ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តាម​ខេត្ត​មួយ​ចំនួន​ចូល​រួម​បាតុកម្ម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ រស់​នៅ​តំបន់​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដោយ​មិន​មាន​សំណង​សមរម្យ បាន​មក​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ពួក​គាត់​មាន​បំណង​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លា​ឈប់​ពី​តំណែង។

0:00 / 0:00

ពួក​គាត់​សំអាង​ថា ការ​ដក​ដី​កសិកម្ម​ពី​ប្រជាពលរដ្ឋ​យក​ទៅ​ផ្តល់​ឲ្យ​ថៅកែ​ខ្មែរ និង​បរទេស ធ្វើ​ឲ្យ​ម្ចាស់​ដី​គ្មាន​ប្រាក់​ចំណូល​ពី​ដី​ធ្លាប់​ដាំ​ដំណាំ បណ្ដាល​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​ក្រីក្រ និង​ព្រាត់ប្រាស​កូន​ចៅ​ដោយ​ការ​ធ្វើ​ចំណាក​ស្រុក ស្វែង​រក​ចំណូល​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ជា​ថ្មី​ទៀត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ បំណង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥​ឡើង​វិញ និង​ទាមទារ​ឲ្យ លោក ហ៊ុន សែន បញ្ចប់​ពី​តំណែង​នាយក​រដ្ឋមន្ត្រី។

នៅ​ក្នុង​បាតុកម្ម​នោះ មាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​ដី​កសិកម្ម​ដាំដុះ និង​ដី​វត្ត​អារាម ស្ថិត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ដក​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស និង​អ្នក​មាន​លុយ​ក្តោប​ក្តាប់។

ព្រះភិក្ខុ សម គឹមសាត និមន្ត​មក​ពី​វត្ត​បរិស្ថាន​ចម្ការ​ឈូក ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ មាន​ថេរ​ដីកា​ថា អាជ្ញាធរ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បណ្ដេញ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដើម្បី​យក​ដី​ទៅ​អោយ​អ្នក​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។ ព្រះសង្ឃ​ខ្វះ​ចង្ហាន់ ព្រោះ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ ដោយសារ​គ្មាន​ដី​ដាំ​ដុះ និង​ខាត​បង់​ពេល​វេលា ប្រាក់​កាស ទៅ​ក្នុង​ការ​ចូល​រួម​តវ៉ា​ក្តី ដើម្បី​ទាមទារ​ដី​កសិកម្ម​នោះ​មក​វិញ។ ចំណែក​ក្រុម​គ្រួសារ​កូន​ចៅ បាន​ព្រាត់ប្រាស ព្រោះ​ស្វែង​រក​លុយ​ទិញ​អាហារ​ប្រចាំ​ថ្ងៃ។ អាស្រ័យ​ហេតុ​នេះ ទើប​ព្រះអង្គ​និមន្ត​មក​ចូល​រួម​គាំទ្រ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ជន​ទន់​ខ្សោយ។

ព្រះភិក្ខុ សម គឹមសាត៖ «ប្រជាពលរដ្ឋ​ទូទៅ​ដែល​អត់​ជម្រក ទី​២ រាជ​រដ្ឋាភិបាល​ការ​សម្បទាន​ដីធ្លី​ទាំង​ឡាយ​វា​ខុស ជួន​កាល​រំលោភ​លើ​ព្រះរាជក្រឹត្យ​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង ដូច​ជា​ទឹក​ដី​ភ្នំ​ឱរ៉ាល់ ទាំង​មូល ជា​ទឹក​ដី​ព្រះរាជក្រឹត្យ។ ប៉ុន្តែ​ឥឡូវ​នេះ ការ​បាត់​បង់​ព្រៃ​ឈើ ក៏​កាន់​តែ​រលាយ​ទៅ ម្យ៉ាង​ទៀត រដ្ឋាភិបាល​រំលោភ​ការ​កាប់​បំផ្លាញ​រុក​រាន​ទន្ទ្រាន​ដី​បរិស្ថាន ឬ​ដី​ព្រះរាជក្រឹត្យ គឺ​បំផ្លាញ។ ប៉ុន្តែ​ឥឡូវ សូម្បី​តែ​សត្វ​ព្រៃ​នៅ​ក្នុង​ភ្នំ​ឱរ៉ាល់ ក៏​កំពុង​តែ​រក​ទី​ជម្រក។ ម្យ៉ាង​ទៀត កំពុង​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ព្រះសង្ឃ រួម​នឹង​ឧបាសក​ឧបាសិកា ចូល​អភិរក្ស​ទុក​ឡើង​វិញ»

