កម្ពុជា​រង់​ចាំ​សហការ​នឹង​ភាគី​ថៃ​ចាប់​បញ្ជូន​ជន​សង្ស័យ​ខ្មែរ​ពីរ​នាក់ ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា ដីកា​របស់​តុលាការ​ថៃ តាម​ចាប់​​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន គឺ​ជា​ដីកា​អត់​ប្រយោជន៍ បើ​ភាគី​ថៃ​មិន​ស្វះស្វែង​រក​កិច្ច​សហការ​អនុវត្ត​ដីកា​នេះ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ផ្ទាល់។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ការ​ទាមទារ​យ៉ាង​ទទូច ពី​សំណាក់​ក្រុម​គ្រួសារ​លោក លិម គិមយ៉ា ប្រជាពលរដ្ឋ​ខ្មែរ និង​ក្រុម​អ្នក​ការ​ទូត ឱ្យ​ចាប់​បញ្ជូន​ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់ ទៅ​ឱ្យ​តុលាការ​ថៃ​អនុវត្ត​នីតិវិធី​ជំនុំ​ជម្រះ​ក្ដី។

រដ្ឋាភិបាលបដិសេធការពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី២៨ ខែកុម្ភៈ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក លិម គិមយ៉ា ឡើយ ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​មិន​អនុញ្ញាត​ឱ្យ​ចាប់​បញ្ជូន​ជន​ជាតិ​ខ្មែរ​ណា​ម្នាក់​ទៅ​ឱ្យ​ប្រទេស​ដទៃ​ដែរ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា កាល​បើ​មាន​ករណី​ចាំ​បាច់ ក៏​អាច​សុំ​យោបល់​ជា​គោល​ការណ៍​ពី​ថ្នាក់​ដឹក​នាំ​កំពូល ដើម្បី​រក​​ដំណោះស្រាយ​ដែរ។

លោក ខៀវ សុភ័គ ថ្លែង​ថា ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ មិន​អាច​ហោះ​ទៅ​ចាប់​ លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ពី​កម្ពុជា​បាន​ទេ។ ដូច្នេះ​លោក​ថា ទាល់​តែ​ភាគី​ថៃ​ស្វះ​ស្វែង​រក​កិច្ច​សហការ​ជាមួយ​កម្ពុជា ដើម្បី​អនុវត្ត​ប្រតិបត្តិការ ស្រប​តាម​គោល​ការណ៍​ច្បាប់​របស់​ប្រទេស​នីមួយៗ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​​រង់​ចាំ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ។

