ស្ថាបនិក​​គណបក្ស​​បេះដូង​ជាតិ​​ស្នើ​​ក្រសួង​​មហាផ្ទៃ​​ដក​​​បណ្ដឹង​​ដើម្បី​​ឱ្យ​​តុលាការ​​ទម្លាក់​​ការ​​ចោទ​​ប្រកាន់

0:00 / 0:00

មេធាវី​ស្ថាបនិក​គណបក្ស​បេះដូងជាតិ ដាក់​លិខិត​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អោយ​ដក​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​លើ​កូន​ក្ដី ពាក់ព័ន្ធ​នឹង​រឿងក្លែងបន្លំ​ឯកសារ​ចុះបញ្ជី​គណបក្ស​បេះដូងជាតិ នៅ​តុលាការ ដើម្បីអោយ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​លោក សៀម ភ្លុក។ សង្គមស៊ីវិលយល់​ឃើញ​ថា ក្រសួង​មហាផ្ទៃ និង​តុលាការ​កំពូល គួរ​ពិចារណា​ឡើង​វិញ និង​ដោះលែង​អោយ លោក សៀម ភ្លុក មានសេរីភាព​វិញ ហើយ​បង្ករ​បរិយាកាស​នយោបាយ​អោយ​ល្អ​ប្រសើរ។

លោក សៀម ភ្លុក រំពឹងថា ក្រសួង​មហាផ្ទៃដែល​ជាដើម​បណ្តឹង​នៅ​ពេល​ដក​ពាក្យ​បណ្តឹងនោះ​តុលាការ​កំពូលនឹង​ធ្វើការ​ទម្លាក់​បទចោទ​ប្រកាន់​ទៅលើ​រូប​លោក។ លោក សៀម ភ្លុក យល់ថា លោក​មិន​មាន​ចេតនាក្លែង​បន្លំឯកសារ​ណា​មួយ​នោះឡើយ។

មេធាវីលោក សៀម ភ្លុក គឺលោក ជូង ជូងី ប្រាប់​វិទ្យុអាស៊ីសេរី​ថ្ងៃទី២៣ ខែកក្កដាថា លោក សៀម ភ្លុក មាន​បំណង​ចង់​បង្កើត​គណបក្ស​បេះដូងជាតិដើម្បីធ្វើការ​ប្រកួត​ប្រជែង​ចូលរួម​កសាង​ប្រទេស​ជាតិ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ លោក ជូង ជូងី បន្តថា លោក សៀម ភ្លុក គ្មាន​បំណងនិង​ចេតនា​ក្នុង​ការ​ក្លែង​បន្លំ​ឯកសារដូចការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃទេ ។ លោក ជូង ជូងី បន្ថែមថា កូនៗ​របស់​លោក សៀម ភ្លុក ជួប​បញ្ហា​ទាក់ទងនិង​ថ្លៃការ​សិក្សានិង​ចំណាយ​ជា​ប្រចាំថ្ងៃ​ក្រោយ​ឳពុក​ជាប់​ឃុំ​នៅ​ពន្ធនាគា។