ប្រជាពលរដ្ឋ​បាត់​បង់​ដី​ដាំ​ដុះ​ទៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ដាំ​អំពៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោក តេង កៅ ថ្លែង​ថា ក្រោយ​ពី លោក ហ៊ុន សែន ដក​ដី​កសិកម្ម​គាត់​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ដាំ​អំពៅ​មក គាត់​ឡើង​តវ៉ា​ក្តី​ចុះ​ឡើង​នៅ​តែ​មិន​ឈ្នះ​ក្តី ហើយ​ប្រាក់​ចំណូល​ប្រចាំ​រដូវ​ក៏​គ្មាន រក​ការងារ​ធ្វើ​ក៏​មិន​មាន គាត់​លក់​អស់​គោ​ក្របី ដើម្បី​ទិញ​អាហារ​ហូប​ប្រចាំ​ថ្ងៃ។ ឯ​កូន​ចៅ​ចាប់​ផ្ដើម​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ភូមិ ព្រោះ​ក្រុមហ៊ុន​ចម្ការ​អំពៅ​គេ​បាន​រើស​អើង​មិន​ឲ្យ​ពួក​គាត់​បាន​ចូល​ធ្វើ​កម្មករ​ទេ។

លោក​ស្តី​បន្ទោស​ថា ទាំង​នេះ​ជា​លទ្ធផល​ដ៏​អាក្រក់​ដែល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​បាន​តំណែង​ដឹក​នាំ​ប្រទេស​មក គេ​បាន​ប្រើ​អំណាច​សង្កត់​ក​រាស្ត្រ និង​ធ្វើ​បាប​អ្នក​បោះ​ឆ្នោត​ឲ្យ​ស្រែក​យំ​រាល់​យប់​រាល់​ថ្ងៃ​ធ្លាក់​ខ្លួន​តោកយ៉ាក ស៊ី​អត់​ឃ្លាន និង​ជំពាក់​បំណុល៖ «ព្រោះ​រដ្ឋាភិបាល លោក ហ៊ុន សែន គឺ​គាត់​និយាយ​តែ​មាត់​ដាក់​ក្នុង​ទូរទស្សន៍ និង​ប៉ុស្តិ៍​វិទ្យុ ដើម្បី​ការ​អភិវឌ្ឍ​ឲ្យ​រីក​ចម្រើន តែ លោក ហ៊ុន សែន មិន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ។ ពួក​ខ្ញុំ​ជា​អ្នក​រងគ្រោះ​ផ្ទាល់ គឺ​អត់​មាន​ការងារ​ធ្វើ​ដូច លោក ហ៊ុន សែន ថា​ទេ គឺ​ពួក​ខ្ញុំ​រង​ទុក្ខ​លំបាក​វេទនា ហើយ​ពួក​ខ្ញុំ​ក៏​ចំណាក​ស្រុក ព្រាត់​ប្តី ព្រាត់​ប្រពន្ធ ព្រាត់​កូន​ចៅ ដោយសារ​តែ​ការ​ផ្តល់​ដី​សម្បទាន»