លោក ខៀវ សុភ័គ៖ «ដីកា​ហ្នឹង ចេញ​ហោះ​មក​ចាប់ ដីកា​ហ្នឹង​មក​ចង​យក​មនុស្ស​[ជន​សង្ស័យ]ទៅ​ម៉េចបើ​មនុស្ស[សមត្ថកិច្ច​ថៃ]មិន​មក?ឥឡូវ​ដីកា​ចេញ​មក​ហើយ​ ចេញ​ឱ្យ​អ្នក​ណា​អនុវត្ត តើ​ដីកា​របស់​ថៃ​ឱ្យ​សមត្ថកិច្ច​ខ្មែរ​អនុវត្ត​បាន​ទេ?[ខ្ញុំ]សួរ?ដីកា​របស់​ថៃ​ហ្នឹង​ចាប់​ខ្លួន​បញ្ជា​មក​សមត្ថកិច្ច​កម្ពុជា​អនុវត្ត​ឈ្មោះ​ហ្នឹង មាន​ចែង​អ៊ីចឹង​ទេ?បញ្ជា​មក​សមត្ថកិច្ច​កម្ពុជា​ឱ្យ​ចាប់​ខ្លួន​ជន​ពីរ​នាក់​បញ្ជូន​ទៅ​ថៃ មាន​ចែង​អត់?អា​ហ្នឹង​ម៉េច?ដូច្នេះ ត្រូវ​រក​វិធី ដើម្បី​សហការ​គ្នា ដើម្បី​អនុវត្ត​ដីកា​ហ្នឹង​ឱ្យ​ច្បាស់លាស់​មើល ឱ្យapproach[ចូល​ឱ្យ​ដល់]រដ្ឋាភិបាល​មើល​បញ្ជូន​មក​ពាក់ព័ន្ធ​គ្នា​មើល។ តើ​ដីកា​វា​ហោះ​ពី​បាងកក​មក​ចាប់​អា​ពីរ​នាក់​ទៅ ឬ​ម៉េច?ដីកា​ហ្នឹង​វា​ជិះ​យន្ត​ហោះ​ពី​បាងកក​មក​ចាប់​ពីរ​នាក់​ហ្នឹង ដីកា​ហ្នឹង​វា​ចង​ពីរ​នាក់​ទៅ​យ៉ាង​ម៉េច?សូម្បី​តែ​ដីកា​របស់​កម្ពុជា បង្គាប់​មក​សមត្ថកិច្ច​របស់​កម្ពុជា​ ដើម្បី​ចាប់​ខ្លួន។ សូម្បី​តែ​តុលាការ​កម្ពុជា ក៏​ចេញ​បង្គាប់​ដែរ។ ដីកា​ហ្នឹង​ដីកា​ឥត​ប្រយោជន៍។ នេះ​មាន​តែ[វិធី]មួយ​ទេ។ យើង​រង់ចាំ​សហការ​ជាមួយ​គ្នា ដើម្បី​អនុវត្ត​កិច្ចការ​ផ្សេងៗ តាម​ច្បាប់​ប្រទេស​នីមួយៗ អនុញ្ញាត​ប៉ុណ្ណឹង»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​​ការ​លើក​ឡើង​នេះ​ពី​ស្ថាន​ទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ។

ការ​លើក​ឡើង​របស់​លោក ខៀវ សុភ័គ ខណៈ​ករណី​នៃ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ គឺ​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន បញ្ជូន​ទៅ​ឱ្យ​តុលាការ​ថៃ ដំណើរ​ការ​នីតិវិធី​ជម្រះ​សេចក្ដី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នៅ​តែ​ជា​ការ​ទាមទារ​យ៉ាង​ទទូច ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្រុម​អ្នក​ការ​ទូត។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ ខែកុម្ភៈ​ថា លោក​មិន​រំពឹង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ នឹង​ចាប់​បញ្ជូន​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​ភាគី​ថៃ​ងាយៗ នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា ដើម្បី​បង្កើន​ឥទ្ធិពល​ជំរុញ​ឱ្យ​មាន​ការ​ចាប់​បញ្ជូន​អ្នក​ទាំង​ពីរ ទៅ​ឱ្យ​តុលាការ​ព្រហ្មទណ្ឌ​ថៃ​អនុវត្ត​នីតិវិធី គឺ​ទាល់​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ស្រឡាញ់​យុត្តិធម៌​ទូទាំង​ពិភព​លោក ជា​ពិសេស ​ក្រុម​គ្រួសារ​លោក លិម គិមយ៉ា ប្រឹង​ប្រែង​ទាមទារ​ឱ្យ​ភាគី​បារាំង និង​ថៃ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ។

លោក វ៉ន ចាន់ឡូត៖ «ត្រូវ​ជំរុញ​ទាំង​អស់ គឺ​ជំរុញ​ទាំង​បារាំង និង​ទាំង​ថៃ ហើយ​បើ​កាល​ណា​ប្រទេស​ថៃ​ចាប់​ផ្ដើម​សកម្ម ហើយ​ប្រទេស​បារាំង​ចាប់​ផ្ដើម​សកម្ម។ ខ្ញុំ​យល់​ថា កម្ពុជា​នឹង​ពិបាក​នៅ​ក្នុង​ការ​បដិសេធ ក្នុង​ការ​ធ្វើ​ការ​សហការ»។

កិច្ចប្រឹប្រែងរបស់​ទូតបារាំង​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា

ក្នុង​កិច្ច​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​បារាំង​ដែរ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) បាន​ជួប​ជាមួយ​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​កូន​ប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ដើម្បី​ពិភាក្សា​អំពី​វិធានការ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​របស់​ប្រទេស​ថៃ ជុំវិញ​ឃាតកម្ម​លោក លិម គិមយ៉ា។ លោក​ឯកអគ្គរដ្ឋទូត​ថា ប្រទេស​បារាំង ក៏​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​ស៊ើបអង្កេត ដែល​ធ្វើឡើង​ដោយ​ប្រទេស​ថៃ​ដែរ ដើម្បី​ស្វែង​រក​ការ​ពិត​ចំពោះ​ករណី​នេះ។

ជំនួប​ជាមួយ​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឌី វិជ្ជា នេះ ធ្វើ​ឡើង​បន្ទាប់​ឯកអគ្គរដ្ឋទូត​បារាំង បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ម្ដង​រួច​ហើយ កាល​ពី​ថ្ងៃ​ទី២៣ ខែមករា ដោយ​បាន​រំឭក​លោក ប្រាក់ សុខុន ថា ភាគី​បារាំង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស៊ើប​អង្កេត​ស្ដី​ពី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​បារាំង និង​ជា​សមាជិក​បក្ស​ប្រឆាំង​កម្ពុជា។

Jacques_Pellet_French_Ambassador_talks_with_Dy_Cichea_about_Lim_Kimya_murder_case_022425_1.jpeg
ជំនួប​រវាងឯក​អគ្គរដ្ឋទូត​បារាំង​​ប្រចាំ​នៅ​កម្ពុជា​​ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ​​ជា​មួយ​​​​អគ្គស្នងការ​រង​នគរបាល​ជាតិ​​លោក ឌី វិជ្ជា កាលពីថ្ងៃទី២៤ កុម្ភៈ ២០២៥។ រូប៖ ហ្វេសប៊ុក Ambassade de France au Cambodge

អត្ថបទដែលទាក់ទង៖

លោក សម រង្ស៊ី ជំរុញ​លោក ជា វិជ្ជា ឱ្យ​សហការ​ជាមួយ​បារាំង វែក​មុខ​មេខ្លោង​សម្លាប់​លោក លិម គិមយ៉ា

អគ្គរដ្ឋទូតបារាំងជួបលោក ជា វិជ្ជា ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ខ្មែរ គឺ​លោក លី រតនរស្មី ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

ជនសង្ស័យ ដែល​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​បាងកក អាជ្ញាធរ​ចាប់បាន​នៅ​ក្នុង​ទឹកដី​ខ្មែរ

អតីតតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ

លោក លិម គិមយ៉ា ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ ឈ្មោះ ឯកាឡាក់ ផែណយ (Ekkalak Phaenoi)បាញ់​សម្លាប់​នៅ​ទី​ក្រុងបាងកក កាល​ពី​ថ្ងៃ​ទី៧ ខែមករា ដែល​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជិត​ពីរ​ខែ​ហើយ។ ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ទៀត គឺ​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ដែល​ស្ថិត​នៅ​កម្ពុជា​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ចាប់​បញ្ជូន​ទៅ​ឱ្យ​តុលាការ​ថៃ​អនុវត្ត​ដំណើរ​ការ​ក្ដី​ឡើយ។ ការ​សំងំ​ស្ងៀម មិន​ចេញ​ប្រតិបត្តិការ​ចាប់​អ្នក​ទាំង​ពីរ មាន​រយៈពេល​ប្រមាណ​មួយ​ខែ​ហើយ បន្ទាប់​ពី​មាន​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ និង​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល (Interpol) ចេញ​សេចក្ដី​សម្រេច​តាម​ចាប់​ខ្លួន​ពួក​គេ។

ទាំង​លោក លិម តូម៉ា និង​ភរិយា​លោក លិម គិមយ៉ា គឺ​លោកស្រី លិម អានី ចាត់​ទុក​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​រឿង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។