មេធាវី​ការពារ​ក្ដី​លោក​ កឹម សុខា​ បន្ត​អះអាង​ថា​ លោក​ កឹម​ សុខា គ្មាន​ផែនការ​សម្ងាត់​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទេ

0:00 / 0:00

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បន្ត​អះអាង​ថា លោក កឹម សុខា គ្មាន​ផែនការ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន ឡើយ។​ លោក​មេធាវី ចាន់ ចេន បញ្ជាក់​ជា​ថ្មី​​ថា ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៣ ជាង​មួយ​ម៉ោង​នោះ ជា​ការ​ថ្លែង​ដោយ​បើក​ចំហ និង​មាន​អ្នក​គាំទ្រ​លោក​ កឹម​ សុខា​ រាប់​សិប​នាក់​ចូលរួម​ ដូច្នេះ​នេះ​មិនមែន​ជា​ផែនការ​សម្ងាត់​អ្វី​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា គឺ​លោក លោក ចាន់ ចេន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​ទី១ មិថុនា​ថា សវនាការ​ជំនុំជម្រះ​ក្ដី​លោក​ តាំង​ពីដើម​មក​ដល់​ពេល​នេះ​តុលាការ​គ្មាន​ភស្តុតាង​រឹង​មាំ​ដាក់​បន្ទុក​លោក កឹម សុខា ក្រៅ​តែ​ពី​វីដេអូ​នៃ​ថ្លែង​របស់​លោក​ កឹម សុខា​ នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​លោក​មេធាវី​ថា មាន​តែ​រដ្ឋ​បរទេស​នានា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល៖ « យើង​មើល​ជា​រួម​អត់​មាន​អី​ដែល​ហៅ​ថា​ ភ្នាក់ងារ​បរទេស ឬ​រដ្ឋ​បរទេស​ណា​ដែល​មក​ឃុបឃិត​ជាមួយ​ឯកឧត្ដម កឹម សុខា​ នោះ​ទេ។ មួយ​ទៀត យើង​ក៏​សង្កេត​ឃើញ​កូន​ក្ដី​បាន​មាន​ប្រសាសន៍​ជា​ច្រើន​ទាក់ទង​សំនួរ​អយ្យការ គឺ​ចង់​បញ្ជាក់​ថា អ្វី​ដែល​គាត់​ធ្វើ​កន្លង​មក​គឺ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ទាំង​អស់ »

សវនាការ​លើកទី៤២​នេះ មាន​ការ​ចូល​ឃ្លាំមើល​ពី​តំណាង​ស្ថានទូត​បរទេស និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អ្នក​សារព័ត៌មាន​ផង​ដែរ។ កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ​ជាង ២០នាក់ រឹត​បន្តឹង​សន្តិសុខ​ នៅមុខ​តុលាការ ខណៈ​មាន​អ្នក​គាំទ្រ​លោក កឹម សុខា មួយ​ចំនួន​ឈរ​នៅ​មុខ​តុលាការ។ តុលាការ​នឹង​បន្ត​សវនាការ​សំណុំរឿង លោក កឹម សុខា នៅ​ថ្ងៃ​ទី៨ ខែមិថុនា​សប្ដាហ៍​ក្រោយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។