មេធាវី​ការពារក្ដី​អនុ​ប្រធាន​បក្ស​ភ្លើង​ទៀន​ដាក់​ពាក្យ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​សប្ដាហ៍​នេះ

មេធាវី​ការពារក្ដី​ឱ្យ​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដាក់​ពាក្យ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​សប្ដាហ៍​នេះ តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ​តែ​កូនក្ដី​របស់​លោក​មាន​ភារកិច្ច​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។ សង្គម​ស៊ីវិល​ថា ការ​ប្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា កន្លង​មក​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ។

ការកោះ​ហៅ​លោក សុន ឆ័យ ឱ្យ​ចូល​បំភ្លឺ​របស់​តុលាការ​នេះ គឺ​ក្រោយ​ពី​មាន​ការ​ប្ដឹង​របស់​បក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​ការ​រិះគន់​របស់​លោក​ សុន ឆ័យ ជុំវិញ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥ កន្លង​ទៅ​ថ្មី​នេះ​ថា មិន​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

មេធាវី​ការពារក្ដី​ឱ្យ លោក សុន ឆ័យ គឺ ជួង ជូងឺ ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​របង​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី២៩ ខែមិថុនា​នេះ​ថា កូនក្ដី​របស់​លោក​មិន​អាច​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ក្នុង​សប្ដាហ៍​នេះ​បាន​ទេ ក្រោយ​ពី​មាន​ការ​ប្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​កូន​ក្ដី​របស់​ខ្លូន​មិន​បាន​ស្ថិត​ក្នុង​ស្រុក​នៅ​ឡើយ៖ « ខ្ញុំ​ដាក់​ពាក្យ​ពន្យារ​ពេល​ការ​ចូល​ស្រាយ​បំភ្លឺ​របស់​ឯកឧត្តម សុន ឆ័យ ដែល​ថា តំណាង​អយ្យាការ​អម​សាលាដំបូង​បាន​កោះ​ហៅ​ឧត្តម សុន ឆ័យ ឱ្យ​ចូល​មក​ស្រាយ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលា​ម៉ោង ៩ព្រឹក ដោយសារ​ឧត្តម សុន ឆ័យ អត់​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ទេ គាត់​កំពុង​មាន​ភារកិច្ច​នៅ​ក្រៅ​ប្រទេស រហូត​ដល់​ថ្ងៃ​ទី៣ ខែកក្កដា ឆ្នាំ២០២២ ទើប​ឧត្តម សុន ឆ័យ ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដូច្នេះ​គាត់​សុំ​ឱ្យ​ខ្ញុំ​ជា​មេធាវី​ដាក់​ពាក្យ​ពន្យារ​ពេល​ការ​ចូល​ស្រាយ​បំភ្លឺ​របស់​គាត់ »

លោក មេធាវី ជូង ជូងឺ បន្ត​ថា ការ​កោះហៅ​លោក សុន ឆ័យ នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្ដឹង​របស់​លោក គី តិច ដែល​ទទួល​ការ​ផ្ដល់​សិទ្ធិ​ពី​លោក សាយ ឈុំ ដែលជាអនុប្រធានបក្សប្រជាជនកម្ពុជា ប្ដឹងលោក ស៊ុន ឆ័យ អនុប្រធាន​បក្ស​ភ្លើង​ទៀន ក្រោយ​ពី​លោក​រិះគន់​ពី​ដំណើរ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី៥ ខែមិថុនា​កន្លង​ទៅ​នេះ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុច គឹមឡុង ដើម្បី​បញ្ជាក់​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែមិថុនានេះ ដោយ​សារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ ចំណែក​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ជា ម៉េត ក៏​មិន​អាច​ទាក់ទង​បាន។

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ប្ដឹងផ្តល់​របស់​បក្ស​កាន់​អំណាច​កន្លង​ទៅ​នេះ ហាក់​ដូច​ជា​មិន​សម​ទំនង​ក្នុង​នាម​ជា​អ្នក​នយោបាយ​នោះ​ទេ។ លោក​បន្ត​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ សឹងតែ​គ្រប់​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត អ្នក​នយោបាយ​ដែល​ចូលរួម​ប្រកូត​ប្រជែង បើ​សិន​ជា​ឃើញ​ថា ដំណើរ​ការ​បោះ​ឆ្នោត​មិន​មាន​ភាព​ប្រក្រតី គឺ​ត្រូវ​តែ​មាន​ការ​រិះគន់ ដើម្បី​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ ដូច្នេះ​លោក​ថា មិន​មែន​កំហុស​នោះ​ទេ ក្នុង​ការ​រិះគន់​របស់​បក្ស​ភ្លើង​ទៀន។ លោក​ស្នើ​ដល់​អ្នក​នយោបាយ​ថា គួរ​តែ​មាន​ភាព​ចាស់ទំ​ក្នុង​ការ​ជជែក​គ្នា ល្អ​ជា​ជាង​ការប្ដឹងផ្ដល់ដើម្បីតែការឈ្នះចាញ់៖ «ពាក់ព័ន្ធ​វិវាទ​នយោបាយ​នេះ យើង​តែងតែ​ឃើញ​កើត​មាន​ឡើង​ស្ទើរ​តែ​រាល់​ពេល​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត​មក​ដល់​ម្ដងៗ វិល​ចុះ​តែ​ប៉ុណ្ណឹង។ អ៊ីចឹង ដើម្បី​បញ្ចប់​នូវ​វប្បធម៌​នេះ ខ្ញុំ​យល់​ថា អ្នក​នយោបាយ​គួរ​តែ​ចាស់ទំ​នយោបាយ​ហើយ ព្រោះ​វា​កើត​ច្រើន​ហើយ។ យើង​អាច​យក​ទម្លាប់​ការ​ជជែក​គ្នា​រក​ដំណោះស្រាយ នូវ​អ្វី​ដែល​ជា​ការ​រក​ឃើញ ឬ​មិន​រក​ឃើញ​ហ្នឹង យក​មក​ជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ ធ្វើ​យ៉ាង​ណា​ការ​កែប្រែ និង​ការ​ទម្រង់​ក្នុង​ការ​បោះ​ឆ្នោត ឱ្យ​ក្លាយ​ជា​ការ​បោះ​ឆ្នោត​មួយ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី »

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា បែរជាត្រូវបានគណបក្ស​ប្រជាជន​កម្ពុ​ជាយ​ប្ដឹង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ការ​រិះគន់​រឿង​បោះឆ្នោត​របស់​លោក ស៊ុន ឆ័យ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថែមទាំងទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១លាន​ដុល្លា និង​តម្រូវ​ឱ្យ​លោក​សុំ​ទោស​សុំ​ជា​សាធារណៈ។

ចំណែក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ក៏​បាន​ប្ដឹង​លោក សុន ឆ័យ ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ។ អ្នក​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​នោះ​គឺ អ្នក​នាំ​ពាក្យ គ.ជ.ប លោក ឌឹ​ម សុវណ្ណារុំ និង​អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ដែល​ជា​មន្រ្តី​ស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន។ នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​ខ្លួន​ចុះ​កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ថា ការ​ថ្លែង​របស់​លោក សុន ឆ័យ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​ជាតិ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។