មន្ត្រីគណបក្សភ្លើងទៀន ថាប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅឡើយ ទោះបីដំណើរការនៃការចុះឈ្មោះបានចាប់ផ្ដើមទៅហើយក្ដី។ ពួកគាត់ថា បញ្ហានេះបណ្ដាលមកពីប្រជាពលរដ្ឋមិនទទួលបានព័ត៌មានគ្រប់គ្រាន់ បញ្ហាជីវភាព និងការចំណាកស្រុក។ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតថា គ.ជ.ប និងរដ្ឋសភា គួរមានការទទួលខុសត្រូវលើបញ្ហានេះ និងសម្រួលប្រជាពលរដ្ឋឱ្យមានលទ្ធភាពចុះឈ្មោះបោះឆ្នោតងាយស្រួលជាងមុន។
មន្ត្រីគណបក្សភ្លើងទៀននៅតាមសាលាឃុំ-សង្កាត់មួយចំនួនលើកឡើងថា មកទល់ពេលនេះមានអ្នកមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅមានចំនួនតិចតួចនៅឡើយ។
ជំទប់ទី២ នៃគណបក្សភ្លើងទៀននៅឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប អ្នកស្រី សន ឡាត់ ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី២២ តុលា ថា នៅឃុំពាក់ស្នែង មន្ត្រីគ.ជ.ប បានចាប់ផ្ដើមទទួលចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត៣ថ្ងៃមកហើយ។ អ្នកស្រីបន្តថា ចាប់តាំងពី គ.ជ.ប ប្រកាសឱ្យដំណើរការចុះឈ្មោះ បាន២ថ្ងៃមក មានអ្នកពិនិត្យ និងចុះឈ្មោះ ត្រឹមតែជាង១០នាក់ ប៉ុណ្ណោះ។ អ្នកស្រី ព្រួយបារម្ភថា ពលរដ្ឋនឹងបាត់បង់សិទ្ធិក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកសភាតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រីបន្ថែមថា បញ្ហានេះកើតឡើងដោយសារ ការផ្លាស់ប្ដូរទីលំនៅ បញ្ហាចំណាកស្រុកទៅធ្វើការក្រៅប្រទេស និងបញ្ហាជីវភាព ដែលបណ្ដាលឱ្យពួកគេលែងខ្វល់ខ្វាយពីការជ្រើសរើសមេដឹកនាំប្រទេសជាតិតទៅទៀត។ ជំទប់ទី២រូបនេះ បន្តថា ក្នុងករណីនេះ បញ្ហាមួយចំនួន គឺលើសពីដែលសមត្ថភាពរបស់អាជ្ញាធរមូលដ្នាន និងមានតែអាជ្ញាធរថ្នាក់ជាតិប៉ុណ្ណោះដែលអាចដោះស្រាយបាន៖
«រយៈកាលកន្លងមកប្រជាពលរដ្ឋខ្ញុំអត់ដែលសូវចាប់អារម្មណ៍រឿងពិនិត្យ (បញ្ជី)ឈ្មោះ ជួនកាលគេចំណាកស្រុកទៅថៃ ទៅធ្វើការនៅភ្នំពេញ ទៅធ្វើការនៅឆ្ងាយៗក្រៅខេត្តទៅ វាបណ្ដាលឱ្យគ្មាននឹកឃើញថាមកចុះឈ្មោះ (បោះឆ្នោត)»។
ស្រដៀងគ្នានេះដែរ ជំទប់ទី២ នៃគណបក្សភ្លើងទៀននៅឃុំព្រែកនរិន្ទ លោក សុខ សុភក្តិ ឱ្យដឹងដែរថា នៅថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោតមានប្រជាពលរដ្ឋចុះឈ្មោះតែជាង១០នាក់ប៉ុណ្ណោះ និងមិនទាន់ឃើញមានអ្នកណាមកពិនិត្យបញ្ជីឈ្មោះនៅឡើយទេ។ លោកថា ពលរដ្ឋគ្រប់អាយុភាគច្រើនរង់ចាំឱ្យចុះឈ្មោះផ្ទាល់នៅក្នុងភូមិរបស់ពួកគេ ខណៈមួយចំនួនបានធ្វើចំណាកស្រុក និងមិនទាន់មាននរណាម្នាក់មកចុះឈ្មោះនៅឡើយ។ លោកបន្តថា ការចុះឈ្មោះបោះឆ្នោតក្នុងអាណត្តិនេះ បានជួបប្រទះនូវបញ្ហាមួយចំនួន ដូចជាការមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ ខ្វះការជូនដំណឹងពីអាជ្ញាធរមូលដ្ឋានទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដូចជានៅតំបន់បឹងទន្លេសាបជាដើម។ លោកស្នើឱ្យ គ.ជ.ប និងរដ្ឋាភិបាល គួរមានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ពិសេសពលករចំណាកស្រុកដោយសម្រួលឱ្យពួកគេមានលទ្ធភាពនិងភាពងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោត៖
