ករណីរំលាយគណបក្សសង្គ្រោះជាតិដ៏ចម្រូងចម្រាស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជាតិកម្ពុជា ដែលមានសារៈសំខាន់សម្រាប់សិក្សាស្រាវជ្រាវប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
តុលាការកំពូលរងការរិះគន់ថា លំអៀងទៅខាងបក្សកាន់អំណាច
អ្នកច្បាប់ និងអ្នកវិភាគថា សវនាការរំលាយគណបក្សប្រឆាំង ធ្វើឡើងនៅមុនពេលមិនទាន់បើកសវនាការជំនុំជម្រះ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ ជាការលំអៀងរបស់តុលាការទៅគណបក្សកាន់អំណាច ហើយថា សវនាការរបស់តុលាការកំពូលលើសំណុំរឿងនេះទៀតសោត ក៏មានបញ្ហាផ្លូវច្បាប់ច្រើនចំណុចដែរ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌ បដិសេធការលើកឡើងទាំងនោះ។
តុលាការកំពូលរងការរិះគន់ធ្ងន់ធ្ងរជាបន្តបន្ទាប់ ក្រោយពីបានរំលាយគណបក្សសង្គ្រោះជាតិ នៅមុនពេលមិនទាន់រកឃើញថា ប្រធានគណបក្សនេះ គឺលោក កឹម សុខា មានទោស ឬអត់នៅឡើយ។
អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកច្បាប់ បណ្ឌិត ហ៊ាង ឬទ្ធី សំដែងការសោកស្ដាយថា តុលាការកំពូលមិនបានធ្វើតាមវិជ្ជាជីវៈរបស់ខ្លួន។ លោកបញ្ជាក់ថា ប្រសិនបើចៅក្រមទាំង ៩រូបនោះធ្វើតាមមនសិការរបស់ខ្លួន យ៉ាងហោចណាស់ពួកគេ ត្រូវបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ជាមុនសិន៖ «ដើម្បីឈានទៅរកការរំលាយគណបក្សហ្នឹងបាន លុះត្រាណាផ្ដន្ទាទោសលោក កឹម សុខា ស្ដីពីការមានទោសសិនថា បានប្រព្រឹត្តមានបទល្មើសអ្វីហៅថា សន្ទភាពហ្នឹងសិនទើបអាចរំលាយគណបក្សហ្នឹងបាន។ ប៉ុន្តែ គេបែរជារំលាយគណបក្សហ្នឹងមុន ហើយការផ្ដន្ទាទោសហ្នឹងមិនទាន់ទេ។ ខ្ញុំបញ្ជាក់ជូនថា តុលាការអត់ឯករាជទេ កាលណាអ្នកនយោបាយគេឱ្យរំលាយ គេថា វាត្រូវតែរំលាយ ប៉ុន្តែពេលជំនុំជម្រះរំលាយគណបក្សហ្នឹង មុនពេលផ្ដន្ទាទោស ( លោក កឹម សុខា ) អ៊ី ចឹង ខ្ញុំបញ្ជាក់ជូនថា បើតាមច្បាប់វាអត់ត្រូវទាល់តែសោះ»។
ទុកមេបក្សមួយអន្លើ រំលាយបក្សមុនសិន
អាជ្ញាធរបានចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ យកទៅឃុំក្នុងគុកត្រពាំងផ្លុងក្បែរព្រំដែនវៀតណាម រហូតដល់ថ្ងៃខែតុលា ឆ្នាំ២០១៨ ទើបយកមកឃុំក្នុងផ្ទះ នៅក្រុងភ្នំពេញ រហូតមកដល់បច្ចុប្បន្ន ចោទប្រកាន់ពីទោសក្បត់ជាតិ។ ជាង ២ខែក្រោយការចាប់ខ្លួន ជាជាងបើកសវនាការជំនុំជម្រះសំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំងរូបនេះ តុលាការកំពូលបានបើកសវនាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។
