដៅលើបុគ្គលណា ដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្ដល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្លាប់បានអះអាងប្រាប់អាស៊ីសេរីថា មន្ត្រីបក្សប្រឆាំងមិនចាប់អារម្មណ៍ និងមិនធ្វើលិខិតសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន ទេ។ លោកព្រមានថា មន្ត្រីបក្សប្រឆាំងណា ដែលស្នើសុំធ្វើនយោបាយមុនរបបលោក ហ៊ុន សែន ដោះលែង ប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា បានន័យថា ក្បត់បក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
