លោក ហ៊ុន សែន រិះគន់​ការ​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​ដោយ​ឯកតោ​ភាគី​លើ​ប្រទេស​ណាមួយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ឯកតោ​ភាគី ការ​ហាមឃាត់ ឬ​ការ​ដាក់​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ណាមួយ។ លោក ហ៊ុន សែន លើកឡើង​ដូច្នោះ​ក្នុង​សន្និសីទ​អន្តរជាតិ​ទី​២៧ ស្ដីពី​អនាគត​របស់​អាស៊ី​ក្រោម​ប្រធានបទ «​ការ​កំណត់​ឡើងវិញ​នូវ​តួនាទី​របស់​ទ្វីបអាស៊ី នៅ​ក្នុង​ពិភពលោក​ដែល​បែកខ្ញែក»។ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន នីកេ (Nikkei) កាល​ពី​ថ្ងៃទី​២៧ ឧសភា នៅ​ប្រទេស​ជប៉ុន។

លោក ហ៊ុន សែន ដែល​ចូលរួម​សន្និសីទ​នេះ តាម​ប្រព័ន្ធ (online) មិន​បាន​បន្ទោស​ប្រទេស​ណាមួយ​ឲ្យ​ចំ​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​កន្លង​មក​កម្ពុជា​បាន​ទទួល​ទណ្ឌកម្ម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប ដោយសារតែ រដ្ឋាភិបាល​លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​។ ថ្មីៗ​នេះ លោក ហ៊ុន សែន ថា លោក​សុខចិត្ត​រស់​ដោយ​ត្រូវ​ទណ្ឌកម្ម​អន្តរជាតិ ដើម្បី​ឯករាជ្យ​។ កន្លងមក សហគមន៍​អន្តរជាតិ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ នូវ​វិស័យ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើយ​ទើប​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​វិញ​។

លោក ហ៊ុន សែន​ក៏​លើកឡើង​ថា ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន (Ukraine) បាន​បង្ក​បរិយាកាស​សន្តិសុខ​សកល​ឲ្យ​មានការ​ប្រែប្រួល និង​អាច​បង្ក​គ្រោះថ្នាក់ ដែល​គ្មាន​នរណា​ម្នាក់​អាច​ប៉ាន់ប្រមាណ​បាន និង​អាច​ប៉ះពាល់​ដល់​ការ​ងើបឡើង​វិញ​នៃ​ការ អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ ជំងឺ​កូវីដ១៩​។ លោក​ថា សង្គ្រាម​នេះ ក៏​ធ្វើ​ឲ្យ​ពិភពលោក​ឈាន​ចូល​ទៅ​ដល់​របត់​ថ្មី​មួយ​នៃ​ការ​បែកបាក់ និង​ការ​បែក​ចែក​ប៉ូល​មនោគមវិជ្ជា និង​ភូមិសាស្ត្រ​នយោបាយ និង​ឲ្យ​រដ្ឋ​តូចៗ​បង្ខំចិត្ត​ជ្រើសរើស​រវាង​ប្រទេស​មហាអំណាច​ពាក់ព័ន្ធ។ បញ្ហា​នេះ​នឹង​បង្កើត​នូវ​ផលវិបាក​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន​តំបន់​អាស៊ី​។ លោក​ជំរុញ​ឲ្យ​ប្រទេស​អាស៊ី​រក្សា​អធិបតេយ្យភាព​និង​ឯករាជ្យភាព។ ទោះបីជា​យ៉ាងណា​កន្លងមក គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​មាន​គោលនយោបាយ​លំអៀង​ទៅ​រក​ប្រទេស​ចិន​។ អាមេរិក​បាន​ចោទ​កម្ពុជា​ថា បាន​ផ្តល់​មូលដ្ឋាន​យោធា​កងទ័ពជើងទឹក​ទៅ​ឲ្យ​យោធា​ចិន​ប្រើប្រាស់​នៅ​ខេត្ត​ព្រះសីហនុ​។ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ការពារ​បំណុល​កម្ពុជា​ដែល​ខ្ចី​ពី​ចិន​ដែរ​។ កម្ពុជា​ជំពាក់​លុយ​បរទេស​ប្រមាណ ជិត​៩​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២០​។ បំណុល​ទ្វេភាគី ស្មើ​ប្រមាណ ៦៩​ភាគរយ​នៃ​បំណុល​បរទេស​ទាំងមូល ដែល​ពាក់កណ្តាល​នៃ​បំណុល​នោះ ជា​បំណុល​ចិន​។ លោក​ថា កម្ពុជា​ចាំបាច់​ខ្ចី​លុយ​ពី​បរទេស​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​កម្ពុជា​នឹង​មិន​ជាប់​អន្ទាក់​ប្រទេស​ណាមួយ​ដោយសារតែ​បំណុល​នេះ​ទេ​។ លោក​បន្ត​ថា ពាណិជ្ជកម្ម​នឹង​ចិន​មាន​សារសំខាន់​សម្រាប់​កម្ពុជា ជាពិសេស​វិស័យ​អគ្គិសនី។ សន្និសីទ​អន្តរជាតិ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន នីកេ (Nikkei) បាន​ផ្តល់​វេទិកា​សម្រាប់​មេដឹកនាំ និង​អ្នកស្រាវជ្រាវ​ជជែក​គ្នា​ពី​បញ្ហា​ក្នុង​តំបន់​។ ក្នុង​សន្និសីទ​អន្តរជាតិ​កាលពី​ឆ្នាំ​២០២១ លោក ហ៊ុន សែន ថា ប្រសិនបើ​កម្ពុជា​មិន​ពឹងផ្អែក​លើ​ចិន​តើ​ឲ្យ​កម្ពុជា​ទៅ​ពឹង​អ្នកណា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។