«សុំឱ្យគាត់ (គ.ជ.ប និងរដ្ឋាភិបាលរៀបចំ) ឱ្យមានការចុះឈ្មោះបោះឆ្នោត ហើយបោះឆ្នោតតាមស្ថានទូត ឬចុះឈ្មោះតាមស្ថានទូតមក អាហ្នឹងខ្ញមសំណូមពរអ៊ីចឹង ព្រោះរដ្ឋាភិបាលយើងនឹងរឹងដៃ រឹងជើងហើយ យើងកុំនិយាយថាម៉ាត់ណាក៏ទើបតែរួចពីសង្គ្រាម ប្រទេសកំពុងអភិវឌ្ឍយើងកុំនិយាយអ៊ីចឹងអី»។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ជាពិសេសពលករចំណាកស្រុកខកខានក្នុងការចូលរួមបោះឆ្នោតស្ទើររាល់អាណត្តិ ដោយសារមានបញ្ហា ឬគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែម្ដង។ បញ្ហានេះកើតឡើង បណ្ដាលមកពីការខ្វះការជូនដំណឹង ទទួលព័ត៌មានមិនច្បាស់ ការខ្វះខាតឯកសារ បញ្ហាចេញចូលចូលព្រំដែន និងបញ្ហាជីវភាពដែលធ្វើឱ្យពួកគាត់មិនអាចមកស្រុកកំណើតចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះឱ្យបានទាន់ពេលវេលា។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក សោម សូរីដា ដើម្បីសុំការបកស្រាយបាននោះទេនៅថ្ងៃទី២២ តុលា។
របាយការណ៍ គ.ជ.ប ឱ្យដឹងថា ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល២ថ្ងៃនេះនោទូទាំងប្រទេស មានចំនួនសរុបជាង ៣ម៉ឺននាក់(៣២,១៦៥នាក់) លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជាង ៥ពាន់នាក់(៥,៨៥៧នាក់) និងកែតម្រូវទិន្នន័យចំនួនជាង ៩រយនាក់(៩៩៤នាក់)។
ទាក់ទិនបញ្ហានេះ អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស លើកឡើងថា បញ្ហាលទ្ធភាពរបស់ពលករចំណាកស្រុកចូលរួមក្នុងការបោះឆ្នោតត្រូវបានអង្គការសង្គមស៊ីវិលលើកយកទៅពិភាក្សាជាមួយគណៈកម្មាការជាតិរៀបចំការបោះឆ្នោតច្រើនដងមកហើយ តែស្ថាប័នមួយនេះនៅតែអះអាងថាមិនស្ថិតនៅក្នុងដែនការងាររបស់ខ្លួន។ លោកបន្តថា បញ្ហាពលករចំណាកស្រុកជាការទទួលខុសត្រូវរបស់រដ្ឋសភា ដែលតម្រូវឱ្យស្ថាប័នមួយនេះត្រូវមានការគិតគូរ រកដំណោះស្រាយ និងជួយសម្រួលដល់ការចុះឈ្មោះ និងចូលរួមបោះឆ្នោតរបស់ពលករចំណាកស្រុក។ យ៉ាងណាលោកថា បញ្ហានេះអាចលើកយកទៅនិយាយក្នុងរដ្ឋសភាបានលុះត្រាតែមានការសហការពីគ.ជ.ប ក្នុងការជូនដំណឹងទៅកាន់ស្ថាប័នកំពូលមួយនេះ៖
«អ៊ីចឹងបញ្ហានេះ គឺជាបន្ទុករបស់សភា ដែលជាអ្នកទទួលខុសត្រូវ ក្នុងដំណើររឿងទាក់ទងជាមួយនឹងប្រជាពលរដ្ឋដែលមិនអាចចុះឈ្មោះ (បោះឆ្នោត) បានក្រៅប្រទេស។ […] ហើយនៅត្រូវនៅប៉ះពាល់ជាមួយស្ថាប័នរបស់រដ្ឋាភិបាលទៀតដែលត្រូវធ្វើកិច្ចការងារទាំងអស់ហ្នឹង តែរឿងសំខាន់គឺថា ស្ថាប័នពីរនេះ សភាជាតិ ជាមួយនឹង គ.ជ.ប ដែលសំខាន់ក្នុងការដោះស្រាយបញ្ហាហ្នឹង»។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល៥០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ចំណែកការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ចាប់ផ្ដើមពីថ្ងៃទី២០ ខែកញ្ញានេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ដោយឡែកការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ចាប់ផ្ដើមនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា ចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ មានចំនួនសរុបប្រមាណ ៩លាន២សែននាក់ និងមានអ្នកចូលរួមបោះឆ្នោតសរុបប្រមាណ ៧លាន៣សែនាក់ ឬស្មើនឹង ៨០.១៩%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