ទោះជាយ៉ាងណា ពុំមានតំណាងណាម្នាក់ពីគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងសវនាការនោះទេ។ តុលាការកំពូលបានយកហេតុផល គណបក្សសង្គ្រោះជាតិមិនចូលរួមនេះ ថា ជាការសារភាពទទួលកំហុស។
ខ្លឹមសារក្នុងសេចក្ដីសន្និដ្ឋានចំណុច ៦ នៃសាលដីកាកម្រាស់ ៥៣ទំព័របស់តុលាការកំពូលសរសេរថា៖ « តុលាការកំពូលយល់ឃើញថា ដោយគណបក្សសង្គ្រោះជាតិនៅស្ងៀមស្ងាត់មិនបង្ហាញឆន្ទៈក្នុងការតតាំង ចំពោះការអះអាងរបស់មេធាវីតំណាងឱ្យក្រសួងមហាផ្ទៃ ព្រមទាំងអវត្តមានពេលសវនាការដោយគ្មានមូលហេតុ ដែលតាមមាត្រា៩៦ មាត្រា ២០១ កថាខណ្ឌ ២ និងមាត្រា១៤០ នៃក្រមនីតិវិធីរដ្ឋប្បវេណី ចាត់ទុកថា ជាការសារភាពទទួលស្គាល់ការអះអាងរបស់តំណាងក្រសួងមហាផ្ទៃថា ជាការពិត ដែលជាកំហុសធ្ងន់ធ្ងរល្មើសនឹងមាត្រា៦ថ្មី ( ពីរ ) នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងមាត្រា ៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ដូច្នេះ គណបក្សនេះ ត្រូវរងនូវការរំលាយចោលតាមមាត្រា៣៨ថ្មី និងមាត្រា ៤៤ថ្មី ( ពីរ ) នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ » ។
មិនចូលរួមសវនាការ ស្មើនឹងការទទួលស្គាល់កំហុស
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ថា តុលាការពិតជាបានបង្គាប់ និងកោះហៅគណបក្សសង្គ្រោះជាតិឱ្យដាក់សារណាការពារខ្លួន និងចូលរួមក្នុងសវនាការ។ ប៉ុន្តែពុំមានតំណាងគណបក្សនេះចូលរួមឡើយ។ លោក ជិន ម៉ាលីន បន្ថែមថា ការមិនចូលរួមនោះ វាស្មើនឹងការទទួលយកបទចោទប្រកាន់៖ «ឥឡូវយើងមើលឡើងវិញ គឺមានដីកាកោះហៅ មានការជូនដំណឹងឱ្យមេធាវីចូល ដាក់ភស្តុតាង ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ ដែលជាអ្នកធ្វើពហិការខ្លួនឯងទេ ដែលមិនចូលរួមក្នុងដំណើរនីតិវិធីរបស់តុលាការ។ ហើយជាគោលការណ៍ច្បាប់ កាលណាយើងមិនចូលរួមក្នុងនីតិវិធីតុលាការ អានីតិវិធីវាចេះតែទៅមុខអ៊ីចឹង តែយើងទេ អ្នកខាតប្រយោជន៍ បានន័យថា យើងទទួលយកនូវអ្វី ដែលគេចោទប្រកាន់»។
មិនចូលរួម ព្រោះមិនចង់ផ្ដល់ភាពស្របច្បាប់ដល់សវនាការបង្គ្រប់កិច្ច
