សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​អ្នក​វិភាគ​វ័យក្មេង​អំពាវនាវ​ដល់​យុវជន​ឱ្យ​បន្ត​ឆន្ទៈ​បណ្ឌិត កែម ឡី

ដោយ យ៉ង ចាន់តារា
2023.02.18
សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​អ្នក​វិភាគ​វ័យក្មេង​អំពាវនាវ​ដល់​យុវជន​ឱ្យ​បន្ត​ឆន្ទៈ​បណ្ឌិត កែម ឡី ព្រះសង្ឃ និងយុវជន​ទៅ​គោរព​វិញ្ញណក្ខន្ធ​អ្នកសិក្សា​ការ​អភិវឌ្ឍ​សង្គម លោកបណ្ឌិត កែម ឡី នៅខេត្ត​តាកែវ កាលពីឆ្នាំ​២០២២។
រូប៖ សកម្មជនថារវៈ

មាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ អំពាវនាវ​ដល់​យុវជន​ឱ្យ​បន្ត​ឆន្ទៈ​លោក​បណ្ឌិត កែម ឡី។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យុវជន​មួយ​ចំនួន ដែល​បាន​តាំង​ខ្លួន​ជា​កូន​សិស្ស​បណ្ឌិត កែម ឡី ទៅ​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល និង​បាន​ផ្លាស់​ប្ដូរ​ស្មារតី​និយាយ​ការពិត ទៅ​ជា​និយាយ​ការពារ​អ្នក​មាន​អំណាច។

សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ដែល​បង្កើត​ឡើង​ដោយ បណ្ឌិត កែម ឡី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ នៅ​ថ្ងៃទី១៧ ខែ​កុម្ភៈ ដើម្បី​អំពាវនាវ​ឱ្យ​ក្រុម​យុវជន​ដែល​តាំង​ខ្លួន​ជា​កូន​សិស្ស និង​ជា​អ្នក​បន្ត​វេន​ពី​បណ្ឌិត កែម ឡី ត្រូវ​តែ​រក្សា​ជំហរ និង​ស្មារតី​រឹងមាំ ដើម្បី​រួម​ចំណែក​កែ​លម្អ​សង្គម។ សេចក្ដី​ថ្លែងការណ៍​បាន​សង្កត់​ធ្ងន់​ថា យុវជន​គួរ​បន្ត​គំរូ​ភាព​ក្នុង​ការ​និយាយ​ការ​ពិត ជា​ជាង​និយាយ​ការពារ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ចូលរួម​ជីវភាព​ជា​មួយ​គណបក្ស​នយោបាយ​ណាមួយ​នោះ គឺជា​សេរីភាព​របស់​បុគ្គល​ផ្ទាល់​ខ្លួន ក៏​ប៉ុន្តែ​លោក​យល់​ថា ចំពោះ​យុវជន​ដែល​បាន​ធ្លាប់​បាន​តាំង​ខ្លួន​ជា​សិស្ស​បណ្ឌិត កែម ឡី និង​ថែម​ទាំង​ធ្លាប់​ស្បថ​នៅ​មុខ​ផ្នូរ​លោក​បណ្ឌិត​ទៀត​នោះ ពួកគេ​គួរ​ថែ​រក្សា​ឆន្ទៈ​របស់​ខ្លួន ដើម្បី​ជា​គំរូ​ភាព​ដល់​យុវជន​ជំនាន់​ក្រោយ។ លោក កើត សារ៉ាយ បន្ថែម​ថា ដើម្បី​លើក​កម្ពស់​យុត្តិធម៌​សង្គម និង​គោរព​ឆន្ទៈ​របស់​បណ្ឌិត កែម ឡី យុវជន​ទាំង​នោះ គួរ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​បន្ទាប់​ពី​បាន​ចុះ​ចូល ជាជាង​បន្ត​សកម្មភាព​បញ្ចុះ​បញ្ចូល​យុវជន​ដទៃ​ទៀត ឱ្យ​ចូល​គណបក្ស​នយោបាយ ដើម្បី​ទទួល​បាន​លាភសក្ការៈ​ដូច​ខ្លួន។

