អ្នក​សិក្សា​ផ្នែក​ច្បាប់​ថា ខ្មែរ​នឹង​បែកបាក់​ឯកភាព​ជាតិ​បើ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​រាម

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ នា​រយៈពេល​ចុងក្រោយ​នេះ​បាន​បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការ​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​កំពង់ផែ​រាម ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់ ខណៈ​អាមេរិក​នៅតែ​ព្រួយបារម្ភ​អំពី​វត្តមាន​មូលដ្ឋានទ័ព​ចិន​នៅ​លើ​ទឹកដី​ខ្មែរ។ អ្នកឃ្លាំមើល​ថា ប្រសិនបើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​តាំង​មូលដ្ឋានទ័ព​នៅ​កំពង់ផែ​រាម កម្ពុជា​នឹង​កាន់តែ​បែកបាក់​ឯកភាព​ជាតិ និង​បង្ក​ឱ្យ​កើតមាន​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់។

លោក ទៀ បាញ់ លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃទី​៣១ ខែ​កក្កដា​ថា ក្នុង​​សម័យ​ទំនើប កងទ័ព​រំដោះប្រជាជន​ចិន បាន​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​រីកចម្រើន និង​លើកកម្ពស់​សមត្ថភាព​កងទ័ព​ជើងគោក ជើង​ទឹក ជើង​អាកាស សម្រាប់​ការពារ​ជាតិ​មាតុភូមិ ការពារ​អធិបតេយ្យភាព​ជាតិ ទឹកដី និង​សន្តិសុខ​ជាតិ​បាន​យ៉ាង​រឹងមាំ​។ ក្រៅ​ពី​នេះ លោក​ថា ការដ្ឋាន​សាងសង់​មូលដ្ឋាន​សមុទ្រ​រាម កំពុង​ដំណើរ​ការ​យ៉ាង​សកម្ម​ដូច​ផែនការ​គ្រោងទុក។

លោក ទៀ បាញ់ អះអាង​ថា ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នឹង​ធ្វើ​ឱ្យ​កំពង់ផែ​មួយ​នេះ​ក្លាយជា​សំណង់​ដ៏​ធំ​មួយ​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​កងទ័ពជើងទឹក​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​មួយ​កម្រិត​ថែមទៀត​នា​ពេល​អនាគត។

លោក ទៀ បាញ់ បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការសាងសង់​កំពង់ផែ​រាម​ជា​បន្តបន្ទាប់ ជាមួយ​មេ​ទ័ពជើងទឹក​កំពូលៗ​ដែល​ជា​ប្អូនប្រុស​បង្កើត របស់​លោក​គឺ​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក​លោក ទៀ វិញ និង​កូនប្រុស​របស់​លោក​ដែល​ជា​អភិបាលខេត្ត​សៀម​រាម​គឺ លោក ទៀ សីហា​។​

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២ ខែសីហា​។ ចំណែក អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក​លោក ទៀ វិញ ប្រាប់​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ។

ក្រៅពី​ការ​បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការសាងសង់​កំពង់ផែ​រាម​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ លោក​ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​មន្ត្រី​យោធា​កំពូលៗ​របស់​ចិន​តាំងពី​នៅ​មុន និង​ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​។ លើស​ពី​នេះ លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន បាន​លើកឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​វិស័យ​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​បង្ហាញ​ការ​ជឿទុកចិត្ត​គ្នា​ក្នុង​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ។

កាល​ពីដើម​ខែកុម្ភៈ កម្ពុជា និង​ចិន​បាន​ឯកភាព​គ្នា​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​យោធា​គ្រប់​លំដាប់​ថ្នាក់ ដោយ​ចាប់​យក​សក្ដានុពល​តាម​រយៈ​ការ​ពង្រឹង​ការផ្លាស់ប្ដូរ​កងកម្លាំង​រវាង​កម្ពុជា​ចិន ក្នុង​ការ​ធ្វើ​សមយុទ្ធ ការ​ហ្វឹកហ្វឺន​រួមគ្នា ការ​បណ្ដុះបណ្ដាល​យោធា និង​ភស្តុភារ​កម្ម​ក្នុង​កិច្ចការពារ​សន្តិសុខ​ពហុភាគី​ជាដើម។

អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​ជា​សកម្មជន​សង្គម លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រសិនបើ​កម្ពុជា​នៅតែ​លម្អៀង និង​បន្ត​ទទួល​ជំនួយ​ពី​ប្រទេស​ចិន​កុម្មុយនីស្ត​តែ​ម្ខាង​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​យោធា​នោះ​កម្ពុជា​នឹង​អាច​ប្រឈម​ធ្លាក់​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ។ លោក​ជំរុញ​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​ដៃគូ​គ្រប់​ភាគី​ចូល​ត្រួតពិនិត្យ​កន្លែង​សាងសង់​ទំនើបកម្ម​រាម​ប្រកប​ដោយ​តម្លាភាព ជាជាង​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បដិសេធ​ចំពោះ​កង្វល់​របស់​អាមេរិក​អំពី​វត្តមាន​មូលដ្ឋានទ័ព​ចិន​លើ​ទឹកដី​ខ្មែរ​។ ក្រៅពី​នេះ កម្ពុជា​គួរ​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ទំនើបកម្ម​ក្របខណ្ឌ​វិស័យ​យោធា​ពី​ដៃគូ​ចម្រុះ​ភាគី ដើម្បី​ធានា​ឱ្យ​កម្ពុជា​មាន​អព្យាក្រឹត្យ និង​មិន​លម្អៀង​ទៅកាន់​មហា​អំណាច​ណាមួយ ដែល​ធ្វើ​ឱ្យ​ខាតបង់​ផលប្រយោជន៍​ជាតិ។