សម្រាប់អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ វិញ មិនយល់ថា ការធ្វើពហិការ មិនចូលរួមក្នុងសវនាការរបស់គណបក្សសង្គ្រោះជាតិ មានន័យថា គណបក្សប្រឆាំងមួយនេះ ទទួលយកនូវអ្វីដែលគេចោទប្រកាន់នោះទេ។ លោកថា ការដែលគ្មានតំណាងគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងសវនាការ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ ពីព្រោះគណបក្សនេះដឹងមុនហើយថា សវនាការនេះមិនអាចផ្ដល់យុត្តិធម៌ជូនដល់គណបក្សរបស់ខ្លួនឡើយ។ ហេតុដូច្នេះលោកថា គណបក្សសង្គ្រោះជាតិ មិនចង់ផ្ដល់ភាពស្របច្បាប់ឱ្យសាលដីការំលាយបក្សរបស់ខ្លួន តាមរយៈចូលរួមក្នុងសវនាការបង្គ្រប់កិច្ចនោះទេ៖ «យើងត្រូវយល់ដឹង បើសិនជាយើងទៅតតាំង ហើយតុលាការយកច្បាប់ទៅអនុវត្តទាំងអយុត្តិធម៌ អាហ្នឹងយើងទៅទទួលស្គាល់អាច្បាប់ហ្នឹងទៅ។ គេមានសិទ្ធិអត់ទទួលស្គាល់ច្បាប់ហ្នឹង បើទោះជាច្បាប់ហ្នឹង ត្រូវក្រុមប្រឹក្សាធម្មនុញ្ញអនុម័តថា មានធម្មនុញ្ញក៏ដោយព្រោះថា សមាសភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញភាគច្រើនមកពីគណបក្សកាន់អំណាច ហើយគណបក្សកាន់អំណាចហ្នឹងជាអ្នកចោទប្រកាន់ ដូច្នេះវាអយុត្តិធម៌ ចេះតែប្រថាប់ត្រាបាទ។
សំដីលោក ហ៊ុន សែន ជាសម្ពាធលើតុលាការ
នៅមានកត្តាមួយទៀត ដែលទំនងជាធ្វើឱ្យគណបក្សសង្គ្រោះជាតិ ជឿជាក់ថា សាលដីការំលាយបក្សនឹងមិនប្រែប្រួល ទោះជាមាន ឬមិនមានតំណាងរបស់ខ្លួននៅក្នុងសវនាការនោះក្តី។ នោះគឺឥទ្ធិពលនយោបាយរបស់មេដឹកនាំបក្សកាន់អំណាចគ្របសង្កត់លើសេចក្ដីសម្រេចរបស់តុលាការ។ នៅប្រមាណពីរសប្ដាហ៍ មុនថ្ងៃតុលាការកំពូលបើកសវនាការជំនុំជម្រះសំណុំរឿងប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញមតិជាសាធារណៈ ជាបន្តបន្ទាប់ ដែលគេយល់ថា អាចជាសារដាក់សម្ពាធមកលើតុលាការ។ ជាផ្នែកមួយនៃយុទ្ធនាការបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ចុះចូលជាមួយបក្សកាន់អំណាច មេដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្ញើសារបញ្ចុះបញ្ចូលមន្ត្រីបក្សប្រឆាំងឱ្យជឿជាក់ថា គណបក្សរបស់ពួកគេនឹងត្រូវរំលាយ។ ហេតុដូច្នេះ ដើម្បីរក្សាតំណែងការងាររបស់ខ្លួន ពួកគេត្រូវតែចុះចូលជាមួយគណបក្សកាន់អំណាច។ ប្រកាសតាមហ្វេសប៊ុក នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានភ្នាល់ដាក់ជីវិតរបស់លោក ប្រសិនបើតុលាការកំពូលមិនរំលាយគណបក្សសង្គ្រោះជាតិ ចោលទេនោះ៖ « ខ្ញុំអាចហ៊ានដាក់ជីវិតដើម្បីជំនួស តើកម្រិតដល់ថ្នាក់ចាប់មេបក្សម៉ោង ១២យប់ ដើម្បីវាយខ្នោះហើយនោះ តើសភាពការណ៍វាធ្ងន់ធ្ងរដល់កម្រិតប៉ុណ្ណា ? មិនមែនគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញទេ។ សាលក្រមតុលាការកំពូល គឺជាសាលក្រមបិទផ្លូវតវ៉ា » ។