ស្ត្រី​ម្នាក់​ទៀត​មក​ពី​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ដែរ​ថ្លែង​ថា ក្រុមហ៊ុន​បាន​ដាំ​អំពៅ​ជាប់​សសរ​ផ្ទះ​គាត់ ហើយ​បាញ់​សត្វ​ក្របី និង​ចាប់​អ្នក​ភូមិ​ឲ្យ​បង់​លុយ​នៅ​ពេល​ក្របី​ស៊ី​អំពៅ។ បើ​ក្រុមហ៊ុន​នោះ​មិន​ដាំ​អំពៅ​ជាប់​សសរ​ផ្ទះ​គាត់​ទេ ក៏​សត្វ​ក្របី​គាត់​មិន​ស៊ី​អំពៅ​គេ​ដែរ។ ស្ត្រី​នោះ​ចោទ​ថា ក្រុមហ៊ុន​ពិត​ជា​មាន​ចេតនា​បង្ក​ជម្លោះ​ជាមួយ​អ្នក​ភូមិ ដើម្បី​ជំរិត​យក​លុយ៖ «ដើម្បី​ប្រទេស​ជាតិ​យើង​ហ្នឹង​ផ្លាស់​ប្ដូរ​គោល​នយោបាយ​សព្វថ្ងៃ​ហ្នឹង។ ពួក​ខ្ញុំ​អត់​ចង់​បាន​គោល​នយោបាយ​សេដ្ឋកិច្ច ក៏​រាជ​រដ្ឋាភិបាល​អត់​គិត​គោល​នយោបាយ​ដីធ្លី ក៏​រាជ​រដ្ឋាភិបាល​អត់​គិត​គោល​នយោបាយ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ពលរដ្ឋ​ជាដើម​នោះ ដូច​សិទ្ធិ​បោះ​ឆ្នោត ក៏​លោក​អត់​គិត​ដែរ លោក​រំលោភ​ទាំងអស់។ អ៊ីចឹង នាង​ខ្ញុំ​អត់​សុខ​ចិត្ត​ទេ នាង​ខ្ញុំ​នឹង​មក​តវ៉ា​នៅ​ដេក​លើ​ទីលាន​នេះ កុំ​ថា​ឡើយ​ដេក ១០​ថ្ងៃ ដេក ១០​ខែ​ក៏​ខ្ញុំ​មក​ដែរ ឲ្យ​តែ​មាន​បាយ​ហូប​មាន​បន្ទប់​ទឹក​បត់​ជើង​បត់​ដៃ​ស្រួល ប៉ុណ្ណេះ​ខ្ញុំ​នឹង​មក ហើយ​ខ្ញុំ​នឹង​នាំ​កូន​ខ្ញុំ​ប្តី​ខ្ញុំ​មក​ទៀត មក​ទាំងអស់ នៅ​ដេក​ក្នុង​ទី​នេះ ដើម្បី​ទាមទារ​រក​សេរីភាព សន្តិភាព​នៅ​ក្នុង​ប្រទេស​ទាំង​មូល។ ខ្ញុំ​អត់​រុញរា​ទេ ខ្ញុំ​នៅ​ផ្ទះ ជីវិត​ខ្ញុំ​នៅ​ប្រឈម​មុខ​ក្រុមហ៊ុន​ហ្នឹង គាត់​ដេញ​សម្លាប់​ចោល​តែ​ម្តង»

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ ទើប​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​ឡើង​វិញ និង​សុំ​ឲ្យ លោក ហ៊ុន សែន ឈប់​ពី​តំណែង។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹង​ថា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ខ្លះ​បាន​អន់​ចិត្ត​នឹង​ក្បួន​ដង្ហែ​របស់​គណបក្ស ដែល​បាន​ហែ​តាម​ផ្លូវ​នានា ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ធ្វើ​ចរាចរណ៍​ប្រមាណ ១​ម៉ោង​រាល់​ថ្ងៃ​នោះ៖ «យើង​លំបាក​នូវ​ការ​ស្ទះ​ចរាចរណ៍​មួយ​ភ្លែត ប៉ុន្តែ​យើង​នឹង​បាន​ផល​ធំ។ ប៉ុន្តែ​បើ​យើង​ខ្វះ​ការ​អត់​ធ្មត់​នឹង​ស្ទះ​ចរាចរណ៍​បន្តិចបន្តួច ប្រទេស​យើង​នៅ​ដដែល វា​រលាយ​ទាំងអស់​គ្នា។ បង​ប្អូន​ដឹង​ហើយ ព្រៃ​ឈើ​អស់​ហើយ ដី​អស់​ហើយ យួន​ចូល​ពេញ​ស្រុក​ហើយ ដូច្នេះ​សុំ​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​ទាំងអស់ មក​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​យើង​រៀប​ចំ​ប្រទេស​ជាតិ​ឡើង​វិញ»