លោក លី ចាន់ដារ៉ាវុត៖ «ពិភពលោក​គឺ​ផ្ដោត​នៅ​លើ​កម្ពុជា​មែនទែន​ចំពោះ​ភាព​ដែល​អាច​ទៅរួច​នៃ​ការ​មាន​មូលដ្ឋានទ័ព​ចិន​នៅក្នុង​ប្រទេស​កម្ពុជា។ ប្រសិនបើ​មាន​ណា​មូលដ្ឋាន​កងទ័ព​ចិន​ហ្នឹង​មែន​វា​គឺជា​ការ​ដើរ​ចេញ​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​កិច្ចព្រមព្រៀង​ហ្នឹង​គឺ​វា​សំខាន់​មែនទែន​នៅក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​។ ខ្ញុំ​មិន​ដឹង​ថា តើ​មេដឹកនាំ​យើង​ចង់​ការពារ​ប្រទេស​យើង​ត្រូវ​ប្រើប្រាស់​កម្លាំង ឬក៏​ប្រើប្រាស់​ច្បាប់​ទេ។ ប៉ុន្តែ​ឃើញថា ប្រសិនបើ​យើង​ការពារ​ដោយ​ប្រើប្រាស់​កម្លាំង​របស់​បរទេស​ណាមួយ​ដែល​អាង​ទៅលើ​បរទេស​ណាមួយ​ប្រទេស​យើង​នឹង​មិន​បាន​សុខ​ទេ ហើយ​គង់តែ​ឆេះ​ដូចគ្នា ព្រោះថា គ្មាន​បរទេស​ណា​មក​ការពារ​កម្ពុជា​ដោយ(Free)ដោយ​គ្មាន​អត្ថប្រយោជន៍​ចេញពី​ការពារ​ហ្នឹង​ទេ»។

ចំណែក អ្នកវិភាគ​នយោបាយ លោក គឹម សុខ វិញ​មើល​ឃើញ​ថា ការណ៍​ដែល​លោក ទៀ បាញ់ លើក​សរសើរ​អំពី​ភាព​រីកចម្រើន​នៃ​វិស័យ​ការពារ​ជាតិចិន គឺ​មិនអាច​ជំរុញ​ឱ្យ​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា​រីកចម្រើន​បាន​ទេ​។ លោក​ថា ផ្ទុយទៅវិញ​វា​ជា​ការ​បង្ហាញថា កម្ពុជា​មិន​បាន​រក្សា​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន និង​លម្អៀង​ទៅ​រក​ចិន​កុម្មុយនីស្ត។

លោក គឹម សុខ បន្ថែម​ទៀត​ថា សកម្មភាព​លោក ទៀ បាញ់ រណប​អែបអប​ចិន​តាមរយៈ​ការ​លើក​សរសើរ​បែប​នេះ​ទំនង​លោក ទៀ បាញ់ បង្ហាញ​ពី​ភក្ដីភាព​របស់​ខ្លួន​ទៅកាន់​ចិន ដើម្បី​ជួយ​ការពារ​អំណាច​ក្រុម​គ្រួសារ​របស់​លោក​ក្នុង​រដ្ឋាភិបាល​ជំនាន់​ថ្មី។

លោក គឹម សុខ៖ «​ចិន​ជំរុញ​ឱ្យ លោក ទៀ បាញ់ ធ្វើ​សកម្មភាព​ពន្លឿន​ការ​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម​ឱ្យ​ឆាប់ ពីព្រោះ​ចិន​ទំនងជា​មិនសូវ​រំពឹង​ថា រដ្ឋាភិបាល​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​អាច​នៅ​យូរអង្វែង​នោះ​ទេ គឺ​បើ​ដួល​រលំ​ឆាប់​ក៏​នាំ​ឱ្យ​បរាជ័យ​ទាំង​ស្រុក​នៅ​ផែនការ​មូលដ្ឋាន​កងទ័ព​ជើង​ទឹកសមុទ្រ​រាម​របស់​ចិន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។​ចិន​បារម្ភ​ចំណុច​នេះ​ខ្លាំង​ណាស់»។

រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា បាន​លួច​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​បោះទីតាំង​ឈរជើង​នៅ​លើ​ទឹកដី​ខ្មែរ​។ លើស​ពី​នេះ​ទៀត មូលដ្ឋាន​ទ័ពជើងទឹក​រាម​ដែល​អាមេរិក​សង្ស័យ​មាន​វត្តមាន​យោធា​ចិន​នោះ​បាន​ប្រែប្រួល​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​។ សំណង់​ថ្មីៗ មួយចំនួន រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត បាន​លេចចេញ​ជា​រូបរាង​ឡើង ខណៈ​មន្ត្រី​កម្ពុជា វាយកម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​ដោយ​គ្មាន​ជូនដំណឹង​ជាមុន ព្រមទាំង​មាន​សកម្មភាព​បូម​ខ្សាច់​ស្ដារ​ជម្រៅ​ទឹកសមុទ្រ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ជាដើម​។ របាយការណ៍​ចុងក្រោយ​របស់​កាសែត​ល្បីឈ្មោះ​របស់​អាមេរិក ឌឹ វ៉លស្ទ្រីត ជ័​រណល (The Wall Street Journal)អះអាង​ថា កម្ពុជា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​មូលដ្ឋាន​ទ័ព និង​បណ្ដាញ​គាំទ្រ​ភស្តុភារ​របស់​យោធា​ចិន​ក្នុង «​គម្រោង​១៤១» ឬ​Project141 ដែល​ផែនការ​សម្ងាត់​របស់​កង​ទ័ព​រំដោះប្រជាជន​ចិន (PLA) គឺ​ដើម្បី​ពង្រីក​មូលដ្ឋានទ័ព និង​បណ្ដាញ​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។