មេធាវីរបស់មេបក្សភ្លើងទៀនដាក់ភស្តុតាងទៅតុលាការរឿងអាជ្ញាធរដាក់កាមេរ៉ាឃ្លាំមើលនៅមុខផ្ទះ
2024.04.27
មេធាវីប្រធានបក្សភ្លើងទៀនលោក ទាវ វណ្ណុល បានដាក់ភស្តុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបញ្ជាក់ការពិតថា អាជ្ញាធរបានដំឡើងកាមេរ៉ាឃ្លាំមើលនៅមុខផ្ទះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបុគ្គល។ មន្ត្រីសិទ្ធិមនុស្សយល់ថា តុលាការគួរពិនិត្យភស្តុតាងក្នុងសំណុំរឿងនេះដោយយុត្តិធម៌ ហើយបញ្ជាក់ពីមូលហេតុពាក់ព័ន្ធការដាក់កាមេរ៉ានៅមុខផ្ទះថ្នាក់ដឹកនាំបក្សប្រឆាំងនោះឱ្យបានច្បាស់ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិ និងការរិះគន់នានាពីសាធារណជនទូទៅ។
មេធាវីការពារក្តីឱ្យប្រធានគណបក្សភ្លើងទៀននៅថ្ងៃទី២៦ ខែមេសាបានដាក់លិខិតអមដោយភស្តុតាងជារូបថតពីរសន្លឹក បង្ហាញពីកាំមេរ៉ាដំឡើងនៅមុខផ្ទះលោក ទាវ វណ្ណុល ដើម្បីស្នើឱ្យព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញពិនិត្យនិងពិចារណាក្នុងសំណុំរឿងដែលមេធាវីរបស់រដ្ឋាភិបាសបានចោទមេបក្សប្រឆាំងរូបនេះបញ្ចេញមតិធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលកន្លងទៅ។
មេធាវីការពារក្តីឱ្យប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល គឺលោក ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែមេសា ថា ភស្តុតាងដាក់ទៅតុលាការជារូបភាពបង្ហាញពីកាមេរ៉ាដាក់ចាប់យករូបភាពនៅចំមុខផ្ទះកូនក្តីរបស់លោកនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកបន្តថា ឯកសារៈភស្តុតាងនេះចង់បញ្ជាក់ថា អ្វីដែលកូនក្តីរបស់លោកផ្តល់បទសម្ភាសន៍ឱ្យសែតជប៉ុន នីកេ អេស៊ា (Nikkei Asia) បានយកទៅចុះផ្សាយកន្លងមកថា អាជ្ញាធរដំឡើងកាមេរ៉ានៅមុខផ្ទះថ្នាក់ដឹកនាំបក្សភ្លើងទៀនគឺជាការពិត។
លោក ជូង ជូងី៖ «បើដាក់កាមេរ៉ាដើម្បីសុវត្ថិភាពសាធារណៈអាចដាក់ឃ្លាតឆ្ងាយពីផ្ទះរបស់គាត់ទៅ ឬមួយដាក់ខាងបង្គោលខាងផ្ទះរបស់គាត់បែរមកខាងក្រៅវិញមក ម៉េចបានដាក់ទល់មុខហើយសំដៅបែរមកផ្ទះគាត់ អាហ្នឹងជាភស្តុតាងបញ្ជាក់ថា ពិតជាមានកាមេរ៉ាមែន មិនមែនគាត់ចេះតែថាទេ ពីព្រោះគាត់ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានជប៉ុនថា មានកាមេរ៉ានៅពីមុខផ្ទះគាត់ ចំណែកមេធាវីរដ្ឋាភិបាលថា គាត់ផ្តល់បទសម្ភាសន៍ប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាល អ៊ីចឹងខ្ញុំដាក់ភស្តុតាងបញ្ជាក់ថា ពិតជាមានកាមេរ៉ាមែន អ្វីដែលគាត់និយាយពិតមិនមែនចេះមួលបង្កាច់ទេ គឺមានកាមេរ៉ានៅមុខផ្ទះគាត់មែន»។
លោក ជូង ជូងី បញ្ជាក់ថា តាមច្បាប់បើការដាក់កាមេរ៉ានោះដើម្បីតាមឃ្លាំមើលសកម្មភាពថ្នាក់ដឹកនាំបក្សភ្លើងទៀនគឺជារំលោភបំពានលើសិទ្ធិបុគ្គល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី២៧ ខែមេសា។
ប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល កាលពីថ្ងៃទី២៥ ខែមេសា បានចូលទៅឆ្លើយបំភ្លឺតាមបណ្ដឹងរបស់មេធាវីតំណាងរដ្ឋាភិបាលដោយលោកលើកឡើងថា កាសែតជប៉ុន នីកេ អេស៊ា (Nikkei Asia) បានចុះផ្សាយអត្ថបទកន្លងមកនោះគឺជាការយល់ឃើញរបស់លោកស្ទើរតែទាំងស្រុង ពីព្រោះនេះគឺជាការពិតដែលអាជ្ញាធរបានដាក់កាមេរ៉ាសុវត្ថិភាពនៅខាងមុខផ្ទះថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងដូចជាអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ លោក ចេប គឹមអ៊ាង លោក រ៉ុង ឈុន រួមទាំងផ្ទះរបស់លោកដែរ។
ទាក់ទងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត កត់សម្គាល់ថា បើការដាក់កាមេរ៉ានៅមុខផ្ទះរបស់មេដឹកនាំបក្សភ្លើងទៀនដោយគ្មានការពន្យល់ពីហេតុផលសមរម្យណាមួយនោះអាចធ្វើឱ្យពួកគេព្រួយបារម្ភសុវត្ថិភាព និងការអនុវត្តសិទ្ធិសេរីភាពក្នុងនាមជាអ្នកនយោបាយ។ ដូច្នេះលោកបញ្ជាក់ថា ភាគីពាក់ព័ន្ធដូចជាលោក ទាវ វណ្ណុល មានសិទ្ធិក្នុងការដាក់ភស្តុតាងបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនដើម្បីស្នើឱ្យតុលាការពិចារណា និងផ្តល់យុត្តិធម៌តាមច្បាប់។
លោក អំ សំអាត៖ «កាមេរ៉ាសុវត្ថិភាពនៅទីសាធារណៈវាជារឿងមួយល្អហើយ តែ(អាជ្ញាធរ)ត្រូវគិតកុំមានការរិះគន់ ឬក៏អាចមានមន្ទិលសង្ស័យ ហើយព្រួយបារម្ភជាដើម ចំពោះតុលាការជានីតិវិធីរបស់តុលាការបើសិនមានភស្តុតាងបញ្ជាក់អំពីភាគីនីមួយៗបានលើកឡើងហ្នឹង វាជារឿងមួយដែលធ្វើឱ្យតុលាការពិចារណាបាទ»។
ទាក់ទងសំណុំរឿងរបស់លោក ទាវ វណ្ណុល នេះដែរ មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា តុលាការ និងអាជ្ញាធរត្រូវពិនិត្យឱ្យបានច្បាស់លាស់ចំពោះសេរីភាពបញ្ចេញមតិ និងបទល្មើស ពីព្រោះកន្លងមកបញ្ហានេះត្រូវបានសហគមន៍អន្តរជាតិរិះគន់កម្ពុជាជាបន្តបន្ទាប់អំពីការរឹតត្បិតសិទ្ធិសេរីភាព ជាពិសេសសិទ្ធិពលរដ្ឋ នយោបាយ ហើយស្នើរដ្ឋាភិបាលបើកលំហសេរីភាពទាំងនោះឱ្យប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។