រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល ស្លាប់​ក្នុង​វ័យ​៩៤​ឆ្នាំ

ដោយ សុជីវី
2024.09.03
រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល ស្លាប់​ក្នុង​វ័យ​៩៤​ឆ្នាំ ប្រធានព្រឹទ្ធសភា​ លោក ហ៊ុន​ សែន ចូលរួមបុណ្យសពលោក ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល នៅថ្ងៃទី៤ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន​ សែន

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី២ ខែ​កញ្ញា នេះ ក្នុង​ជន្មាយុ ៩៤​ឆ្នាំ ដោយ​ជរាពាធ។

សេចក្ដីជូនដំណឹង​របស់​ក្រសួងព្រះបរមរាជវាំង​ឱ្យ​ដឹង​ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្ដេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហនុ បាន សម្ដែង ការ​សោកស្តាយ និង​ចូលរួម​រំលែក​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ លោក គង់ សំអុល។ ព្រះអង្គ​មាន​រាជបន្ទូល​ថា​ការបាត់បង់ លោក គង់ សំអុល គឺជា​ការ​ការបាត់បង់​ឥស្សរជន​របស់​ប្រទេស​ដោយសារតែ​លោក​បាន​លះបង់​កម្លាំងកាយ ចិត្ត កម្លាំង ក្នុង​ការ​ចូលរួម​ចំណែក​បម្រើ​ប្រទេសជាតិ សាសនា និង ព្រះមហាក្សត្រ ស្មោះត្រង់​នឹង​ព្រះរាជ​បល្ល័ង្ក។

នៅ​ថ្ងៃ​ដដែល​នេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក គុយ សុផល ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ជំនួស​ឱ្យ លោក គង់ សំអុល តាម​សំណើ​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។

លោក គង់ សំអុល ត្រូវ​បាន​តែងតាំង​ជា រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ចាប់ពី​ឆ្នាំ​១៩៩៨ ហើយ​លោក​ក៏​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ចន្លោះ​ឆ្នាំ ១៩៨៦ ដល់​ឆ្នាំ​១៩៨៩ ផង​ដែរ​។ ចំណែក គុយ សុផល ជា​ឧត្ដមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​អតីត​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។