Keut_Saray_Pilgrime-0223.jpg
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ (ស្ដាំ) ចូលរួមធម្មយាត្រា កាលពីដើមខែ​កុម្ភៈ ២០២៣។ រូបពីហ្វេសប៊ុក

លោក កើត សារ៉ាយ៖ «យើង​មើល​ឃើញ​ថា វា​ជា​ឥទ្ធិពល​អាក្រក់​ដល់​បញ្ញវន្ត ដល់​និស្សិត ជាពិសេស​វា​បាន​ធ្វើ​ឱ្យ​ការ​លះបង់​របស់​លោក​បណ្ឌិត​រហូត​ដល់​អាយុ​ជីវិត ខំ​បង្រៀន ខំ​ហ្វឹក​ហាត់ ហ៊ាន​លះ​បង់ ត្រួសត្រាយ​ផ្លូវ សម្រាប់​អ្នក​ជំនាន់​ក្រោយ ហើយ​យើង​ជា​យុវជន​បាន​តែ​មួយ​ប្រាវ ហើយ​បែរជា​នៅ​តែ​ដើរ​គន្លង​ចង់​បាន​ផល​ប្រយោជន៍ តួនាទី ហើយ​បំភ្លេច​តួនាទី កាតព្វកិច្ច ក្នុង​ការ​កែប្រែ​ប្រទេស​ជាតិ​ឱ្យ​វិវត្ត​ទៅ​រក​ផល​ល្អ នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា សោកស្ដាយ ហើយ​ជា​ផល​ប៉ះពាល់​មួយ​ដល់​អារម្មណ៍ និង​ស្មារតី​របស់​យុវជន​ផ្សេងៗ​ទៀត»។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យុវជន​មួយ​ចំនួន ដែល​ធ្លាប់​តាំង​ខ្លួន​ជា​អ្នក កែម ឡី និយម​បាន​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​ទៅ​នឹង​ការ​ទទួល​បាន​លុយ និង​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ។ ថ្មីៗ​នេះ អតីត​សកម្មជន​បរិស្ថាន​កូន​ភ្លោះ​២នាក់​គឺ​លោក ជុំ ហួត និង​លោក ជុំ ហួរ បាន​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​តែង​តាំង​ពួកគេ​ជា ជំនួយ​ការ​ក្រសួង ដែល​មាន​ឋានៈ​ស្មើ អនុ​ប្រធាន​នាយកដ្ឋាន។

Chumhout_Huor_govt.JPG
អតីតសកម្មជនបរិស្ថាន បងប្អូន​កូនភ្លោះ លោក ជុំ ហ៊ួត ជុំ ហ៊ួរ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ (រូប​កណ្ដាល)។ រូបពីហ្វេសប៊ុក