បើបុរសខ្លាំងគ្មានពីរនៅកម្ពុជា ហ៊ានភ្នាល់ដាក់ជីវិតបែបនេះហើយ ម្ដេចឡើយចៅក្រមកាន់សំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ហ៊ានប្រកែកមិនធ្វើតាមនោះ? បួនថ្ងៃក្រោយមក គឺនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដដែល ក្នុងឱកាសជួបជាមួយកម្មករកាត់ដេរនៅចម្ការដូង ជាយក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ម្ដងទៀតថា គណបក្សសង្គ្រោះជាតិ ចៀសមិនផុតពីការរំលាយក្នុងមួយសប្ដាហ៍ទៀតទេ៖ «ស្គាល់ ហ៊ុន សែន ស្ទើរភ្លើងអត់ដឹងថា ហ៊ុន សែន គេសិក្សាអំពីផ្លូវច្បាប់ច្បាស់ណាស់។ ម៉្យាងទៀតខ្លួនអត់ដាក់មេធាវីទៅទៀត ដល់អាអត់ដាក់មេធាវីអ៊ីចឹង លឿនប្រូចតែម្ដង និយាយពីលឿន ថ្ងៃទី១៦ (វិច្ឆិកា ឆ្នាំ២០១៧) ហ្នឹងចាំមើលៗ។
អ្នកធំមិនត្រូវធ្វើអត្ថាធិប្បាយ ពេលសំណុំរឿងដល់ដៃតុលាការ
បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា នៅពេលសំណុំរឿងក្ដីក្ដាំណាមួយចូលដល់ដៃតុលាការហើយ អ្នកមានឥទ្ធិពល និងអំណាច មិនត្រូវធ្វើអត្ថាធិប្បាយណាមួយទៅលើរឿងក្ដីនោះឡើយ ពីព្រោះវាធ្វើឱ្យចៅក្រមភ័យខ្លាច ជាហេតុនាំឱ្យពួកគាត់ធ្វើសេចក្ដីសម្រេចចិត្តផ្ទុយពីឧត្ដមគតិ និងមនសិការរបស់ខ្លួន ប៉ះពាល់ដល់ដំណើរការរកយុត្តិធម៌៖ «គាត់មានឥទ្ធិពលអ៊ីចឹងគាត់មិនត្រូវនិយាយទេ ហើយបើនិយាយជាសាធារណៈកាន់តែខុសទៅទៀត តែជាឯកជនស្ងប់ស្ងាត់អត់អីទេ។ សូមបញ្ជាក់ថា គាត់ជាប្រធានគណបក្សកាន់អំណាច ហើយចៅក្រម យ៉ាងហោចក៏មួយចំនួនធំដែរ គឺជាសមាជិកគណបក្ស ហើយមានទាំងចូលរួមសកម្មភាពនយោបាយ ដើម្បីជួយគណបក្សហ្នឹងថែមទៀត រួមទាំងចូលវិភាគទានថែមទៀត ម្ល៉េះ ហើយប្រធានបក្ស គឺនាយករដ្ឋមន្ត្រី ដែលគេហៅជាទូទៅថា បុរសខ្លាំងនោះ តាមដែលដឹងមកនោះ គឺថា គ្មាននរណាហ៊ានធ្វើអីខុសពីប្រសាសន៍របស់នាយករដ្ឋមន្ត្រីទេ។ បើនៅស្រុកគេ តុលាការឯករាជ្យ ចៅក្រមមានបទពិសោធន៍ មានចំណេះចេះដឹងខ្ពស់ក្នុងពីគោលការណ៍ច្បាប់ គោលការណ៍យុត្តិធម៌ និងប្រវត្តិសាស្ត្រអីថែមទៀតនោះ គេនឹងចេញដីកាមួយហាមឃាត់មិនឱ្យគាត់មានប្រសាសន៍ទេ ជាសាធារណៈ ហើយគេអាចដាក់ទណ្ឌកម្មទៀត បើច្បាប់គេ យើងបកប្រែសាមញ្ញថា មើលងាយតុលាការ (contempt of the court)» ។
គ្មានតំណាងបក្ស គ្មានសាក្សី
សវនាការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សស្របច្បាប់ តំណាងឱ្យម្ចាស់ឆ្នោតជាង ៣លាននាក់នោះ មិនត្រឹមតែប្រព្រឹត្តទៅដោយគ្មានមេធាវី ឬគ្មានតំណាងពីបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្មានសាក្សីទៀតផង។ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រឿងតំណាងគណបក្សសង្គ្រោះជាតិមិនចូលរួម គឺជារឿងមួយ ប៉ុន្តែសវនាការដ៏សំខាន់ និងជាប្រវត្តិសាស្ត្រមួយនេះ បែរជាគ្មានសាក្សីនោះ គឺកាន់តែធ្វើឱ្យសាលដីកាមួយនេះខ្វះភាពស្របច្បាប់៖ « ហ្ន៎ ! សាក្សីយកមកបញ្ជាក់ថា តើ កឹម សុខា និយាយនោះអ្នកឯងយល់ស្របទេ ? អ្នកនេះនិយាយអ៊ីចេះៗ ជាមួយអ្នកឯង ស្របទេ ? ឈ្មោះអ្នកណាៗ និយាយអ៊ីចេះអីហ្នឹង គេត្រូវកោះហៅអ្នកហ្នឹងជាសាក្សីមកបញ្ជាក់ ដើម្បីអាហ្នឹងគឺអ្វីដែលយើងដឹងហ្នឹងឱ្យវាបានច្បាស់លាស់ពិតថា មែន គាត់បានទៅជួបទាក់ទងអីអ៊ីចឹងមែន ដើម្បីឱ្យច្បាស់ អាហ្នឹងហ្អ៎។ រួចអត់មានម្នាក់ទេ។ អ្នកនយោបាយជួនកាលគេអាចបំប៉ោង ដើម្បីលើកទឹកចិត្តសកម្មជនរបស់គេ ឬអ្នកគាំទ្រ ឬដើម្បីទាក់ទាញឱ្យមានអ្នកគាំទ្រ។ ការពិត គឺវានៅសវនាការតុលាការ ព្រោះគេបង្ហាញភស្តុតាងមកទាំងអស់។ អាអ្នកចោទប្រកាន់ ចោទប្រកាន់មក ហើយមានភស្តុតាងចោទប្រកាន់។ អាអ្នកការពារ ការពារមក មានស្អីខ្លះៗ។ អាហ្នឹងហ្អ៎ ដែលគេតតាំងគ្នាបង្ហាញសាក្សីភស្តុតាង មានសាក្សីអ្នកបច្ចេកទេសអីហ្នឹង ដើម្បីរកការពិត។ ការពិត យុត្តិធម៌ វាទៅជាមួយគ្នា។ យុត្តិធម៌វាអត់កើតមានបានទេ បើសិនជាវាអត់មានការពិត » ។
ចៅក្រមអាចត្រូវអាបត្តិ
បណ្ឌិត ឡៅ ម៉ុងហៃ ប្រៀបធៀបសវនាការជំនុំជម្រះកំបាំងមុខ ក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ដែលមានតែភាគីចោទប្រកាន់នេះ ទៅនឹងសវនាការកាត់សេចក្ដីព្រះសង្ឃក្នុងសម័យពុទ្ធកាល ដែលសម័យនោះព្រះសង្ឃជាចៅក្រមនឹងដាច់អាបត្តិ ឬមានទោស ប្រសិនបើសវនាការផ្ដន្ទាទោសព្រះសង្ឃធ្វើឡើងដោយកំបាំងមុខ មិនមានជនជាប់ចោទ និងមិនមានសាក្សី ឬភស្តុតាង៖ « នៅក្នុងគម្ពីរព្រះត្រៃបិដក ការកាត់ទោសវិន័យលោកសង្ឃ សង្ឃដែលជាចៅក្រមនឹងត្រូវអាបត្តិ ប្រសិនកាត់ទោសកំបាំងមុខ កាត់ទោសលោកសង្ឃកំបាំងមុខ គឺត្រូវមានវត្តមានលោកសង្ឃការពារខ្លួន ហើយឱ្យមានសាក្សីគ្រប់ អាហ្នឹងបានចំណាត់ការ។ ឃើញទេ ? អាហ្នឹងជំនាន់ព្រះផង គេធ្វើទាំងអស់ហ្នឹង ឱ្យច្បាស់លាស់អ៊ីចឹង។ បើសិនលោកសង្ឃមិនទាន់សារភាពទេ គេនៅមន្ទិលសង្ស័យទៀតថា ក្រែងលោភស្តុតាងវាអត់ទាន់ច្បាស់លាស់ ទាល់គេឱ្យសារភាព។ សារភាពហ្នឹងដោយស្ម័គ្រចិត្តទៅទៀត មិនមែនគំនាបទេ។ មិនគាបគេឱ្យសារភាពទេ ឬបង្ខំគេឱ្យសារភាពទេ ហើយបើសិនអត់ទាន់សារភាព ដាក់លោកសង្ឃជាប់ចោទ អាហ្នឹងចៅក្រមសង្ឃហ្នឹង គឺត្រូវអាបត្តិទៀត » ។