លោកអះអាងថា លោក សៀម ភ្លុក ផ្តាំផ្ញើរ​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​គាំទ្រ​លោក​កន្លង​មកនិង​លើកទឹកចិត្ត​អោយ​មានការ​តស៊ូ​មតិទាំង​អស់​គ្នាដើម្បី​ជួយ​សង្គម​អោយ​មាន​លទ្ធិប្រជាធិបតេយ្យនិង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា៖ « លោក សៀម ភ្លុក គាត់​យល់​ឃើញ​ថា តែ​ក្រសួង​មហាផ្ទៃ ជា​ដើម​បណ្តឹង ចឹង​គាត់​ត្រូវ​ធ្វើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​អោយ​សម្តេច ស ខេង ដក​ពាក្យ​បណ្តឹង​វិញ ម្យ៉ាងទៀត​កាលដែល​គាត់​រៀបចំ​ឯកសារ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ហ្នឹង គាត់​អត់​មាន​ចេតនា​ក្នុង​ការ​ក្លែង​បន្លំ​ទេ ពីព្រោះ​ថា ការដែល​គាត់​បង្កើត​គណបក្ស​នយោបាយ​ហ្នឹង គាត់ក៏​ចង់​បាន​ស្នាម​មេដៃ​ពិត ចង់​បាន​សកម្មជន ឬក៏ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ហ្នឹង​ពិត​ប្រាកដ​ច្បាស់​លាស់ គាត់អត់​មាន​ត្រូវការ​ស្នាម​មេដៃ​ក្លែង​ក្លាយ ឬក៏ឯកសារ​ក្លែងក្លាយ​ទេ អញ្ចឹង​ក្នុង​ករណី​ដែល​ក្រសួងមហាផ្ទៃរ​កឃើញថា មាន​ឯកសារ​ក្លែងបន្លំ អាហ្នឹង​ជា​កំហុស​អចេតនា ហើយ​ម្យ៉ាង​ទៀត ក្នុង​ករណីថា មានការ​ក្លែងបន្លំ​មែន ក៏​អត់​បាន​ដល់​ព្យសនៈកម្ម ឬក៏ផ្តល់​ផល​អាក្រក់​ ឬ​ក៏ប៉ះពាល់​ប្រយោជន៍ដល់​ក្រសួង​មហាផ្ទៃ ឬក៏ស្ថាបនណា​មួយ​ក៏​អត់​ដែរ ។ លោក សៀម ភ្លុក គាត់​ពឹង​អោយខ្ញុំជួយ​រៀបចំ​ពាក្យ​សុំ​ហ្នឹង ដាក់ទៅ​ក្រសួង​មហាផ្ទៃ ដាក់ទៅ​សម្តេច ស ខេង ដើម្បី​អោយ​សម្តេច ស ខេង ដកពាក្យ​បណ្តឹងវិញ​លើកលែង​ការ​ចោទ​ប្រកាន់​គាត់​ ដោះលែង​គាត់​អោយ​មាន​សេរីភាព​វិញ​បាទ »

លិខិតចុះ​ថ្ងៃទី២១ ខែកក្កដា ដែល​មេធាវីដាក់​ទៅ​ក្រសួង​មហាផ្ទៃនោះ លោក សៀម ភ្លុក បាន​បញ្ជាក់​ថាលោក​មិន​បាន​ក្លែង​បន្លំ​ឯកសារឬស្នាមមេ​ដៃ​ពលរដ្ឋនិង​គ្មាន​ចេតនា​ក្លែង​បន្លំ​ឯកសារ​អ្វី​ឡើយ​ចំពោះ​ករណី​មាន​ការ​ក្លែង​បន្លំ​នេះជា​កំហុស​អចេតនា ខ្ជីខ្ជា មិនមែន​ជាចេតនា​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ទេហើយ​ក៏​គ្មាន​ធ្វើ​អោយ​ខូចខាតឬប៉ះពាល់​ទៅ​ដល់​ស្ថាប័ន​ណា​មួយ​ឡើយ។ លោកថា ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ការ​ចុះ​បញ្ជី​គណបក្ស​បេះដូងជាតិគឺ​ជា​ទណ្ឌកម្ម​ហើយប៉ុន្តែ​ក្រសួង​ថែម​ទាំង​ចោទ​ប្រកាន់​លោកទៅ​តុលាការនិង​ចាប់​ឃុំ​លោក​ទៀតគឺជាការ​ផ្តល់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​រូប​លោក។ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ពាក្យ​ស្នើសុំ​ពី​លោក ជូង ជូងី កាល​ពីថ្ងៃទី២២ ខែកក្កដា ប៉ុន្តែខាង​ក្រសួង​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ស្នើសុំនេះ​បាន​ទេ នៅ​ថ្ងៃទី២៤ ខែកក្កដាដោយ​ទូរស័ព្ទចូល​គ្មាន​អ្នក​ទទួល។

ជុំវិញរឿង​នេះ នាយក​ទទួលបន្ទុក​ទូទៅ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា វា​ជា​សិទ្ធិនិង​ក្តី​សង្ឃឹម​របស់​លោក សៀម ភ្លុក ក្នុងការ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ។ លោក អំ សំអាត យល់​ឃើញ​ថាមាន​បញ្ហា​ចម្រូង​ចម្រាស់​ច្រើនទាក់ទង​បញ្ហា​ប្តឹង​ផ្តល់បញ្ហាការ​លួច​វាយ​សកម្មជន​បក្ស​នយោបាយបញ្ហា​ចាប់ឃុំ​មន្ត្រី​បក្ស​នយោបាយដែល​នាំ​សង្គម​ស៊ីវិល​ទាំង​ជាតិនិង​អន្តរជាតិ​ពី​បរិយាកាស​មិន​ល្អនិង​រងការ​គំរាមកំហែង​នយោបាយ​ចំពោះសកម្មជន​នយោបាយ​មួយ​ចំនួន។