ពាក់ព័ន្ធ​នឹង​រឿង​នេះ លោក ជុំ ហួត និង ជុំ ហួរ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា លោក​ទទួល​បាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល គឺ​ដោយសារ​តែ​ពួក​លោក ខិត​ខំ​តស៊ូ លះបង់ អត់ធ្មត់ មាន​សមត្ថភាព ស្មោះត្រង់ និង​មាន​សុជីវធម៌ ជាពិសេស​មាន​បទពិសោធន៍​នៅ​ក្នុង​កិច្ចការ​សង្គម និង​នយោបាយ ទើប​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​ទុក​ចិត្ត និង​ផ្ដល់​តួនាទី​ដល់​ពួក​លោក។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១៧ ខែកុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ យល់​ឃើញ​ថា ការ​បំភ្លេច​ឆន្ទៈ​បណ្ឌិត កែម ឡី មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ក្រុម​យុវជន​ដែល​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច បាត់​បង់​កិត្តិយស​ផ្ទាល់​ខ្លួន​នោះ​ទេ ក៏​ប៉ុន្តែ​ក៏​អាច​ប៉ះពាល់​ដល់​កិត្តិនាម​របស់​បណ្ឌិត កែម ឡី ផង​ដែរ។ កញ្ញា​បន្ថែម​ថា ការ​អំពាវនាវ​នេះ​មិន​មាន​ចេតនា​រើសអើង ឬ​ក៏​វាយ​ប្រហារ​ដល់​ក្រុម​យុវជន ដែល​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​នោះ​ទេ ក៏​ប៉ុន្តែ​នេះ គឺជា​សារ​ដាស់​តឿន​ដល់​បុគ្គល​ទាំង​នោះ ត្រូវ​បន្ត​គំរូ​ភាព​របស់​បណ្ឌិត កែម ឡី ជា​ពិសេស​គំរូ​ភាព​នៅ​ក្នុង​ការ​និយាយ​ការពិត ជាជាង​និយាយ​ការពារ។

Ly_Sreysro_FB.jpg
ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់។ រូបពីហ្វេសប៊ុក

កញ្ញា លី ស្រីស្រង់៖ «ពួកគាត់​ចុះ​ចូល​ហើយ គួរតែ​បន្ត​ស្មារតី កែម ឡី ហ្នឹង​នៅ​ក្នុង​ស្ថាប័ន​ដែល​ពួកគាត់​ធ្វើ​ការ​ចុះ ពីព្រោះ​ការ​ជ្រើសរើស​ពួក​យើង​អត់​អាច​បង្ខំ​នរណា​ឱ្យ​ធ្វើ​អី​ដែល​យើង​ចង់​ធ្វើ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ជា​សារ​មួយ​ថា ទោះបីជា​អ្នក​ធ្វើ​អី​ក៏​ដោយ បើ​អ្នក​ធ្លាប់​សន្យា​ជាមួយ​ស្មារតី ខ្ញុំ​គិត​ថា​យើង​គួរ​រក្សា ក៏​ដូចជា​ទុក​ស្មារតី​ហ្នឹង​នៅ​ក្នុង​ខ្លួន ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ ជា​វិជ្ជមាន ប៉ុន្តែ​ដូច​ខ្ញុំ​លើក​ឡើង​អ៊ីចឹង​ថា ការ​ធ្វើ​ការងារ​ជាមួយ​គណបក្ស​ប្រជាជន​អាច​នឹង​មាន​ផល​លំបាក នៅ​ក្នុង​ការ​កែប្រែ​ហើយ ព្រោះ​គេ​មិន​សូវ​ស្ដាប់ បើ​យើង​និយាយ​ឱ្យ​សាមញ្ញ»

ផ្ទុយ​ពី​ការ​ចុះ​ចូល​ដើម្បី​ទទួល​បាន​លាភសក្ការៈ​នេះ ការ​ចុះចូល​របស់​ក្រុម​យុវជន​កន្លង​មក ក៏​អាច​បណ្ដាល​មក​ពី​ការ​បំភិត​បំភ័យ​ពី​សំណាក់​អ្នក​មាន​អំណាច​ផង​ដែរ។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ទាំង​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ មិន​ដែល​មាន​អនាគត​ល្អ​ទេ ពី​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ផ្ដល់​ការ​ទុកចិត្ត​ដល់​ពួកគេ​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា ការ​តែងតាំង​អ្នក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ទទួល​បាន​ការងារ​ក្របខ័ណ្ឌ​រដ្ឋ​នោះ គឺជា​ការ​ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ជាតិ ពីព្រោះ​អ្នក​ទាំង​នោះ​ទទួល​បាន​ប្រាក់​បៀវត្ស ក៏​ប៉ុន្តែ​មិន​បាន​បំពេញ​ការងារ​ដើម្បី​ប្រយោជន៍​សង្គម​ជាតិ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។