ចំពោះរឿងត្រូវអាបត្តិ ឬមិនត្រូវអាបត្តិនោះ ចៅក្រមសម័យបច្ចុប្បន្ន ប្រហែលជាមិនខ្វល់ប៉ុន្មានទេ ដោយសារពួកគេហាក់ស៊ាំទៅនឹងការរិះគន់របស់សហគមន៍ជាតិ និងអន្តរជាតិ ដែលថា ស្ថាប័នវិនិច្ឆ័យនេះ ជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច។ អ្វីដែលមន្ត្រីតុលាការ ទំនងជាព្រួយបារម្ភទៅវិញនោះ គឺការធ្វើយ៉ាងណាកុំឱ្យគណបក្សកាន់អំណាចអាក់អន់ស្រពន់ចិត្ត ពីព្រោះវាអាចប៉ះពាល់ដល់សុវត្ថិភាពការងារ និងលាភសក្ការរបស់ពួកគេ។ ទោះដោយបង្ខំក្តី ឬដោយស្ម័គ្រចិត្តក្ដី បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ចៅក្រមមួយចំនួនធំ ជាភ្នាក់របស់គណបក្សប្រជាជនកម្ពុជា៖ « គឺចៅក្រមយ៉ាងហោចមួយចំនួនធំដែរ គឺជាសមាជិកគណបក្សកាន់អំណាច ហើយមានការចូលរួមក្នុងសកម្មភាពនយោបាយ ដើម្បីជួយគណបក្ស ហើយរួមទាំងវិភាគទានអីថែមទៀត » ។
ចៅក្រមបក្ស
សវនាការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈសភាតំណាងរាស្ត្រ ចំនួន ៥៥អាសនៈ បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានសមាសភាពក្រុមប្រឹក្សាជំនុំជម្រះ ចំនួន ៩រូប។ ចៅក្រមទាំង ៩រូបនោះ មាន៖ ១) លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល គឺជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ មានតួនាទីក្នុងបក្សកាន់អំណាចវិញ លោក ឌិត មន្ទីរ គឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា។ សមាសភាពចៅក្រម៨រូបផ្សេងទៀត ដែលបានចូលរួមសម្រេចរំលាយគណបក្សសង្គ្រោះជាតិ មានលោក ឃឹម ប៉ុន ជាសមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ៣) លោក ជីវ កេង ជាសមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ៤) លោក យូរ ឧត្តរា ៥) លោក គង់ ស្រ៊ីម ៦) លោក សេង នាង ៧)អ្នកស្រី សែម សក្កិកូឡា ៧) អ្នកស្រី ចាំង ស៊ីណាត ៨) និងលោក គង់ តារាឆាត។
ចំណែកតំណាងមហាអយ្យការ ធ្វើការចោទប្រកាន់អមជាមួយមេធាវីចំនួន ៤រូបទៀត ដែលតំណាងឱ្យក្រសួងមហាផ្ទៃ គឺអគ្គព្រះរាជអាជ្ញា អ្នកស្រី ជា លាង។
ក្រៅពីរំលាយគណបក្សសង្គ្រោះជាតិ សាលដីកាតុលាការកំពូលនេះ ក៏បានហាមប្រាមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន ១១៨រូប មិនឱ្យធ្វើនយោបាយចំនួន ៥ឆ្នាំ និងជាសាលដីកាបិទផ្លូវតវ៉ា។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា១២៨ថ្មី ចែងថា៖ អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការ ធានារក្សាអនាគតិ (ឬភាពមិនលំអៀង) និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។