លោក អំ សំអាត បន្តថា អ្នក​នយោបាយគួរមាន​គំនិត​ចាស់ទុំ​នយោបាយមុនការ​បោះឆ្នោត​តំណាង​រាស្ត្រ​ជិត​ឈាន​ចូល​មក​ដល់ដោយបង្ករ​បរិយាកាស​នយោបាយ​ប្រសើរ​ឡើងនិង​ធ្វើការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​សេរីភាព តម្លាភាព និងយុត្តិធម៌៖ « ដើម្បី​អោយ​បរិយាកាស​នយោបាយ​មាន​ភាព​ល្អ​ប្រសើរ​ហើយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ឆ្នាំ២០២៣ ជាការ​បោះឆ្នោត​ជាតិ ដ៏​ធំខាង​មុខ​នេះ ប្រកប​ដោយ​បរិយាកាស សេរីត្រឹមត្រូវ និងយុត្តិធម៌។ អ្នកនយោបាយ​ទាំងអស់ គួរ​តែ​ប្រកាន់​ភ្ជាប់​នូវ ការ​ខន្តី ​ការ​សន្តោសប្រណី ដូចជា​ករណី​នេះ បើសិន​ជា​អាច​សន្តោស​ប្រណី ធ្វើការ​អនុគ្រោះ​បាន ទៅ​លើ​បញ្ហា លោក សៀម ភ្លុកនេះ វាជារឿងល្អដែរ ពីព្រោះក្នុង​លិខិតលោក​បាន​បញ្ជាក់​ហើយ​ថា លោកគ្មាន​ចេតនា​ក្នុងការ​ក្លែងបន្លំ​ឯកសារ ក្នុង​ការ​បង្កើតនៃ​គណបក្ស​នយោបាយទេ ការ​បង្កើត​គណបក្ស​នយោបាយ​នេះ ក្នុងនាម​ចូលរួម​ប្រកួត​ប្រជែង តាម​បែប​លទ្ធិប្រជាធិបតេយ្យ បែប​ដែល​កម្ពុជា​យើង​ប្រកាន់​នូវ​របប​សេរី​ពហុបក្ស ចឹងបើសិន​ជា​មាន​គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត​ប្រជែង​ច្រើន អាហ្នឹងវា​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា »

កន្លងមក ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​សំណើ​សុំ​ចុះឈ្មោះ​ក្នុង​បញ្ជី​បង្កើត​គណបក្ស​នយោបាយ​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ដោយ​មិន​សុខចិត្ត​ទៅ​នឹង​ការ​សម្រេច​នោះ លោក សៀម ភ្លុក ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដើម្បីតវ៉ា ប៉ុន្តែបណ្តឹងនោះត្រូវបានតុលាការកំពូលច្រានចោល នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ ក្រសួង​មហាផ្ទៃ បាន​លុប​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​កាល​ពី​ថ្ងៃទី២ ខែមីនា ដោយថាមានការ​បន្លំស្នាមមេដៃ​ដើម្បី​បង្កើន​​ចំនួន​អ្នកគាំទ្រ និង​មានលក្ខន្តិកៈ​គណបក្ស​ផ្ទុយ​ នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី ភ្នំពេញ លោក លិ សុខា ចេញ​ដីកា​ចុះ​កាល​ពី​ថ្ងៃ​៤ ខែ​ ​មេសា បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក មក​សាកសួរ​នៅ​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ពាក់ព័ន្ធ​ការចោទប្រកាន់​ករណី​ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ឆ្នាំ២០២១។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២៨ មេសា បន្ទាប់ពី​ឃាត់​ខ្លួន​បាន ១​ថ្ងៃ។

សង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃគួរកែប្រែ​បរិយាកាស​នយោបាយ​ក្នុង​ប្រទេសនិង​នយោបាយការទូតដើម្បីអោយ​បរិកាស​ល្អ​ឆ្ពោះ​ទៅរក​ការ​បោះឆ្នោត​ថ្នាក់​ជាតិដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយ​កម្ពុជា​ត្រូវ​ស្តារ​ឡើង​វិញ​នូវ​ការ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ សេរីភាព និង​សិទ្ធិមនុស្សហើយធ្វើការ​ដោះលែង​សកម្មជននយោបាយ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​វិញ ​ដោយ​ឥតលក្ខខ័ណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។