មេធាវី​ដើម​បណ្ដឹង​មិន​យល់​ព្រម​ដក​បណ្ដឹង​ពី​លោក ថាច់ សេដ្ឋា ទេ

ដោយ ទីន ហ្សាការីយ៉ា
2023.02.08
មេធាវី​ដើម​បណ្ដឹង​មិន​យល់​ព្រម​ដក​បណ្ដឹង​ពី​លោក ថាច់ សេដ្ឋា ទេ
Photo: RFA

មេធាវី​ដើម​បណ្ដឹង​មិន​​យល់​ព្រម​ដក​ពាក្យ​ប្ដឹង​ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ទេ បើ​ទោះ​ជា​មេធាវី​ការពារ​ក្ដី លោក ថាច់ សេដ្ឋា ស្នើ​បញ្ចប់​ករណី​នេះ ក្រៅ​ប្រព័ន្ធ​តុលាការ​យ៉ាង​ណា​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ចាត់​ទុក​ករណី​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ថា ជា​រឿង​ចម្លែក ព្រោះ​សំណុំរឿង​នេះ បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​តុលាការ​ទើប​លើក​យក​មក​ចាត់​ការ​នៅ​ពេល​នេះ។

មេធាវី​ដើម​បណ្ដឹង បដិសេធ​ចរចា​ជាមួយ​មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា ដោយ​ពួក​គេ​រក្សា​ជំហរ​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​ផ្លូវ​តុលាការ។ ទោះ​បែប​នេះ​ក្ដី មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា កំពុង​រក​ច្រក​ចេញ ដោយ​ក្រៅ​ពី​ការ​ចរចា​ជាមួយ​ភាគី​ដើម​បណ្ដឹង ក្រុម​មេធាវី​បាន​ប្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ផង​ដែរ។

មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា ម្នាក់​គឺ​លោក សឺន ជុំជួន យល់​ថា សំណុំរឿង​លោក ថាច់ សេដ្ឋា អាច​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន ប្រសិនបើ​ភាគី​ដើម​បណ្ដឹង​យល់​ព្រម​ដកពាក្យ​ប្ដឹង​ពី​លោក ថាច់ សេដ្ឋា វិញ។ លោក​មេធាវី​បន្ត​ទៀត​ថា បើ​ទោះ​ជា​ពេល​នេះ ភាគី​ដើម​បណ្ដឹង​ មិន​ទាន់​ឆ្លើយ​តប​ជា​វិជ្ជមាន ក្នុង​ការ​ចរចា​បញ្ចប់​រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្ដី ប៉ុន្តែ លោក​នៅ​តែ​ព្យាយាម​ជជែក​ជាមួយ​​ភាគី​ដើម​បណ្ដឹង​ឬ​មេធាវី​ការពារ​ក្ដី​ភាគី​ដើម​បណ្ដឹង​ត​ទៅ​ទៀត។

លោក សឺន ជុំជួន៖ «ទាក់ទង​ទៅ​នឹង​មូលប្បទានប័ត្រ​ហ្នឹង គឺ​មិន​មាន​ភាព​ប្រក្រតី​ផង ការ​ថត​ចម្លង​និង​ឯកសារ​មួយ ដែល​​មិន​ពិត​ប្រាកដ។ អ៊ីចឹង យើង​នៅតែ​ព្យាយាម​ធ្វើ​ការងារ​ជាមួយ​តុលាការ ជាមួយ​ដើម​បណ្ដឹង​ទោះ​បី​មេធាវី​បដិសេធ​មិន​ចរចា​ក៏​ដោយ ប៉ុន្តែ​ជា​យក​យល់​ឃើញ​របស់​យើង​សំណុំរឿង​ហ្នឹង គួរតែ​មាន​ជំហរ​ឆន្ទៈ​ដោះស្រាយ​បញ្ហា»

ទាក់ទង​រឿង​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​បំភ្លឺ​ពី​មេធាវី​ការពារ​ក្ដី ភាគី​ដើមបណ្ដឹង គឺ​លោក​មេធាវី លី ទិត្យបូនាមី បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។