កាល​ពី​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣ លោក ហ៊ុន សែន ថ្លែង​ថា គ្មាន​នរណា​ម្នាក់​រំលាយ​សភា ហើយ​បោះ​ឆ្នោត​ឡើង​វិញ​នោះ​ទេ ព្រោះ​មាត្រា​៧៨ នៃ​រដ្ឋធម្មនុញ្ញ បាន​កំណត់​ថា សភា​មាន​នីតិកាល​៥​ឆ្នាំ សភា​មិន​អាច​រំលាយ​មុន​អាណត្តិ​បាន​ទេ លើក​លែង​តែ​រាជ​រដ្ឋាភិបាល​ត្រូវ​រំលាយ ២​ដង​ក្នុង​រយៈពេល ១២​ខែ៖ «ដូច្នេះ​នៅ​ទី​នេះ នាយក​រដ្ឋមន្ត្រី​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា សភា​ខ្លួន​ឯង​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា។ ដូច្នេះ តើ​អ្នក​ណា​មួយ​ដែល​មាន​សិទ្ធិ​រំលាយ​សភា ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ ដូច្នេះ​សុំ​អ្នក​ទាមទារ​ទាំង​ឡាយ មើល​ច្បាប់​ឲ្យ​បាន​ច្បាស់។ មួយ​ទៀត ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញ​ពី​តំណែង តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី បើ​សិន​ជា​សភា​ទម្លាក់​ខ្ញុំ នោះ​វា​ជា​រឿង​មួយ ក៏ប៉ុន្តែ​ការ​ចុះ​ចេញ​ពី​តំណែង​របស់​ខ្ញុំ មិន​មែន​ជា​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន និង​គាំទ្រ​ខ្ញុំ​នោះ​ទេ»

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ស្រុក​អូររាំងឪ ស្រុក​ព្រៃឈរ ស្រុក​ពញាក្រែក ជាដើម ឲ្យ​ដឹង​ថា ក្រៅ​ពី​រដ្ឋាភិបាល​ប្រើ​វិធី​ប្លន់​ដី​ពី​ប្រជារាស្ត្រ យក​ទៅ​ឲ្យ​នាយ​ទុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស​មក ឥឡូវ​នៅ​ទីក្រុង​ភ្នំពេញ ក៏​មាន​ការ​បញ្ជា​ឲ្យ​យក​សំរាម​ពី​ទី​ផ្សេងៗ​យក​មក​ចាក់​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ឲ្យ​ជះ​ក្លិន​ស្អុយ និង​ហុយ​ធូលី​មក​លើ​ក្រុម​បាតុករ​ដែល​សម្រាក​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដែរ៖ «ក្នុង​ទីលាន​យើង គឺ​ស្អាត មាន​អនាម័យ​ត្រឹមត្រូវ អត់​មាន​សំរាម​អី​ណា​តែ​ពីស​តែ​ពាស ហើយ​ចំណែក​នៅ​ខាង​ក្រៅ គឺ​មាន​ធុំ​ក្លិន គឺ​ស្អុយ​ណាស់ ស្អុយ​ធុំ​ក្លិន​ខ្លាំង​ណាស់​លោក​អើយ សូម​ឲ្យ​សាលា​ក្រុង​ជួយ​ធ្វើ​ម៉េច ដើម្បី​ឲ្យ​យក​សំរាម គឺ​ឲ្យ​ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ឲ្យ​យក​សំរាម​ចេញ​ពី​កន្លែង​ជិត​ទីលាន​ប្រជាធិបតេយ្យ​នេះ​ឲ្យ​បាន»

ពួក​គាត់​លើក​ឡើង​ទៀត​ថា ទាំង​នេះ​ជា​ទង្វើ​អាក្រក់​ម្តង​ហើយ​ម្តង​ទៀត​របស់​អ្នក​កាន់​អំណាច ដែល​គួរ​តែ​ប្រជាពលរដ្ឋ​រួប​រួម​គ្នា​ឲ្យ​គេ​ចុះ​ចេញ​ពី​តំណែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។