ចំណែក​មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា ម្នាក់​ទៀត គឺ​លោក​មេធាវី ជូង ជូងី ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី០៨ ខែ​កុម្ភៈ​ថា លោក​បាន​​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​ដីកា​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី១៨ ខែ​មករា ប៉ុន្តែ មក​ដល់​ពេល​នេះ លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ។ លោក​មេធាវី​រិះគន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ធ្វើ​ការ​យឺតយ៉ាវ។

លោក​មេធាវី ជូង ជូងី៖ «យឺតយ៉ាវ​ខ្លាំង​ណាស់ ពី​ព្រោះ​ខ្ញុំ​ប្ដឹង​ឧទ្ធរណ៍​តាំង​ថ្ងៃ​ទី១៨ ខែ​មករា​ម៉្លេះ ហើយ​នីតិវិធី​ចៅក្រម​ស៊ើបសួរ​ត្រូវ​តែ​រៀបចំ​បញ្ជូន​ទៅ​​ឧទ្ធរណ៍​ភ្លាមៗ ហើយ​សាលា​ឧទ្ធរណ៍​ត្រូវតែ​កាត់​ភ្លាមៗ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បី​សប្ដាហ៍​ហើយ គឺ​សំណុំរឿង​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ចេញ​លេខាធិការដ្ឋាន​សាលាដំបូង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ អ៊ីចឹង​គឺ​យឺត​ខុស​ពី​នីតិវិធី»

ទាក់ទង​ការ​លើកឡើង​របស់​លោក​មេធាវី ជូង ជូងី បែប​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ​នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។

លោក ថាច់ សេដ្ឋា ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ខ្លួន នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​ទីស្នាក់ការ​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃ​ទី១៦ ខែមករា។ តុលាការ​ចោទ​ប្រកាន់​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរបាន» ឬ​ចេញ​សែក​ស្អុយ​ចំនួន ៥សន្លឹក​ កាល​ពី​អំឡុង​ឆ្នាំ២០១៩។ ភាគី​ដើម​បណ្ដឹង​គឺ​ក្រុមហ៊ុន​ឯកជន​មួយ ​ឈ្មោះ ក្រុមហ៊ុន រិន ឆាយ ផន សប (Pawn Shop)

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញ​ថា ដំណើរ​រឿង​កើតឡើង​យូរ​ណាស់​មក​ហើយ តែ​តុលាការ ​​ទើប​លើក​យក​មក​ដោះស្រាយ​និង​​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ​នៅ​ពេល​នេះ ​ដែល​ករណី​នេះ​នឹង​ធ្វើឱ្យ​មាន​ការ​រិះគន់​លើ​ចំណាត់​ការ​របស់​តុលាការ។ លោក​បន្ត​ថា បើ​ទោះ​ជា​បញ្ហា​នេះ​ជា​រឿង​បុគ្គល ​ឬ​រឿង​នយោបាយ​ក្ដី ប៉ុន្តែ នៅ​ពេល​តុលាការ​មាន​វិធានការ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សតិ​អារម្មណ៍​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន និង​ដំណើរ​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ។

លោក កន សាវង្ស៖ «ក្រឡេក​មើល​ទៅ​នឹង​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​វិញ​គេ និយាយ​គេ​មាន​ចំណុច​មួយ ដែល​ត្រូវ​លើកឡើង​គឺ​រឿង​ថា ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ផាត់​ចេញ​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ។ ករណី​គាត់ (លោក ថាច់ សេដ្ឋា) ហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​គាំទ្រ​ហើយ»

គិត​មក​ដល់​ពេល​នេះ​លោក ថាច់ សេដ្ឋា បាន​ជាប់​ពន្ធនាគារ​ចំនួន ២៣ថ្ងៃ​ហើយ។ លោក​ជា​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ម្នាក់ ដែល​រក​ការ​ចោទ​ប្រកាន់ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ប្រើ​កម្លាំង​បាយ និង​ប្រព័ន្ធ​ច្បាប់​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។